នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូតសង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើងដដែលៗរហូតស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធគិតក្នុងសង្គម។ បាតុភូតសង្គមនោះគឺ«ទាល់តែមនុស្សស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀបរាប់ពីគុណសម្បត្តិ ហើយទាល់តែវត្ថុឬកេរដំណែលត្រូវបាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញក្តីស្រឡាញ់ជាតិ»។ សំណួរពញ្ញាក់មនសិការដែលយើងជាពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើងមានថាមពលនិងពូកែខាងបង្ហាញការសោកសៅចំពោះអ្វីដែលបាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់អ្វីដែលកំពុងមាននៅក្នុងដៃ និងមនុស្សដែលកំពុងមានជីវិតរស់នៅ?
ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថា ផ្នត់គំនិត “ចាំស្តាយក្រោយ” នេះមិនមែនគ្រាន់តែជាវិបត្តិនៃអារម្មណ៍បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាគឺជា “វិបត្តិមនសិការរួម» និងជា “វិប្បដិសារីសង្គម” ដែលកំពុងរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍនិងការបណ្តុះស្មារតីម្ចាស់ការរបស់សង្គមជាតិទាំងមូល។
នៅពេលដែលមនុស្សរស់—ជាពិសេសអ្នកមានសមត្ថភាព អ្នកច្នៃប្រឌិត អ្នកដឹកនាំគំរូ និងអ្នកធ្វើការដើម្បីប្រយោជន៍សង្គម—មិនទទួលបានការលើកទឹកចិត្ត គាំទ្រ ឬផ្តល់តម្លៃឱ្យបានសមស្របពីបរិយាកាសជុំវិញខ្លួន ពួកគេនឹងធ្លាក់ក្នុងស្ថានភាពបាក់ទឹកចិត្តនិងអស់ថាមពលពីខាងក្នុង។ ផលវិបាកចុងក្រោយចំពោះសង្គមគឺ កង្វះធនធានមនុស្សសកម្ម និងការបាត់បង់ចលករនៃវឌ្ឍនភាពជាតិ។
ការផ្អើលធ្វើបុណ្យ លើកតម្កើង ឬសម្តែងការសោកស្តាយយ៉ាងគគ្រឹកគគ្រេងតែនៅពេលមនុស្សស្លាប់ទៅហើយ វាជាកាតព្វកិច្ចដ៏ប្រពៃមួយរបស់អ្នកនៅរស់។ ប៉ុន្តែជារឿយៗវាគ្រាន់តែជាការបំពេញមុខមាត់សង្គម ឬជាការបង្ហាញអារម្មណ៍សោកស្តាយដែលហួសពេលតែប៉ុណ្ណោះ។ វប្បធម៌បែបនេះ កំពុងបញ្ជូនសារដ៏ខុសឆ្គងមួយទៅកាន់មនុស្សទូទៅ ជាពិសេសយុវជនជំនាន់ក្រោយ ដោយធ្វើឱ្យពួកគេយល់ច្រឡំថា ការខិតខំប្រឹងប្រែង ភាពជាពលរដ្ឋសកម្មនិងការលះបង់របស់ពួកគេដើម្បីសង្គមជាតិនឹងគ្មានន័យ គ្មានអ្នកដឹងឮឡើយ លុះត្រាតែពួកគេលាចាកលោកនេះទៅ។ វាក៏បង្កើតឱ្យមានភាពព្រងើយកន្តើយចំពោះទ្រព្យសម្បត្តិវប្បធម៌ បេតិកភណ្ឌ និងបរិស្ថាន ដោយរង់ចាំរហូតដល់វត្ថុទាំងនោះរងការបំភ្លេចបំផ្លាញទើបនាំគ្នាបង្កើតចលនាស្រឡាញ់ជាតិមួយឆាវបែបភ្លើងចំបើង ដែលខ្វះចីរភាពនិងខ្វះយុទ្ធសាស្ត្រពិតប្រាកដ។
ការសម្តែងការសោកស្តាយនៅពេលហួសពេល វាមិនខុសពី «ការផ្តល់ឆ័ត្រឱ្យមនុស្សនៅពេលដែលភ្លៀងរាំងហើយនោះទេ»។ វាគ្មានតម្លៃ និងគ្មានផលចំណេញអ្វីឡើយសម្រាប់អ្នកដែលបានបាត់បង់ជីវិត ឬវត្ថុដែលត្រូវបានបំផ្លាញទៅហើយនោះ។
ផ្នត់គំនិតដែលត្រូវផ្លាស់ប្តូរពីការស្តាយក្រោយបែបអកម្ម មកជាម្ចាស់ការបែបបុរេសកម្ម
ដើម្បីកសាងសង្គមមួយដែលមានភាពចាស់ទុំខាងបញ្ញា និងស្មារតី យើងត្រូវរួមគ្នាបង្កើតរបត់ថ្មីមួយដោយបំប្លែង “ការសោកស្តាយបែបអកម្ម” (Passive Regret) មកជា “សកម្មភាពបែបបុរេសកម្ម” (Proactive Action) តាមរយៈការផ្លាស់ប្តូរទម្លាប់ផ្ទុយគ្នានៃការអនុវត្តជាក់ស្តែង។ យើងត្រូវហ៊ានលះបង់ចោលនូវវប្បធម៌ចាំផ្អើលចូលបុណ្យសពយ៉ាងគគ្រឹកគគ្រេង ឬចាំរៀបរាប់គុណសម្បត្តិលាចាកលោក ហើយងាកមកបង្កើតទម្លាប់ឧបត្ថម្ភជីវភាព ផ្ដល់សន្តិសុខ និងសេវាសុខភាពដិតដល់ដល់អ្នកលះបង់ដើម្បីសង្គមជាតិនិងធនធានមនុស្សចាស់ជរា ឬ នៅពេលដែលពួកគាត់កំពុងមានដង្ហើមរស់នៅវិញ។ ស្របពេលជាមួយគ្នានេះ ជំនួសឱ្យការចំណាយពេលសរសេរអត្ថបទកោតសរសើរយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមតែនៅពេលបុគ្គលណាម្នាក់ស្លាប់បាត់ទៅនោះ យើងត្រូវចេះបង្ហាញការគាំទ្រ លើកទឹកចិត្ត និងចែករំលែកស្នាដៃ គំនិតច្នៃប្រឌិត ព្រមទាំងគុណតម្លៃរបស់ពួកគាត់នៅថ្ងៃនេះ នាទីនេះ ដើម្បីជាកម្លាំងចិត្តឲ្យពួកគាត់បន្តបង្កើតផលវិជ្ជមាន។ ចំពោះទ្រព្យសម្បត្តិជាតិ វប្បធម៌ និងបរិស្ថាន ក៏ត្រូវបោះបង់ចោលដែរនូវទម្លាប់គិតបែបអសកម្ម ដែលរង់ចាំតែស្រែកស្តាយស្រណោះ និងជេរប្រកាសកំហុសនៅពេលបេតិកភណ្ឌរងការបំភ្លេចបំផ្លាញ ហើយត្រូវជំនួសមកវិញដោយការចូលរួមជាកម្លាំង ថវិកា និងយុទ្ធសាស្ត្រពិតប្រាកដ ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទ្រព្យសម្បត្តិជាតិឱ្យមានចីរភាពតាំងពីពេលនេះតទៅ។ លើសពីនេះទៅទៀត របត់ផ្នត់គំនិតដ៏សំខាន់បំផុត គឺការបញ្ឈប់ការមើលរំលងមនុស្សជុំវិញខ្លួន មិនថាក្នុងរង្វង់គ្រួសារ ឬមិត្តរួមការងារ ដោយចាត់ទុកទង្វើល្អរបស់ពួកគេជាកាតព្វកិច្ចធម្មតានោះឡើយ ពោលគឺត្រូវអនុវត្ត «កតញ្ញូតាធម៌បែបសកម្ម» (Active Gratitude) តាមរយៈការហ៊ានពោលពាក្យអរគុណ ស្ញប់ស្ញែង និងលើកទឹកចិត្តចំពោះមុខភ្លាមៗ ដើម្បីឱ្យផ្កាស្រឡាញ់ និងការឱ្យតម្លៃ អាចរីកស្គុសស្គាយនៅក្នុងចិត្តរបស់មនុស្សរស់ មុនពេលគ្រប់យ៉ាងហួសពេលនិងក្លាយជាវិប្បដិសារី។
យុទ្ធសាស្ត្រគន្លឹះ ៤ យ៉ាងដើម្បីបណ្តុះចរិតលក្ខណៈជាតិបែបឱ្យតម្លៃពេលរស់ ថែរក្សាពេលមាន
ដល់ពេលហើយ ដែលយើងទាំងអស់គ្នា ទាំងផ្នែកសាធារណៈ សង្គមស៊ីវិល និងវិស័យឯកជន ត្រូវរួមគ្នាផ្លាស់ប្តូរទម្លាប់ និងបង្កើតយន្តការចរិតលក្ខណៈពិតប្រាកដ៖
១) ការអប់រំចរិតលក្ខណៈ និង កតញ្ញូតាធម៌បែបសកម្ម (Character Education & Active Gratitude)៖ ការអប់រំគប្បីឈប់ផ្ដោតតែលើការបង្រៀនឱ្យស្គាល់វីរជនក្នុងសៀវភៅប្រវត្តិសាស្ត្រ តែត្រូវជំរុញការអប់រំចរិតលក្ខណៈ ដែលបង្រៀនឱ្យសិស្សានុសិស្សចេះស្វែងរក ផ្តល់តម្លៃ និងរៀនសូត្រពី “វីរជនរស់” ដែលកំពុងធ្វើសកម្មភាពវិជ្ជមាននៅក្នុងសហគមន៍ផ្ទាល់។ ការអប់រំត្រូវបណ្តុះទម្លាប់ឱ្យកុមារនិងយុវជនចេះមើលឃើញទង្វើល្អរបស់ដទៃ និងចេះបង្ហាញសេចក្តីដឹងគុណដោយសកម្ម មិនមែនដោយការស្ងៀមស្ងាត់នោះទេ។
២) យុទ្ធនាការ «អបអរសាទរឥឡូវនេះ» (Celebrate Now) ក្នុងប្រព័ន្ធផ្សព្វផ្សាយ៖ អ្នកបង្កើតមាតិកា (Content Creators) និងស្ថាប័នព័ត៌មានត្រូវងាកមកបង្កើតវេទិកាលើកតម្កើងស្នាដៃ គំនិតច្នៃប្រឌិត និងជីវិតរបស់បុគ្គលឆ្នើម សិល្បករ អ្នកធ្វើការងារសង្គម ឬបញ្ញវន្តក្នុងពេលដែលពួកគាត់មានសុខភាពល្អ និងមានជីវិតរស់នៅ ឱ្យបានច្រើនជាងមុន។ ការធ្វើបែបនេះ មិនត្រឹមតែផ្តល់ថាមពលដល់ពួកគាត់នោះទេ តែវាក៏ជាការសាបព្រោះគំរូល្អនិងភាពវិជ្ជមានទៅក្នុងចិត្តគំនិតរបស់យុវជនជំនាន់ក្រោយឱ្យចង់ធ្វើអំពើល្អ ផងដែរ។
៣) គោលនយោបាយគាំទ្រនិងយន្តការកសាងជាតិពិតប្រាកដ៖ រដ្ឋនិងស្ថាប័នពាក់ព័ន្ធត្រូវបង្កើតប្រព័ន្ធគាំទ្រពិតប្រាកដ។ ការផ្តល់តម្លៃត្រូវស្តែងចេញជាសន្តិសុខសង្គម ការផ្តល់ការទទួលស្គាល់ និងកញ្ចប់ថវិកាគាំទ្រសកម្មភាពពិតៗ ជាពិសេសសម្រាប់ធនធានមនុស្សចាស់ជរា និងសម្រាប់កេរដំណែលវប្បធម៌-បរិស្ថាន មិនមែនរង់ចាំតែយន្តការសង្គ្រោះបន្ទាន់ ឬថវិកាចូលបុណ្យសពនោះទេ។
៤) គ្រួសារជាសាលាបណ្តុះសន្តិសុខខាងផ្លូវចិត្ត៖ នៅក្នុងគ្រួសារ យើងត្រូវបង្កើតទម្លាប់ហ៊ាននិយាយពាក្យ «អរគុណ» «ខ្ញុំមានមោទនភាពចំពោះអ្នក» ឬ «ខ្ញុំស្រឡាញ់អ្នក» ទៅកាន់មនុស្សជុំវិញខ្លួននៅចំពោះមុខឱ្យបានញឹកញាប់ និងដិតដល់បំផុត។ គ្រួសារដែលចេះផ្តល់តម្លៃឱ្យគ្នាពេលរស់ គឺជារបងការពារផ្លូវចិត្តដ៏រឹងមាំបំផុតសម្រាប់សមាជិកម្នាក់ៗ។
សរុបមកសង្គមមួយដែលមានភាពចាស់ទុំខាងបញ្ញា ស្មារតី និងមានការអភិវឌ្ឍប្រកបដោយចីរភាព គឺសង្គមដែលចេះប្រើប្រាស់វប្បធម៌ “សរសើរពេលរស់ ថែរក្សាពេលមាន”។ ចលនាស្រឡាញ់ជាតិត្រូវតែប្លែងពីការឆេះបែបភ្លើងចំបើងមួយឆាវ ទៅជា “ពន្លឺបំភ្លឺផ្លូវ” ទើបមានចីរភាព។
សូមកុំចាំទាល់តែបាត់បង់ ទើបដឹងថាវាមានតម្លៃ ហើយក៏សូមកុំចាំទាល់តែលាចាកលោក ទើបបង្ហាញថាយើងស្រឡាញ់។ សកម្មភាពដែលឆ្លាតវៃ ទាន់ពេល និងមានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិ គឺការវិនិយោគលើការថែរក្សា លើកទឹកចិត្ត និងគាំទ្ររាល់មនុស្ស និងវត្ថុដែលកំពុងនៅចំពោះមុខយើងនៅថ្ងៃនេះ និងនៅពេលនេះ។ ការស្រឡាញ់ជាតិ និងមនុស្សជាទីស្រឡាញ់ មិនមែនជាកិច្ចការបង្ហើយកិច្ចពេលហួសពេលនោះទេ តែវាជាកាតព្វកិច្ចពលរដ្ឋដែលត្រូវធ្វើជាប្រចាំ ដើម្បីកុំឱ្យពាក្យថា “ស្តាយស្រណោះ” ក្លាយជាវិប្បដិសារីសង្គមដែលដេញតាមយាយីយើងមិនចេះចប់មិនចេះហើយ៕
ដោយ៖ ប៉ា ចន្ទរឿន,
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកបណ្តុះបណ្តាលការអភិវឌ្ឍភាពជាអ្នកដឹកនាំ។
