សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ដែលជាស្ថាប័នជាតិមួយរបស់ចិន មានតួនាទីសំខាន់ជំរុញការអភិវឌ្ឍវប្បធម៌ សិល្បៈ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសជាដៃគូ នៅជុំវិញពិភពលោក បានប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន។ ចំណែកក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅចិន Ping An ក៏បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នានេះដែរ។
លោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន បានបង្ហាញការប្តេជ្ញាបែបនេះ នៅពេលលោកជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ ដែលបានអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបការងារប្រកបដោយផ្លែផ្កានេះ លោក ហួត ហាក់ បានប្រាប់លោក Yang Xiaoyang និងសហការី ពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា, កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ព្រមទាំងបានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងជាប្រពៃណីដ៏រឹងមាំរវាងកម្ពុជា និងចិន ពិសេសការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ជាលទ្ធផល ភាគីទាំង២ បានឯកភាព «ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍» តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សិល្បៈទៅវិញទៅមក កិច្ចសហការក្នុងការការពារបេតិកភណ្ឌវប្បធម៌ ការជំរុញសិល្បៈភាពយន្ត វីដេអូ និងការច្នៃប្រឌិតវប្បធម៌ឌីជីថល ការអប់រំសិល្បៈ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវប្បធម៌ និងទេសចរណ៍។
ទន្ទឹមនឹងនេះ សមាគម នឹងរៀបចំសំណើគម្រោងលម្អិតជូនក្រសួងទេសចរណ៍ និងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរសកម្មភាពវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោលទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងពិភាក្សាបន្ថែមលើគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។
ដោយឡែក ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅប្រទេសចិន Ping An ក៏បានបង្ហាញការគាំទ្រពីគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា សម្រាប់ប្រជាជនចិន និងបង្ហាញបំណងចូលរួមជាមួយក្រសួងទេសចរណ៍ផ្តល់សេវាធានារ៉ាប់រងប្រកបដោយគុណភាពខ្ពស់ដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ។
លោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An បានលើកឡើងបែបនេះ នៅពេលលោក ហួត ហាក់ បានធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រង Ping An Property & Casualty Insurance Company of China នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី ១៥ ខែកក្កដា។
ដោយភាគីទាំងសងខាង បានឯកភាព «ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នា តាមរយៈការដាក់ចេញផែនការនិយោគលើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ ពិសេសការពង្រឹងប្រព័ន្ធធានារ៉ាប់រងរួមគ្នា កម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា»។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ping An នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ចទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគិនចិនលំដាប់ខ្ពស់ ដែលមានបំណងធ្វើទស្សនកិច្ចទេសចរណ៍ និងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោល (Focal Point) ទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងការត្រៀមសិក្សាស្វែងយល់ជាក់ស្តែងនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Ping An Property & Casualty Insurance Company of Chinaជាក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនធំជាងគេលើពិភពលោកលើផែ្នកទ្រព្យសកម្ម (1st in Asset size) និងក៏ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោកលើផ្នែកប្រាក់ចំណូល (1st in Revenue) ដែលមានអតិថិជនទូទៅ (Retail Customers) សរុបប្រមាណ ២៥១លាននាក់ និងអតិថិជនជាក្រុមហ៊ុន (Corporate Customers) ប្រមាណជាង ៤លានក្រុមហ៊ុន៕
