ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងដើម្បីកំណត់មុខសញ្ញាអ្នកដែលត្រូវបានរាយការណ៍ថា បានទារសំណូកពីក្រុមហ៊ុនជប៉ុនមួយក្នុងទឹកប្រាក់ ១០០០ដុល្លារដើម្បីចុះបញ្ជីកែប្រែក្រុមហ៊ុនកាលពីឆ្នាំ២០២១។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅថ្ងៃទី៩ កក្កដា ក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្រសួងបានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។
ការប្រកាសពីការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីការចុះផ្សាយរបស់សារព័ត៌មានជប៉ុនកាលពីថ្ងៃទី៧ ខែកក្កដា រួមមានទាំង The Japanese Times ដែលថា ប៉ូលិសជប៉ុនបានបញ្ជូនឯកសារ និងមន្ត្រីប្រតិបត្តិ២រូប និងអតីតទីប្រឹក្សាមួយរូបរបស់ក្រុមហ៊ុន Fujipassc នៅកម្ពុជា ទៅកាន់តុលាការពាក់ព័ន្ធនឹងការសូកប៉ាន់។
បើតាមកាសែត The Japanese Times ក្រុមហ៊ុនខាងលើបម្រើសេវាកម្មបញ្ជូនសិក្ខាកាមបច្ចេកទេសទៅកាន់ប្រទេសជប៉ុន ប៉ុន្តែដោយសារតែមានការរាតត្បាតជំងឺកូវីដ១៩ ក្រុមហ៊ុននេះបានជួបបញ្ហាហិរញ្ញវត្ថុ ហើយក៏បានប្ដូរព័ត៌មានលម្អិតរបស់ក្រុមហ៊ុននេះដើម្បីលក់ចេញ។ គឺនៅពេលប្ដូរព័ត៌មាននេះហើយដែលអ្នកបម្រើការផ្នែកចុះបញ្ជីកែប្រែក្រុមហ៊ុន ត្រូវបានរាយការណ៍ថាបានទារប្រាក់សំណូក។
កាសែតជប៉ុនបានចុះផ្សាយថា៖ «ភាគីក្រុមហ៊ុនត្រូវបានគេសង្ស័យថា បានផ្តល់សាច់ប្រាក់ប្រហែល ១,០០០ ដុល្លារដល់មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២១ ដើម្បីពន្លឿននីតិវិធីចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធ។ សំណូកនេះមានតម្លៃស្មើនឹងប្រាក់ឈ្នួលប្រចាំខែរបស់មន្ត្រីក្រសួងយ៉ាងតិចប្រាំខែ»។
កាសែតដដែលបន្តថា នាយកប្រតិបត្តិ Fujipassc ទាំងពីរបានយល់ព្រមបង់សំណូកនេះ ហើយបានណែនាំអតីតទីប្រឹក្សាក្រុមហ៊ុនបុត្រសម្ព័ន្ធឱ្យបង់ប្រាក់នោះ។
ស្របពេលប្រកាសពីការស៊ើបអង្កេតនេះ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើ ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួលនីតិវិធីចុះបញ្ជីពាណិជ្ជកម្មនិងសេវាសាធារណៈពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។
ក្រសួងបន្តថា ក្រុមហ៊ុន សហគ្រាសទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស-នីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង។
ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ១២៦៦ សម្រាប់ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈ របស់ក្រសួងជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) រួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។
បន្ថែមលើយន្តការនេះ កាលពីពេលថ្មីៗនេះ ក្រសួងបានធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការចុះបញ្ជី មានភាពកាន់តែសាមញ្ញ និងជំរុញការប្រើប្រាស់ប្រព័ន្ធនេះឲ្យដល់ ១០០%៕
