លំហូរពាណិជ្ជកម្មទំនិញរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) បានបោះជំហានទៅមុខកាន់តែប្រសើរ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារ កើនជិត ១/៤ដងបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈតំបន់ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រទេសសមាជិកអាស៊ានទាំង ១០ (ឆ្នាំ២០១២)។ បច្ចុប្បន្ន RCEP មានសមាជិកចំនួន ១៥ ប្រទេស ដោយ ១០ ប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសំខាន់ៗចំនួន ៥ ទៀតរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
ទិន្នន័យក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ការធ្វើពាណិជ្ជកម្មទំនិញរបស់ប្រទេសកម្ពុជា ជាមួយក្រុមប្រទេសសមាជិក RCEP នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារ កើនជិត ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយក្នុងនោះកម្ពុជានាំទំនិញទៅកាន់ប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ៥,៦ ពាន់លានដុល្លារ កើនជិត ១២% ខណៈទំនិញនៃក្រុមប្រទេស RCEP នាំចូលមកវិញមានចំនួនជាង ១៨ ពាន់លានដុល្លារ កើន ២៨%។
បើធ្វើការបែងចែក គឺការដោះដូរពាណិជ្ជកម្មជាមួយក្រុមប្រទេសសមាជិកអាស៊ាន មានទឹកប្រាក់ប្រមាណ ១០ ពាន់លានដុល្លារ កើនជិត ២២% ដែលក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ប្រហែល ៣ ពាន់លានដុល្លារ កើនឡើង ២% និងកម្ពុជានាំចូលពីទីផ្សារអាស៊ាន មានចំនួនជាង ៧ ពាន់លានដុល្លារ កើន ៣៣%។
ដោយឡែកសម្រាប់ប្រទេសជាសមាជិក RCEP ចំនួន ៥ ផ្សេងទៀត(ក្រៅសំបន់អាស៊ាន) គឺកម្ពុជា-ចិន មានទឹកប្រាក់ ១១,៦៤ ពាន់លានដុល្លារ កើនឡើង ២៥,៤%, កម្ពុជា-ជប៉ុន ១,៤៣ ពាន់លានដុល្លារ កើន ១៦,៩%, កម្ពុជា-កូរ៉េខាងត្បូង ៥៩៩,៧៣ លានដុល្លារ កើន ៣៦,៨%, កម្ពុជា-អូស្រា្តលី ៤៣៥ លានដុល្លារ កើន ៥១%, និងកម្ពុជា- នូវែលសេឡង់ ជាង ៣១ លានដុល្លារ កើន ២៨%។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៦ ខែកក្កដា ថា ការកើនឡើងនៃសមត្ថភាពផលិតកម្មនៅកម្ពុជា និងភាពល្អប្រសើរនៃទំនាក់ទំនងការទូតជាមួយប្រទេសជាច្រើនលើពិភពលោក បានជួយធ្វើឱ្យលំហូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនឡើងនៅស្ទើរគ្រប់គោលដៅ។ លោកបន្តថា កិច្ចព្រមព្រៀង RCEP កំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា តាមរយៈការបង្កើនសមត្ថភាពនាំចេញ-នាំចូលទំនិញរវាងប្រទេសសមាជិកទាំង ១៥។
លោកប្រាប់ទៀតថា អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ រួមមានការអនុគ្រោះពន្ធលើទំនិញផ្សេងៗ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងឱកាសការងារដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស(FDI)។
លោកបានថ្លែងថា៖««អត្ថប្រយោជន៍ ដែល RCEP បានផ្ដល់មកកម្ពុជា គឺមានទំហំធំធេងណាស់សម្រាប់ការនាំចេញរបស់កម្ពុជា ក៏ដូចជាការបង្កើនពាណិជ្ជកម្មពិភពលោកដែលជាការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP»។
ទាក់ទងនឹងចំនួនទឹកប្រាក់នាំចូលច្រើនជាងការនាំចេញ លោកពន្យល់ថា តួលេខនាំចូលច្រើនគឺមិនមែនជាក្តីបារម្ភនោះទេ ព្រោះទំនិញដែលកម្ពុជានាំចូលក្រោមកិច្ចព្រមព្រៀង RCEP គឺជាវត្ថុធាតុដើម គ្រឿងបន្លាស់ គ្រឿងបង្គុំរថយន្ដ និងប្រេង ដែលផលិតផលទាំងអស់នេះភាគច្រើនបានចូលរួមក្នុងផលិតកម្មកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បណ្តាប្រទេសសមាជិក RCEP តំណាងឱ្យប្រជាជនប្រហែល ២,២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលរួមចំណែក ២៦,២ ពាន់ពាន់លានដុល្លារនៃផលិតផលក្នុងស្រុកសរុប(GDP) ឬស្មើនឹងប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។
កាលពីឆ្នាំ២០២៥ ការផ្លាស់ប្តូរទំនិញរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទឹកប្រាក់ប្រមាណ ៤០,២ ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ៩,៨ ពាន់លានដុល្លារ កើនឡើង ៧,០១% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕
