វិនិយោគិនកម្ពុជាបានឈរនៅលើគេក្នុងនាមជាអ្នកបញ្ចេញទុនវិនិយោគច្រើនជាងគេនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ ខណៈតាមពីក្រោយដោយវិនិយោគិនចិន សិង្ហបុរី និងម៉ាឡេស៊ី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា នេះឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា (ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត) មានចំនួនសរុប ២៧៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤,៧ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ១៦០ ពាន់កន្លែង។
វិនិយោគិនកម្ពុជា គឺជាអ្នកដែលបានបញ្ចេញទុនវិនិយោគច្រើនជាងគេ ដោយមានចំណែក ៤១,៧៤% នៃចំនួនទុនវិនិយោគសរុប ៤,៧ ពាន់លានដុល្លារ តាមពីក្រោយដោយជនជាតិចិន ៣៥,៧៥%, សិង្ហបុរី ១៥,៣៨%, ម៉ាឡេស៊ី ៤,២៦% ក្រៅពីនោះរួមមាន ហូឡង់, កោះ British Virgin, កោះ Marshall, កោះ Samoa, ជប៉ុន និងសហរដ្ឋអាមេរិក។
CDC ឱ្យដឹងទៀតថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២៧៦ គឺមានគម្រោងចំនួន ១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១២០ ពាន់កន្លែងត្រូវបានចុះបញ្ជីដោយ CDC ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០៥, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៩។ ដោយ ឡែកគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១ លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ៣៥ ពាន់កន្លែង។
យោងតាម CDC គម្រោងដែលលេចធ្លោក្នុងឆមាសទី១ ឆ្នាំ២០២៦ មានដូចជា គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វស្វា, គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រ, គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគាររោងចក្រកែច្នៃផ្លែស្វាយ គ្រាប់ស្វាយចន្ទី ចេក ខ្មុរ, គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគារផលិតកម្មរោងចក្រស៊ីម៉ងត៍, គម្រោងបង្កើតរោងចក្រជ្រលក់ពណ៌, រោងចក្រផលិតក្រណាត់គ្រប់ប្រភេទ, រោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី, រោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី, សណ្ឋាគារផ្កាយ ៥, ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺពីព្រះអាទិត្យ, ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់, ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាស, រោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់, រោងចក្រផលិតក្រដាស, រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី, រោងចក្រផលិតគ្រឿងសង្ហារិមអគ្គិសនី, និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៥ ខែកក្កដា ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក និងបញ្ហាជម្លោះនៅព្រំដែនដែលបង្កឡើងដោយភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាក៏ដោយ ក៏កម្ពុជានៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទាក់ទាញឱ្យមានការបណ្តាក់ទុនថ្មីៗជាបន្តបន្ទាប់។ លោកបន្តថា កំណើនចំនួនគម្រោងស្នើសុំវិនិយោគ និងការអនុម័តពី CDC គឺដោយសារមានកត្តារួមផ្សំមួយចំនួនដូចជា ការសម្រេចបានជាបន្តបន្ទាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាលក្ខណៈទ្វេភាគី និងពហុភាគីជាមួយនឹងប្រទេសជាច្រើនលើពិភពលោក, ការដាក់ចេញគោលនយោបាយទាក់ទាញអ្នកវិនិយោគរបស់កម្ពុជា និងកត្តាកម្លាំងពលកម្មជំនាញផងដែរ។
លោកបាននិយាយថា៖ «លក្ខណពិសេសនៃទីតាំងភូមិសាស្ត្រ និងយុទ្ធសាស្ត្រទាំងអស់ខាងលើបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលកំពុងតែទាក់ទាញនូវចំណាប់អារម្មណ៍អ្នកវិនិយោគ និងភ្ញៀវទេសចរជាច្រើនឱ្យចូលមកប្រទេសកម្ពុជា»។
ជាមួយនឹងសុទិដ្ឋិនិយមខាងលើ លោក លឹម ហេង បានប្រាប់ទៀតថា៖ «អ្វីដែលពិសេសសម្រាប់រយៈពេលចុងក្រោយនេះ គឺខ្ញុំសង្កេតឃើញថា គម្រោងដែល CDC អនុម័ត គឺមានលក្ខណៈចម្រុះគួរឱ្យកត់សម្គាល់ ដែលមានទាំងឧស្សាហកម្មធុនស្រាល មធ្យម និងធ្ងន់។ មួយវិញទៀត ការកើនឡើងនៃចំនួនទុនវិនិយោគក្នុងស្រុក ក៏បញ្ជាក់ពីភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ»។
លោកពន្យល់ថា ការវិនិយោគដែលមានលក្ខណៈចម្រុះបែបនេះនឹងជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានលំនឹងកាន់តែខ្លាំង ព្រោះបើទីផ្សារនាំចេញផ្នែកណាមួយមានបញ្ហា គឺវាមិនអាចធ្វើឱ្យសេដ្ឋកិច្ចជាតិជាប់គាំងនោះទេ។
បើយោងតាម លោក លឹម ហេង ការចូលជាធរមានជាបន្តបន្ទាប់នៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មដែលកម្ពុជាបានធ្វើជាមួយប្រទេសជាច្រើននៅលើពិភពលោក និងកំណើនវិនិយោគដែលមានលក្ខណៈចម្រុះក៏កំពុងជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងរបស់កម្ពុជាលើប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាអាចនឹងបាត់បង់នាពេលខាងមុខដូចជា EBA និង GSP ផងដែរ៕
