Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ទស្សនៈ»ភាពចាំបាច់នៃការកំណត់ព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល»៖ មេរៀនអភិបាលកិច្ចឌីជីថល​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
    ទស្សនៈ

    ភាពចាំបាច់នៃការកំណត់ព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល»៖ មេរៀនអភិបាលកិច្ចឌីជីថល​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

    -By -July 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ការបង្ហោះដែលមានលក្ខណៈឯកជនលើផេកផ្លូវការរបស់ក្រសួងការបរទេស កាលពីថ្ងៃទី១៣ កក្កដា ២០២៦។ FB
    ការបង្ហោះដែលមានលក្ខណៈឯកជនលើផេកផ្លូវការរបស់ក្រសួងការបរទេស កាលពីថ្ងៃទី១៣ កក្កដា ២០២៦។ FB
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) មិនមែនគ្រាន់តែជា ឧបករណ៍សម្រាប់កម្សាន្ត ឬការទំនាក់​ទំនងទូទៅនោះទេ ប៉ុន្តែវាបានក្លាយជាស្ពាន​ចម្លងដ៏សំខាន់​និងជាមុខ​មាត់ផ្លូវការរបស់ស្ថាប័នរដ្ឋក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនិងអន្តរជាតិផងដែរ។ ថ្មីៗនេះ ការជែកដេញដោលយ៉ាងផុសផុលពីសំណាក់មហាជននៅលើបណ្តាញសង្គម ជុំវិញការបង្ហោះព័ត៌មាន​រឿងកូននិងជីវិតឯកជនរបស់មន្ត្រីជាន់ខ្ពស់នៅលើទំព័រហ្វេសប៊ុក ( Facebook Page) ផ្លូវការរបស់​ស្ថាប័នថ្នាក់ជាតិ បានរំលេចចេញនូវតម្រូវការចាំបាច់មួយ៖ ការពិនិត្យឡើងវិញ​និងការ ខណ្ឌសីមាឱ្យបាន​ដាច់ស្រឡះរវាង «កិច្ចការស្ថាប័ន» និង «កិច្ចការបុគ្គល» ដែលជាសសរស្ដម្ភនៃរដ្ឋបាល សាធារណៈ​ទំនើប។

    ជាការពិត ការអបអរសាទរទារកទើបនឹងកើត ឬការសួរសុខទុក្ខគ្នាក្នុងរង្វង់ការងារគឺជាសីលធម៌ សាមគ្គីភាព និងជាវប្បធម៌ដ៏ល្អប្រពៃរបស់សង្គមខ្មែរ។ ទោះជាយ៉ាងណា នៅពេលដែលសកម្មភាព​លក្ខណៈឯកជនទាំងនេះ ត្រូវបាននាំយកមកផ្សព្វផ្សាយនៅលើលំហផ្លូវការរបស់រដ្ឋបាលថ្នាក់ជាតិ វានឹ​ង​បង្កើតជាសំណួរភ្លាមៗអំពីស្តង់ដារវិជ្ជាជីវៈ និងទិដ្ឋភាពអភិបាលកិច្ច។

    ដើម្បីឈ្វេងយល់ថាហេតុអ្វីបានជាការគូសបន្ទាត់ព្រំដែននេះមានសារៈសំខាន់ចំពោះការវិវត្តនៃរដ្ឋបាល សាធារណៈ យើងគួរពិនិត្យលើទិដ្ឋភាពគន្លឹះចំនួន ៣៖

    ១. ម៉ាកសញ្ញាស្ថាប័ន (Institutional Branding) និងធនធានសាធារណៈ

    ទំព័រទំនាក់ទំនងផ្លូវការរបស់ក្រសួង ឬស្ថាប័នរដ្ឋ គឺជាទ្រព្យសម្បត្តិសាធារណៈ ដែលត្រូវបានបង្កើត និង​គ្រប់គ្រងដោយប្រើប្រាស់ថវិកាជាតិ (បានមកពីកម្លាំងពន្ធរបស់ប្រជាពលរដ្ឋ)។ វេទិកាទាំងនេះ​តំណាង​ឱ្យ «កិត្យានុភាពរបស់រដ្ឋ» ទាំងក្នុងបរិបទជាតិ និងនៅលើឆាកអន្តរជាតិ។ ដូច្នេះ រាល់ខ្លឹមសារដែលត្រូវ​ផ្សព្វផ្សាយត្រូវតែបម្រើឱ្យផលប្រយោជន៍សាធារណៈជាចម្បង ដូចជា ព័ត៌មានអំពីស្ថាប័ន​ ការផ្ដល់សេវា គោលនយោបាយ ឬការយល់ដឹងទូទៅ។ ការយកលំហសាធារណៈនេះមកលាយឡំជាមួយរឿងរ៉ាវ​ផ្ទាល់​ខ្លួនរបស់បុគ្គល ទោះក្នុងចេតនាល្អយ៉ាងណាក៏ដោយ ក៏អាចធ្វើឱ្យប៉ះពាល់ដល់ភាពម៉ឺងម៉ាត់ និងលក្ខណៈ​វិជ្ជាជីវៈ (Professionalism) នៃស្ថាប័ន ព្រមទាំងខុសពីគោលដៅដើមនៃការប្រើប្រាស់ធនធានរដ្ឋ។

    ២. អំណាចនៃតំណែង និងគោលការណ៍ស្ថាប័ននិយម

    ផ្អែកលើទស្សនទាននៃអភិបាលកិច្ចទំនើប អំណាច ឯកសិទ្ធិ និងឥទ្ធិពលទាំងឡាយ គឺភ្ជាប់ទៅនឹង «តំណែង និងស្ថាប័ន» មិនមែនជារបស់រូបវន្តបុគ្គលឡើយ។ មន្ត្រីសាធារណៈ គឺជាអ្នកគ្រប់គ្រង និងអនុវត្តអំណាច​នោះ​ជាបណ្ដោះអាសន្នដើម្បីបម្រើផលប្រយោជន៍រួម។

    ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋ ដើម្បីលើកកម្ពស់ ឬបង្ហាញពីជីវិតឯកជនរបស់ថ្នាក់ដឹកនាំ ងាយនឹងបង្កឱ្យមានការយល់ច្រឡំពីសាធារណជនថា ស្ថាប័នរដ្ឋកំពុងត្រូវបានចាត់ទុកជា «លំហផ្ទាល់ខ្លួន» ឬមានចរិតលក្ខណៈ «គ្រួសារនិយម» ដែលផ្ទុយស្រឡះពីគោលការណ៍ ស្ថាប័ននិយម (Institutionalism) ដែលរាជរដ្ឋាភិបាលកំពុងខិតខំកសាងនៅក្នុងរបៀបវារៈនៃការកែទម្រង់។

    ៣. គោលការណ៍សមធម៌ និងវប្បធម៌សាមគ្គីភាពផ្ទៃក្នុង

    នៅក្នុងស្ថាប័នរដ្ឋនីមួយៗ មានមន្ត្រីរាជការ និងបុគ្គលិករាប់រយរាប់ពាន់នាក់ ដែលកំពុងលះបង់កម្លាំងកាយ​ចិត្តបំពេញភារកិច្ចយ៉ាងសកម្ម និងស្ងៀមស្ងាត់។ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ជ្រើសរើសឆ្លុះបញ្ចាំង​តែរឿងរ៉ាវរីករាយឯកជនរបស់មន្ត្រីជាន់ខ្ពស់ តែខកខានមិនបានធ្វើដូចគ្នាចំពោះមន្ត្រីថ្នាក់ទាប ឬមន្ត្រីទូទៅ វានឹងបង្កើតឱ្យមានភាពខុសប្លែកគ្នាផ្នែកស្តង់ដារ (Double Standard) ដែលអាចប៉ះពាល់ដល់ទឹកចិត្ត​បំពេញ​ការងារ និងសាមគ្គីភាពផ្ទៃក្នុងស្ថាប័នទាំងមូល។

    ការលុបបំបាត់ «តំបន់ប្រផេះ» នៃអភិបាលកិច្ច៖ ការកំណត់ព្រំដែនឱ្យបានច្បាស់លាស់រវាងរឿងរដ្ឋ និង​រឿង​​បុគ្គលមិនមែនជាការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែវាជាខែលការពារដ៏រឹងមាំសម្រាប់ទាំងស្ថាប័ន និងខ្លួនមន្ត្រីផ្ទាល់ ឱ្យជៀសផុតពីការរិះគន់ ឬការចោទប្រកាន់អំពី «ទំនាស់ផលប្រយោជន៍» (Conflict of Interest)។ បើព្រំដែននេះស្រពិចស្រពិល វានឹងបង្កើតឱ្យមានតំបន់ប្រផេះ ដែលធ្វើឱ្យរង្គោះរង្គើ​ដល់​គណនេយ្យភាព។

    មាគ៌ាឆ្ពោះទៅរក «រដ្ឋបាលឌីជីថលទំនើប»

    ប្រតិកម្ម និងការរិះគន់ស្ថាបនាពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលនេះ មិនមែនជារឿង​អវិជ្ជមាន​​​ដែល​គួរព្រួយបារម្ភនោះទេ ប៉ុន្តែវាជាសញ្ញាណវិជ្ជមានដ៏សំខាន់មួយ។ វាបង្ហាញថា ពលរដ្ឋខ្មែរ ពិសេសស្រទាប់យុវជន មានការយល់ដឹងកាន់តែខ្ពស់ យកចិត្តទុកដាក់លើកិច្ចការសង្គម និងចង់ឃើញ​ការ​អនុវត្តការងាររដ្ឋបាលស្របតាមស្តង់ដារវិជ្ជាជីវៈខ្ពស់។

    សម្រាប់កម្ពុជា ដែលកំពុងស្ថិតក្នុងដំណាក់កាលរុញច្រានការកែទម្រង់រដ្ឋបាលសាធារណៈ និងការកសាង​រដ្ឋាភិបាលឌីជីថល ការផ្លាស់ប្តូរវប្បធម៌ការងារពី «បុគ្គលនិយម» មកជា «ស្ថាប័ននិយម» គឺជាដំណើរ​ការវិវត្តដ៏សំខាន់។ ដើម្បីសម្រេចបាននូវចំណុចនេះ ជំហានដំបូងនិងបន្ទាន់ គឺការបង្កើតនិងពង្រឹង «ពិធីការទំនាក់ទំនងឌីជីថលផ្លូវការ» (Official Digital PR Protocol) សម្រាប់ក្រុមការងារព័ត៌មាន និងអ្នកគ្រប់គ្រងបណ្តាញសង្គមនៃគ្រប់ស្ថាប័នរដ្ឋ ដោយផ្ដោតលើការហ្វឹកហ្វឺនវិជ្ជាជីវៈ និងការ​បង្កើន​សមត្ថភាពវិនិច្ឆ័យខ្លឹមសារ។

    ការរក្សាបាននូវភាពស្អាតស្អំ និងការបែងចែកដាច់ស្រឡះរវាង «រឿងរដ្ឋ និងរឿងបុគ្គល» ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ មិនត្រឹមតែជាការអនុវត្តវិន័យរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាជាគន្លឹះដ៏ពិតប្រាកដក្នុងការកសាង និងរក្សា​បាននូវ «ជំនឿទុកចិត្តសាធារណៈ» (Public Trust) ដែលជាគ្រឹះមិនអាចខ្វះបាននៃអភិបាលកិច្ចល្អ និង​ការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

    ដោយ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

    chanroeun.pa@cid.asia

    ១៤ កក្កដា ២០២៦

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    -

    Related Posts

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    បញ្ឈប់វប្បធម៌វិប្បដិសារីសង្គម, ពូនផ្តុំវប្បធម៌ឱ្យ​តម្លៃពេលរស់ ថែរក្សាពេលមាន

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.