ទោះធ្លាប់បានចាញ់គ្រប់ការប្រកួតទាំងអស់ សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូង ក្នុងព្រឹត្តការណ៍បាល់ទះជើងឯកអាស៊ាន កាលពីឆ្នាំ ២០២៥ (SEA V-League 2025) ប៉ុន្តែបច្ចុប្បន្នក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានចាប់ផ្តើមយ៉ាងល្អ ចំពោះការប្រកួតបើកឆាក SEA V-League 2026 ដែលទើបបានប្តូរឈ្មោះមកជា SEA V-Cup 2026។
សម្រាប់ការប្រកួតបើកឆាកប្រចាំពូល A នៅកីឡដ្ឋាន Candon City Arena នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១៥ ខែកក្កដានេះ ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញគុណភាពយ៉ាងល្អ ដើម្បីយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៣សិតទល់នឹង២សិត (៣-២) ជាមួយគ្រាប់បាល់ ២៥-២៣ ២៨-៣០ ២៥-២០ ២២-២៥ និង ១៥-៨។
លទ្ធផលនេះ ជាការបង្កើតបាននូវកំណត់ត្រាថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការចេញទៅប្រកួតប្រជែងនៅ SEA V-Cup 2026នេះ ហើយវាជាការលាងជម្រះនូវភាពអាម៉ាស សម្រាប់ការចាញ់ទាំង៨ប្រកួត នៅ SEA V-League 2025 ជាពិសេសគឺការសងសឹកទៅលើក្រុមហ្វីលីពីន ដែលពួកគេ ធ្លាប់បានចាញ់ ដោយលទ្ធផល ៣-២ នៅជុំទី១ និងបន្តចាញ់ ៣-១ នៅជុំទី២ កាលពីឆ្នាំមុន។
សម្រាប់ការប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះ ហ្វីលីពីន កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានគេមើលឃើញថា ក្រុមជម្រើសជាតិកម្ពុជា ធ្វើបានល្អជាងទៅលើការវាយផ្តាច់ ហើយអ្នកលើកបាល់ដៃទី១ សួន ចាន់ដារ៉ូ ដែលទើបបានវិលត្រឡប់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងបេសកកម្មលើកនេះ បានក្លាយជាតួអង្គយ៉ាងសំខាន់ ក្នុងការចែកបាល់ឱ្យមិត្តរួមជាតិ លោតវាយផ្តាច់យកពិន្ទុ ខណៈការចាញ់ទាំង៨ប្រកួត នៅ SEA V-League 2025 គ្មានវត្តមានរូបគេចូលរួមនោះទេ គឺអ្នកលើកបាល់ទី១ បានធ្លាក់ទៅលើកីឡាករវ័យក្មេង កែវ ស្រេងលីហួរ។

យ៉ាងណាក៏ដោយ សួន ចាន់ដារ៉ូ បានមើលឃើញថា ក្រុមជម្រើសជាតិកម្ពុជា ធ្វើមិនទាន់បានល្អនោះទេ ព្រោះការយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៣-២ កាលពីម្សិលមិញ មិនមែនជាលទ្ធផលដែលពួកគេចង់នោះឡើយ ព្រោះជ័យជម្នះបែបនេះ មិនអាចជួយឱ្យកម្ពុជា ទទួលបាន៣ពិន្ទុពេញទេ គឺបានតែ ២ពិន្ទុ ខណៈក្រុមហ្វីលីពីន បាន១ពិន្ទុ។
ម្ចាស់អាវលេខ ១៧ សួន ចាន់ដារ៉ូ បានបង្ហោះសារក្រោយការប្រកួត កាលពីព្រលប់ថ្ងៃពុធនោះថា៖ «ថ្ងៃនេះ ធ្វើមិនសូវបានល្អ សុំទោសបងប្អូនចំពោះលទ្ធផល តែសង្ឃឹមថា ថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍នេះ) យើងនឹងប្រឹងឱ្យអស់ពីកម្លាំងចិត្ត ដើម្បីប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ ខ្ញុំស្រលាញ់នាក់»។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងបន្តប្រកួតសន្សំពិន្ទុជាមួយក្រុមម្ចាស់ជើងឯក៣សម័យកាល ឥណ្ឌូនេស៊ី នៅរសៀលម៉ោង ៤:៣០ (ម៉ោងនៅកម្ពុជា) ហើយនេះជាការប្រកួតចុងក្រោយនៅក្នុងពូលដ៏សំខាន់ ដែលកម្ពុជា ត្រូវការពិន្ទុបន្ថែម ដើម្បីមានភាពប្រាកដប្រជា ក្នុងការទទួលបានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប៉ុន្តែវាជាការប្រកួត ដែលមានភាពតានតឹងខ្លាំង ព្រោះឥណ្ឌូនេស៊ី នៅតែជាក្រុមដែលមានគុណភាពលេងល្អជាងគេ ប្រចាំនៅតំបន់អាស៊ាន ដោយការប្រកួត SEA V-League ចំនួន៣ដងកន្លងមកនេះ ពួកគេ ទទួលបានតំណែងជើងឯក ៣លើក និងជើងឯករង ៣លើក។ យ៉ាងណាក៏ដោយ លើកនេះក្រុមកម្ពុជា បានបង្ហាញឆន្ទៈដ៏មោះមុត ជាមួយការជឿជាក់ ដណ្តើមយកលទ្ធផលល្អជូនប្រទេសជាតិ៕
