ខេត្តពោធិ៍សាត់: ទោះមានឱកាសបន្តការសិក្សា និងរៀនដល់ទៅបីពេលក្នុងមួយថ្ងៃនៅកន្លែងភៀសសឹក កុមារា ម៉ាច រស្មី នៅតែមានបំណងតែមួយ គឺចង់ត្រឡប់ទៅផ្ទះនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យបានឆាប់បំផុត។ សម្រាប់សិស្សថ្នាក់ទី៣រូបនេះ ការវិលត្រឡប់ទៅផ្ទះមានន័យថា គេអាចត្រឡប់ទៅសាលារៀនដែលធ្លាប់ស្គាល់ ទៅមើលដីរបស់គ្រួសារ និងបន្តជីវិតដូចមុន ដោយរៀនផង និងជួយដាំដំណាំ និងចិញ្ចឹមមាន់ទាផង។ កុមារា រស្មី ប្រាប់ភ្នំណេញប៉ុស្ដិ៍ថា; «ចង់ទៅផ្ទះឱ្យបានលឿន»។ រស្មី បានចាកចេញពីផ្ទះនៅតំបន់ថ្មដាក្រោយការសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។ អស់រយៈពេលជាច្រើនខែមកហើយ គេមិនបានត្រឡប់ទៅមើលផ្ទះ សាលារៀន ដីដាំដំណាំ និងសាច់ញាតិដែលរស់នៅទីនោះឡើយ។ កំពុងកត់មេរៀន សិស្សថ្នាក់ទី៣ រូបនេះ បានបន្ដថា: «នឹកផ្ទះ និងនឹកសាលារៀន ហើយនឹកអ៊ំពូមីងនៅទីនោះ។ ខានទៅមើលគាត់យូរហើយ»។ នៅកន្លែងស្នាក់នៅបច្ចុប្បន្ន រស្មី នៅតែបន្តការសិក្សា។ គេទៅរៀននៅសាលារដ្ឋពេលព្រឹក និងពេលថ្ងៃ ហើយបន្តរៀនបន្ថែមនៅកន្លែងស្នាក់នៅទៀត។ គេហៅការសិក្សារបស់ខ្លួនថា «រៀន៣ដង» ក្នុងមួយថ្ងៃ។ រស្មី ទទួលស្គាល់ថា គេមានឱកាសរៀនច្រើនជាងកាលរស់នៅថ្មដា ដែលពីមុនគេរៀនតែមួយព្រឹក។ ប៉ុន្តែអ្វីដែលគេខ្វះ គឺផ្ទះ និងជីវិតដែលគេធ្លាប់មាននៅទីនោះ។ រស្មី និយាយថា: «នៅទីនេះបានរៀន តែអត់បានធ្វើអី។ បាននៅតែកន្លែង អត់បានដាំដំណាំអី»។ កុមារារូបនេះបន្តាំងអួលដើមកថា៖ «នៅទីនោះយើងមានផ្ទះ។ យើងនៅផ្ទះ យើងដាំដំណាំ ហើយចិញ្ចឹមមាន់ទា»។ ពាក្យសម្ដីរបស់កុមាររូបនេះ បង្ហាញពីអ្វីដែល រស្មី ចង់បានពីការវិលត្រឡប់ទៅផ្ទះ។ គេចង់ត្រឡប់ទៅបន្តការរៀននៅសាលារបស់ខ្លួន និងរស់នៅជាមួយគ្រួសារលើដីដែលពួកគេធ្លាប់ប្រកបរបរកសិកម្ម។ នៅពេលត្រូវបានសួរថា ប្រសិនបើថ្ងៃណាមួយបានត្រឡប់ទៅផ្ទះវិញ តើគេចង់ធ្វើអ្វីមុនគេ រស្មី ឆ្លើយថា៖ «ចង់ចិញ្ចឹមមាន់ទា ហើយចង់ដាំដំណាំ និងរៀន»។ មុនការភៀសខ្លួន គ្រួសាររបស់ រស្មី រស់នៅក្នុងផ្ទះឈើមួយខ្នង ដែលកុមាររូបនេះពណ៌នាថា «ល្មមនៅបានគ្រួសារ»។ នៅទីនោះ ពួកគេមានដីដាំដំណាំ និងចិញ្ចឹមឆ្កែ មាន់ និងទា។ រស្មី នៅតែចងចាំសត្វដែលគេធ្លាប់ចិញ្ចឹម។ ប៉ុន្តែដោយខានត្រឡប់ទៅផ្ទះជាយូរ គេមិនដឹងថា ពួកវានៅរស់ ឬបាត់ទៅណាឡើយ។ កុមារា រស្មី បានបន្ថែមថា: «មានឆ្កែ…
Author: ហុង រស្មី
ខេត្តបន្ទាយមានជ័យ: នៅក្នុងតូបកាហ្វេតូចមួយក្នុង «ភូមិរង់ចាំ» អ្នកស្រី ចែ ច្រឹប បន្តលាយកាហ្វេ បម្រើអតិថិជន និងព្យាយាមរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការប្រយុទ្ធតាមព្រំដែនបានបង្ខំឱ្យអ្នកស្រីចាកចេញពីផ្ទះ ដីធ្លី និងមុខរបរចាស់នៅភូមិទំពាំងសំរោង តំបន់បឹងត្រកួន។ អាជីវកម្មដែលចាប់ផ្តើមឡើងវិញដោយគ្រាន់តែមានគោលបំណងរកប្រាក់ចំណូលប្រចាំថ្ងៃ បានក្លាយជាកន្លែងដែលមានអ្នកស្គាល់កាន់តែច្រើន ក្រោយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលពិសាកាហ្វេនៅហាងរបស់អ្នកស្រី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ អ្នកស្រី ច្រឹប បាននិយាយថា អ្នកស្រីមានអារម្មណ៍រំភើប និងមានមោទនភាពយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនោះ ដោយចាត់ទុកថាជាកិត្តិយសដ៏ធំមួយសម្រាប់គ្រួសារ និងអាជីវកម្មតូចរបស់ខ្លួន។ អ្នកស្រីបានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «ពីមុនយើងអត់គិតនឹកស្មានថា បានអ្នកសំខាន់មកជួយផ្សព្វផ្សាយអ៊ីចឹងទេ»។ អ្នកស្រីបានបន្តថា បន្ទាប់ពីលោក ហ៊ុន សែន ចូលហាង អតិថិជនជាច្រើនបានមកស្គាល់ និងចង់ដឹងថា តើតូបកាហ្វេណាដែលលោកបានចូលពិសា។ អ្នកស្រីនិយាយថា៖ «អ្នកណាក៏ចង់ស្គាល់ដែរ ថាតូបដែលសម្ដេចគាត់ចូលពិសាហ្នឹងនៅណា។ អ៊ីចឹងចែមានភ្ញៀវច្រើនជាងមុន»។ មុនពេលមានជាសង្គ្រាមឈ្លានពាន អ្នកស្រីក៏ជាអ្នកលក់កាហ្វេនៅផ្ទះរបស់ខ្លួនក្នុងភូមិទំពាំងស្រឡៅដែរ។ នៅពេលមករស់នៅទីតាំងថ្មី អ្នកស្រីបានបើកតូបជាបណ្ដោះអាសន្ន ដោយមិនរំពឹងថាអាជីវកម្មនេះនឹងអាចរីកចម្រើនបានឡើយ។ បច្ចុប្បន្ន អ្នកស្រីអាចលក់កាហ្វេបានជាមធ្យមប្រហែល ៥០ទៅ៦០កែវក្នុងមួយថ្ងៃ ខណៈថ្ងៃខ្លះអាចលក់បានជិត ១០០កែវ។ អ្នកស្រីបានបញ្ជាក់ថា៖ «ថ្ងៃធម្មតាបានប្រហែល ៥០ ឬ៦០កែវ។ អ៊ីចឹងយើងអាចផ្គត់ផ្គង់ថ្លៃម្ហូបអាហាររបស់យើងបាន»។ ទោះជាអាជីវកម្មនៅភូមិថ្មីមានសភាពប្រសើរជាងមុន និងគ្រួសារមានផ្ទះសម្បែងសមរម្យសម្រាប់ស្នាក់នៅក៏ដោយ អ្នកស្រីបានសង្កត់ធ្ងន់ថា អ្នកស្រីមិនបានបំភ្លេចផ្ទះ និងដីធ្លីរបស់ខ្លួននៅភូមិចាស់ឡើយ។ អ្នកស្រីថ្លែងថា៖ «មកនៅកន្លែងនេះ សួរថាស្រួលភ្លេចផ្ទះខ្លួនឯងអត់? អត់ភ្លេចទេ។ នៅតែចង់បានវិញ»។ អ្នកស្រីបានរៀបរាប់ថា គ្រួសារបានចាប់ផ្តើមពីបាតដៃទទេ ដើម្បីសន្សំទិញផ្ទះ និងដីធ្លីនៅតំបន់បឹងត្រកួន ដោយមានដីចំនួនប្រាំទៅប្រាំមួយកន្លែង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំដែលបានទុកនៅទីនោះ។ នៅថ្ងៃដែលមានការផ្ទុះអាវុធ អ្នកស្រីបានរត់ភៀសខ្លួនដោយយកបានតែរថយន្តមួយគ្រឿង ខណៈទ្រព្យសម្បត្តិភាគច្រើនត្រូវបានទុកចោល។ អ្នកស្រីបានអះអាងថា៖ «ខ្ញុំមកនេះអត់មានបានអីទេ។ រត់មកដឹកតែគ្រួសារចេញមក។ ទ្រព្យរបស់នៅណោះទាំងអស់»។ អ្នកស្រីបានពន្យល់ថា នៅពេលនោះ គ្រួសារមិនបានគិតថា ខ្លួននឹងបាត់បង់លំនៅឋានក្នុងរយៈពេលយូរទេ ដោយរំពឹងថា ពួកគេអាចត្រឡប់ទៅផ្ទះវិញនៅពេលស្ថានការណ៍ស្ងប់ស្ងាត់។ អាទិភាពដំបូងរបស់អ្នកស្រីគឺជួយជម្លៀសម្តាយចាស់ កុមារ និងអ្នកជិតខាងដែលមានវ័យចំណាស់ចេញពីតំបន់គ្រោះថ្នាក់ ជាជាងប្រមូលទ្រព្យសម្បត្តិ។ អ្នកស្រីនិយាយថា៖ «ថ្ងៃហ្នឹងខ្ញុំមានម្តាយចាស់ និងក្មេងៗ ហើយជួបអ្នកជិតខាងចាស់ៗ មានចៅតូចៗ។…
ភ្នំពេញ៖ ក្រសួងព័ត៌មានបានព្រមានសាធារណជនកុំឱ្យចាត់ទុកព័ត៌មានដែលផ្សព្វផ្សាយលើ Facebook និង TikTok ថាជាព័ត៌មានវិជ្ជាជីវៈដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋកម្ពុជាជាង ១៥លាននាក់កំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងសកម្ម ហើយការប្រើប្រាស់វេទិកាទាំងនេះមានអត្រាខ្ពស់ក្នុងចំណោមយុវជន។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖ “Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជាឡើយ ដោយសារវេទិកាទាំងនេះអនុញ្ញាតឱ្យមនុស្សទូទៅអាចបង្កើតគណនី ឬទំព័រ និងផ្សព្វផ្សាយខ្លឹមសារបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការត្រួតពិនិត្យបែបវិជ្ជាជីវៈសារព័ត៌មាន”។ លោកបានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រុងកែប កាលពីថ្ងៃទី១០ ខែកក្កដា។ តាមលោក ទេព អស្នារិទ្ធ ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៧លាននាក់ មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មជាង ១៥លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋវ័យក្មេង និងយុវសិស្សដែលកំពុងស្ថិតក្នុងវ័យសិក្សា ប្រមាណ ៥៩% ប្រើប្រាស់ Facebook ខណៈប្រមាណ ៣៥% សកម្មនៅលើ TikTok។ លោកបានចោទជាសំណួរថា តើអ្នកដែលមានគណនី និងប្រើប្រាស់បណ្ដាញសង្គមទាំងអស់ សុទ្ធតែបានរៀន ឬទទួលការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មានដែរឬទេ? លោកថ្លែងថា៖ «ចម្លើយ គឺថា មិនមានទេ! លើកលែងតែគណនី ឬក៏ផេកផ្លូវការរបស់ក្រសួង ស្ថាប័ន ឬបុគ្គល និងក្រុមមានវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះ»។ លោកបន្តថា៖ «Facebook និង TikTok នេះ អ្នកណាក៏បង្កើតបានដែរ… ហើយផ្សាយទាំងព័ត៌មានល្អ និងមិនល្អលាយឡំគ្នា ដោយពុំមានការពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ មាតិកា ឬរូបភាពហ្នឹងមុនបញ្ចេញទេ»។ លោកបានពន្យល់ថា បណ្ដាញសង្គមមានតួនាទីទូលំទូលាយ ចាប់ពីការកម្សាន្ត ការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផល រហូតដល់ការចែករំលែកព័ត៌មាន ប៉ុន្តែការប្រើប្រាស់ដោយខ្វះការពិចារណា និងការផ្ទៀងផ្ទាត់ អាចបង្កភាពច្របូកច្របល់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ផ្ទុយពីការបង្ហោះខ្លឹមសារទូទៅលើបណ្ដាញសង្គម លោក ទេព អស្នារិទ្ធ បានលើកឡើងថា ស្ថាប័នសារព័ត៌មានវិជ្ជាជីវៈមានយន្តការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានមុនការផ្សព្វផ្សាយ ដោយព័ត៌មានត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក និងពិនិត្យប្រភព ដើម្បីធានាភាពត្រឹមត្រូវ និងការអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ។…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កំណត់ទូតតវ៉ាជាផ្លូវការជាថ្មីទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តអនុវត្តសកម្មភាពសាងសង់ទំនប់ដី និងដាក់លួសបន្លានៅក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងវិធានការបន្ធូរបន្ថយភាពតានតឹង ដែលភាគីទាំងពីរបានឯកភាពគ្នាក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បានឱ្យដឹងថា: “រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន”។ ក្រសួងបានឱ្យដឹងថា: “ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានជីកដីសាងសង់ទំនប់ដី និងដាក់លួសបន្លាពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ”។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ត្រូវបានកម្ពុជាចោទប្រកាន់ថា បានរំលោភចូលទឹកដីកម្ពុជា ដើម្បីដាក់លួសបន្លានៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មរដួន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ តាមការបញ្ជាក់របស់ក្រសួង សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់ទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងកំណត់ព្រំដែនដោយផែនទីខ្នាត ១៖២០០.០០០ ដែលរៀបចំដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ក្រសួងបានបន្ថែមថា សកម្មភាពរបស់ភាគីថៃក៏បានរំលោភលើមាត្រា៥ នៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ ស្ដីពីការសិក្សា និងកំណត់ព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ព្រមទាំងផ្ទុយនឹងចំណុចទី២ និងទី៦ នៃវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលត្រូវបានអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ ហើយសកម្មភាពដែលបានលើកឡើងខាងលើ មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនបានទេ។ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ នៅតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជាតំបន់ផ្សេងទៀតដែលកងកម្លាំងថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន ដើម្បីរួមចំណែកបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្តទៅវិញទៅមក សម្របសម្រួលការដោះស្រាយវិវាទដោយសន្តិវិធី និងស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ កម្ពុជាបានអះអាងជាថ្មីថា ខ្លួននៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ជាមួយប្រទេសថៃ ដូចប្រទេសជិតខាងដទៃទៀត តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងឡើយ។ ការតវ៉ាចុងក្រោយនេះ កើតឡើងបន្ទាប់ពីកម្ពុជាបានដាក់កំណត់ទូតតវ៉ាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជុំវិញសកម្មភាពដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការពង្រឹងវត្តមានយោធារបស់ភាគីថៃនៅតាមបណ្តោយព្រំដែន…
ខេត្តបន្ទាយមានជ័យ: រៀងរាល់ព្រឹក សំឡេងកណ្តឹងសាលា ម៉ូតូធ្វើដំណើរ និងអាជីវកម្មតូចៗដែលបើកទ្វារទទួលភ្ញៀវ បានជំនួសភាពស្ងប់ស្ងាត់នៃជំរំជនភៀសសឹក ដែលធ្លាប់ជាទីជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅតាមព្រំដែនកម្ពុជា-ថៃ។ កុមារជិះកង់ទៅសាលា អ្នកភូមិចូលទិញកាហ្វេមុនចេញទៅធ្វើការ ខណៈហាងលក់គ្រឿងសំណង់ គ្រឿងទេស និងសេវាកម្មផ្សេងៗកំពុងដំណើរការយ៉ាងមមាញឹក។ នៅលើដងផ្លូវលេខ៨ នៃភូមិរង់ចាំ អ្នកស្រី អ៊ុំ សុផានិត កំពុងបន្តអាជីពអ៊ុតសក់ឡើងវិញ បន្ទាប់ពីហាងចាស់របស់អ្នកស្រីត្រូវបាត់បង់ក្នុងសង្គ្រាមឈ្លានពាន។ បើមើលពីខាងក្រៅ ទីនេះមិនខុសពីភូមិថ្មីមួយកំពុងរីកចម្រើននោះទេ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅទីនេះ វាមិនមែនជាផ្ទះពិតប្រាកដរបស់ពួកគេឡើយ។ ជិតមួយឆ្នាំបន្ទាប់ពីការឈ្លានពានតាមព្រំដែនបានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ភៀសខ្លួន ភូមិជាកន្លែងស្នាក់នៅបណ្តោះអាសន្ន កំពុងប្រែក្លាយទៅជាសហគមន៍ថ្មីមួយ មានផ្ទះ សាលារៀន មណ្ឌលសុខភាព និងអាជីវកម្មគ្រប់បែបយ៉ាង។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិយាយថា ពួកគេនៅតែចាត់ទុកទីនេះគ្រាន់តែជា «ភូមិរង់ចាំ» ខណៈភូមិកំណើតនៅតែមិនអាចវិលត្រឡប់ទៅរស់នៅបាន។ ការផ្លាស់ប្តូរនេះកើតឡើង ខណៈអាជ្ញាធរខេត្តបន្ទាយមានជ័យ អះអាងថា យោធាថៃនៅតែបន្តដាក់ទូកុងតឺន័រ និងលួសបន្លាចូលបូរណភាពទឹកដីជ្រៅរបស់កម្ពុជា ដែលជាឧបសគ្គរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ។ យោងតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១០ ខែកក្កដា យោធាថៃនៅតែដាក់ទូកុងតឺន័រសរុប ៩៩ទូ នៅ ១៩ទីតាំង រួមមាន ៦៣ទូ នៅ៣ទីតាំងក្នុងភូមិជោគជ័យ, ១០ទូ នៅ៣ទីតាំងក្នុងភូមិព្រៃចាន់ និង ២៦ទូ នៅ១៣ទីតាំងក្នុងតំបន់បឹងត្រកួន។ អាជ្ញាធរខេត្តអះអាងថា ទីតាំងទាំងនេះស្ថិតនៅលើទឹកដីកម្ពុជា។ ពីជំរំបណ្តោះអាសន្នទៅជាភូមិថ្មី អ្នកស្រី អ៊ុំ សុផានិត មកពីភូមិបន្ទាយមានឫទ្ធិ រំឭកថា នៅថ្ងៃដែលគ្រាប់ផ្លោងធ្លាក់ចូលភូមិឋាន គ្រួសាររបស់អ្នកស្រីមិនបានគិតថា ការចាកចេញនោះនឹងអូសបន្លាយរយៈពេលជាច្រើនខែឡើយ។ បន្ទាប់ពីស្នាក់នៅតាមមណ្ឌលភៀសសឹកជាបន្តបន្ទាប់ អ្នកស្រីទើបទទួលបានផ្ទះនៅក្នុងភូមិថ្មី និងបើកហាងអ៊ុតសក់ឡើងវិញ។ អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា: «នៅឯណោះខ្ញុំអ៊ុតសក់ដែរ តែតូបឆេះអស់ហើយ។ មកនៅទីនេះ ខ្ញុំចាប់ផ្តើមសារជាថ្មីទាំងអស់»។ អ្នកស្រីថា អាជីវកម្មថ្មីអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់គ្រួសារ ប៉ុន្តែវាមិនអាចជំនួសផ្ទះដែលខ្លួនខំកសាងអស់ជាច្រើនឆ្នាំបានឡើយ។ អ្នកស្រី សុផានិត បានបញ្ជាក់ថា: «ផ្ទះហ្នឹងយើងខំកសាងពីបាតដៃទទេ។ មកដល់ទីនេះ ឃើញអីក៏នឹកឃើញរបស់នៅផ្ទះចាស់ដែរ»។ អ្នកស្រីបានអះអាងថា សម្ភារៈក្នុងផ្ទះ និងរបស់របរអាជីវកម្មដែលបន្សល់ទុកនៅភូមិ ត្រូវបានយកបាត់អស់។ ភូមិដែលកំពុងមានជីវិតថ្មី លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ឱ្យដឹងថា អាជ្ញាធរបានរៀបចំឱ្យភូមិរង់ចាំមានលក្ខណៈដូចសហគមន៍ធម្មតា ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរឡើងវិញ។…
ភ្នំពេញ: មន្ត្រីរាជការកម្ពុជាចំនួន ៣០រូប នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េក្នុងខែនេះ ក្រោមកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពង្រឹងសមត្ថភាពលើការកែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារឆ្លងដែន ដែលជាវិស័យអាទិភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីទាំងនេះ មកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ (Pre-Departure Orientation) ដែលរៀបចំដោយការិយាល័យ KOICA ប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា មុនពេលចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលឯកទេសនៅសាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះ គឺជាផ្នែកមួយនៃកម្មវិធី KOICA Fellowship Program (CIAT) ឆ្នាំ២០២៦ ដែលមានគោលបំណងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងជំនាញបច្ចេកទេសរបស់សាធារណរដ្ឋកូរ៉េ ដល់មន្ត្រីគោលនយោបាយកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តកំណែទម្រង់ និងការអភិវឌ្ឍស្ថាប័នរដ្ឋ។ ក្នុងចំណោមអ្នកចូលរួមទាំង ៣០រូប មានមន្ត្រី ១៥រូប មកពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចូលរួមកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពគ្រូបង្រៀនលើការផ្សារភ្ជាប់កម្មវិធីសិក្សា និងការវាយតម្លៃ ដើម្បីលើកកម្ពស់ការវាយតម្លៃសិក្សារបស់សិស្សនៅកម្ពុជា»។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការកែទម្រង់កម្មវិធីសិក្សា ការអប់រំផ្អែកលើសមត្ថភាព ប្រព័ន្ធវាយតម្លៃសិស្ស ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន ព្រមទាំងការបញ្ចូលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការបង្រៀន និងការរៀនសូត្រ។ KOICA បានឱ្យដឹងថា កម្មវិធីនេះគាំទ្រដល់កំណែទម្រង់វិស័យអប់រំរបស់កម្ពុជា និងរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ ជាពិសេសបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាព ភាពពាក់ព័ន្ធ និងបរិយាបន្ននៃប្រព័ន្ធអប់រំ ដើម្បីកសាងធនធានមនុស្សដែលត្រៀមខ្លួនសម្រាប់អនាគត។ ដោយឡែក មន្ត្រី ១៥រូប មកពីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចូលរួមកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកដឹកជញ្ជូន និងភស្តុភារនៅច្រកព្រំដែនកម្ពុជា–វៀតណាម និងកម្ពុជា–ថៃ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារឆ្លងដែននៅកម្ពុជា»។ កម្មវិធីនេះ មានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នលើការរៀបចំផែនការដឹកជញ្ជូន ការគ្រប់គ្រងភស្តុភារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន ដើម្បីគាំទ្រដល់ការសម្រួលពាណិជ្ជកម្ម ការតភ្ជាប់តំបន់ ការបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងពិភពលោក។ KOICA បានបញ្ជាក់ថា កម្មវិធីនេះស្របតាមបញ្ចកោណទី២ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ នៅក្នុងពិធីបើកកម្មវិធីតម្រង់ទិស លោកស្រី Lee Sejin អនុប្រធានការិយាល័យ…
ភ្នំពេញ៖ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានទទួលការចូលមើល និងការចែករំលែកលើបណ្ដាញសង្គមសរុបប្រមាណជិត២លានដង ក្នុងរយៈពេលជិតពីរខែ ខណៈក្រសួងព័ត៌មានអះអាងថា យុទ្ធនាការនេះកំពុងពង្រឹងអក្ខរកម្មព័ត៌មាន និងភាពធន់របស់យុវជនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងហានិភ័យឌីជីថលនៅទូទាំងប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបង្ហាញរបាយការណ៍សង្ខេបអំពីលទ្ធផលនៃយុទ្ធនាការ ដោយចាត់ទុកយុទ្ធនាការនេះថា បានក្លាយជាខែលការពារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យជៀសផុតពីព័ត៌មានក្លែងក្លាយ ការបំភ្លៃព័ត៌មាន និងការកេងចំណេញផ្នែកនយោបាយ ព្រមទាំងរួមចំណែករក្សាស្ថិរភាពសង្គម និងពង្រឹងទំនុកចិត្តសាធារណៈ។ លោកបានថ្លែងថា: “ចាប់តាំងពីការបើកយុទ្ធនាការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មក ក្រសួងព័ត៌មានបានចុះផ្សព្វផ្សាយដល់វិទ្យាល័យ និងអនុវិទ្យាល័យធំៗចំនួន២៥ នៅរាជធានី-ខេត្តចំនួន១០ រួមមាន ភ្នំពេញ ព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម និងកែប ដោយមានសិស្សានុសិស្សរាប់ម៉ឺននាក់ចូលរួម”។ យុទ្ធនាការនេះនឹងបន្តពង្រីកទៅកាន់សាលានៅតាមបណ្ដាខេត្តទាំងអស់នៅទូទាំងប្រទេស។ បើតាមរបាយការណ៍ ក្រសួងព័ត៌មានបានផលិត និងផ្សព្វផ្សាយមាតិកាអប់រំតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ទាំងប្រពៃណី និងឌីជីថល សរុបជាង ២០,៥៨២ មាតិកា។ ស្របពេលជាមួយគ្នានេះ មាតិកាយុទ្ធនាការនៅលើបណ្ដាញសង្គមទទួលបានការចូលមើល និងការចែករំលែកសរុបប្រមាណជិត ២លានដងដែលបង្ហាញពីការចូលរួមយ៉ាងទូលំទូលាយរបស់សាធារណជន។ ក្រសួងព័ត៌មានក៏បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ សារអប់រំក៏ត្រូវបានដាក់បង្ហាញតាមផ្ទាំងប៉ាណូ និងអេក្រង់ LED នៅតាមដងផ្លូវ និងទីប្រជុំជនសំខាន់ៗ ដើម្បីពង្រីកការយល់ដឹងរបស់សាធារណជនអំពីការផ្ទៀងផ្ទាត់ព័ត៌មាន។ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា យុទ្ធនាការនេះមិនត្រឹមតែជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកការពារប្រជាពលរដ្ឋពីព័ត៌មានបំភ្លៃ (Malinformation) ព័ត៌មានបោកបញ្ឆោត (Disinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ លោកបន្ថែមថា យុទ្ធនាការក៏បានជួយលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ និងក្រោយការអនុវត្តបទឈប់បាញ់។ ទាំងនេះបានជួយកាត់បន្ថយផលប៉ះពាល់ពីព័ត៌មានមិនពិតដែលអាចបង្កការភាន់ច្រឡំ និងភាពចលាចលក្នុងសង្គម។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា លទ្ធផលនៃយុទ្ធនាការបង្ហាញថា វាបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការការពារយុវជន…
ខេត្ដពោធិ៍សាត់៖ រៀងរាល់ព្រឹក សំឡេងសើចក្អាកក្អាយរបស់កុមារលាន់ឮពេញជួរជម្រកតង់ពណ៌ខៀវនៅមណ្ឌលភៀសសឹក ដែលបានប្រែក្លាយជាសហគមន៍បណ្ដោះអាសន្នមួយ។ កុមារខ្លះប្រញាប់ទៅរៀននៅថ្នាក់បណ្ដោះអាសន្ន ខណៈអ្នកខ្លះលេងកម្សាន្ដទៅតាមសភាវគតិជាក្មេង រីឯឪពុកម្ដាយវិញរវល់ចម្អិនអាហារ ឬដងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់កុមារ ជីវិតនៅមណ្ឌលភៀសសឹកបានក្លាយជាទម្លាប់ទៅហើយ។ ប៉ុន្តែសម្រាប់ឪពុកម្ដាយ ក្ដីសង្ឃឹមតែមួយគត់រៀងរាល់ថ្ងៃ គឺការវិលត្រឡប់ទៅផ្ទះវិញ។ ជិតមួយឆ្នាំបន្ទាប់ពីសង្គ្រាមឈ្លានពាន បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញពីភាគខាងលិចនៃប្រទេស ក្រុមគ្រួសារជាច្រើននៅខេត្តពោធិ៍សាត់ នៅតែមិនអាចវិលត្រឡប់ទៅភូមិកំណើតបាន ទោះបីមានបទឈប់បាញ់ដែលចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។ ពួកគេអះអាងថា កុងតឺន័រ និងរបងលួសបន្លារបស់យោធាថៃ ដែលត្រូវបានដាក់នៅជិតភូមិរបស់ពួកគេ នៅតែជាឧបសគ្គរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះ ដីស្រែចម្ការ និងមុខរបរចិញ្ចឹមជីវិតវិញបាន។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរបានកត់ត្រាប្រជាពលរដ្ឋភៀសសឹកចំនួន ៦៩គ្រួសារ ស្មើនឹង២០៣នាក់ កំពុងស្នាក់នៅមណ្ឌលជម្លៀសពីរកន្លែងក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះមានស្ត្រី ១០៤នាក់ និងកុមារអាយុក្រោម១៥ឆ្នាំ ៥៣នាក់។ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ទទួលស្នាក់នៅ ៦១គ្រួសារ សរុប១៧០នាក់ ខណៈមណ្ឌលវត្តប្រម៉ោយ មាន ៨គ្រួសារ សរុប៣៣នាក់។ ជម្រកដែលធ្លាប់គ្រោងទុកសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន បានប្រែក្លាយជាកន្លែងរស់នៅយូរអង្វែង។ នៅក្នុងតង់មួយដែលត្រូវបានរៀបចំជាថ្នាក់រៀន កុមារបន្តការសិក្សារបស់ពួកគេ ខណៈនៅខាងក្រៅ ឪពុកម្ដាយបារម្ភមិនមែនអំពីការសិក្សារបស់កូនទេ ប៉ុន្តែបារម្ភថា តើថ្ងៃណាទើបពួកគេអាចវិលត្រឡប់ទៅផ្ទះវិញបាន។ ផ្ទះនៅពីក្រោយរបងលួសបន្លា អ្នកស្រី សំ សារី គឺជាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលនៅតែរង់ចាំ។ ផ្ទះរបស់អ្នកស្រីស្ថិតនៅជិតបំផុតនឹងរបងលួសបន្លាដែលយោធាថៃបានដាក់ក្នុងតំបន់ថ្មដា។ អ្នកស្រីបានរៀបរាប់ថា គ្រួសាររបស់អ្នកស្រីបានភៀសខ្លួនអំឡុងពេលមានការឈ្លានពាន ហើយក្រោយមកបានវិលទៅមើលផ្ទះមួយរយៈខ្លី ប៉ុន្តែឃើញផ្ទះរងការខូចខាត និងទ្រព្យសម្បត្តិបាត់បង់ជាច្រើន។ អ្នកស្រីប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដោយសាររបងលួសនៅជិតផ្ទះពេក ឥឡូវយើងលែងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតហើយ។ យើងមិនដឹងថា អាចមានអ្វីកើតឡើងនៅពេលណាទេ»។ អ្នកស្រី សារី បន្តថា អ្វីដែលអ្នកស្រីចង់បាន គឺឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ឆាប់រកដំណោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះ និងប្រកបរបររកស៊ីដូចដើម។ អ្នកស្រីបាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងថៃ សូមជួយដោះស្រាយឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានត្រឡប់ទៅផ្ទះ និងប្រកបមុខរបរវិញ»។ អ្នកស្រីក៏បានអំពាវនាវដល់អាស៊ាន និងសហគមន៍អន្តរជាតិ ឱ្យជួយជំរុញដំណោះស្រាយសន្តិភាពផងដែរ។ ស្ដ្រីរូបនេះបានបន្ដថា៖ «យើងសូមឱ្យអាស៊ាន និងសហគមន៍អន្តរជាតិ ជួយដោះស្រាយរវាងកម្ពុជា និងថៃឱ្យបានឆាប់។ នេះជាទឹកដីរបស់កម្ពុជា ហើយពួកយើងគ្រាន់តែចង់រស់នៅដោយសុខសាន្តប៉ុណ្ណោះ»។…
ភ្នំពេញ: ហ្វីលីពីនបានអះអាងជាថ្មីថា នឹងបន្តបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដោយឈរលើគោលការណ៍អព្យាក្រឹត និងមិនលម្អៀង ដើម្បីគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ខណៈឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី Flerida Ann Camille P. Mayo បានចូលជួបសម្ដែងការគួរសមជម្រាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់លោកស្រី។ ការអះអាងនេះធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ដោយភាគីកម្ពុជាបានជម្រាបជូនអំពីការវិវឌ្ឍចុងក្រោយនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា លោកស្រី Mayo បានបញ្ជាក់ជាថ្មីថា ហ្វីលីពីន ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងបន្តបំពេញតួនាទីរបស់ខ្លួន «ប្រកបដោយអព្យាក្រឹត និងមិនលម្អៀង ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់»។ ការបញ្ជាក់នេះ ធ្វើឡើងស្របពេលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងបង្កើនសកម្មភាពចុះពិនិត្យតាមតំបន់ព្រំដែន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលសម្រេចបានកាលពីចុងឆ្នាំមុន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យតំបន់ព្រំដែនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងតំបន់ផ្សេងទៀតនៅតាមព្រំដែនភាគខាងលិច។ កម្ពុជាបានចាត់ទុកយន្តការអ្នកសង្កេតការណ៍អាស៊ានថា ជាវិធានការកសាងទំនុកចិត្តដ៏សំខាន់មួយ ខណៈរាជរដ្ឋាភិបាលនៅតែបន្តកត់ត្រា និងជូនដំណឹងអំពីអ្វីដែលខ្លួនចាត់ទុកថា ជាការរំលោភ និងការឈ្លានពានតាមបណ្ដោយតំបន់ព្រំដែនមានវិវាទ។ ជំនួបនេះ ក៏ជាឱកាសសម្រាប់លោក ប្រាក់ សុខុន អបអរសាទរលោកស្រី Mayo ចំពោះការបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកស្រីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ យោងតាមក្រសួង បានឱ្យដឹងថា: “លោកបានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលលោកស្រីបំពេញបេសកកម្មនៅកម្ពុជា និងបានកោតសរសើរតួនាទីរបស់លោកស្រីក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីន កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. មកកាន់កម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៥”។ លោក ប្រាក់ សុខុន ក៏បានបង្ហាញការត្រៀមខ្លួនក្នុងការធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៥ ជាមួយសមភាគីហ្វីលីពីននៅឆ្នាំក្រោយ ដែលស្របនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងជំនួប ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរប្រជាជន។…