ខេត្តបន្ទាយមានជ័យ: រៀងរាល់ព្រឹក សំឡេងកណ្តឹងសាលា ម៉ូតូធ្វើដំណើរ និងអាជីវកម្មតូចៗដែលបើកទ្វារទទួលភ្ញៀវ បានជំនួសភាពស្ងប់ស្ងាត់នៃជំរំជនភៀសសឹក ដែលធ្លាប់ជាទីជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅតាមព្រំដែនកម្ពុជា-ថៃ។
កុមារជិះកង់ទៅសាលា អ្នកភូមិចូលទិញកាហ្វេមុនចេញទៅធ្វើការ ខណៈហាងលក់គ្រឿងសំណង់ គ្រឿងទេស និងសេវាកម្មផ្សេងៗកំពុងដំណើរការយ៉ាងមមាញឹក។
នៅលើដងផ្លូវលេខ៨ នៃភូមិរង់ចាំ អ្នកស្រី អ៊ុំ សុផានិត កំពុងបន្តអាជីពអ៊ុតសក់ឡើងវិញ បន្ទាប់ពីហាងចាស់របស់អ្នកស្រីត្រូវបាត់បង់ក្នុងសង្គ្រាមឈ្លានពាន។
បើមើលពីខាងក្រៅ ទីនេះមិនខុសពីភូមិថ្មីមួយកំពុងរីកចម្រើននោះទេ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅទីនេះ វាមិនមែនជាផ្ទះពិតប្រាកដរបស់ពួកគេឡើយ។
ជិតមួយឆ្នាំបន្ទាប់ពីការឈ្លានពានតាមព្រំដែនបានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ភៀសខ្លួន ភូមិជាកន្លែងស្នាក់នៅបណ្តោះអាសន្ន កំពុងប្រែក្លាយទៅជាសហគមន៍ថ្មីមួយ មានផ្ទះ សាលារៀន មណ្ឌលសុខភាព និងអាជីវកម្មគ្រប់បែបយ៉ាង។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិយាយថា ពួកគេនៅតែចាត់ទុកទីនេះគ្រាន់តែជា «ភូមិរង់ចាំ» ខណៈភូមិកំណើតនៅតែមិនអាចវិលត្រឡប់ទៅរស់នៅបាន។
ការផ្លាស់ប្តូរនេះកើតឡើង ខណៈអាជ្ញាធរខេត្តបន្ទាយមានជ័យ អះអាងថា យោធាថៃនៅតែបន្តដាក់ទូកុងតឺន័រ និងលួសបន្លាចូលបូរណភាពទឹកដីជ្រៅរបស់កម្ពុជា ដែលជាឧបសគ្គរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ។
យោងតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១០ ខែកក្កដា យោធាថៃនៅតែដាក់ទូកុងតឺន័រសរុប ៩៩ទូ នៅ ១៩ទីតាំង រួមមាន ៦៣ទូ នៅ៣ទីតាំងក្នុងភូមិជោគជ័យ, ១០ទូ នៅ៣ទីតាំងក្នុងភូមិព្រៃចាន់ និង ២៦ទូ នៅ១៣ទីតាំងក្នុងតំបន់បឹងត្រកួន។
អាជ្ញាធរខេត្តអះអាងថា ទីតាំងទាំងនេះស្ថិតនៅលើទឹកដីកម្ពុជា។

ពីជំរំបណ្តោះអាសន្នទៅជាភូមិថ្មី
អ្នកស្រី អ៊ុំ សុផានិត មកពីភូមិបន្ទាយមានឫទ្ធិ រំឭកថា នៅថ្ងៃដែលគ្រាប់ផ្លោងធ្លាក់ចូលភូមិឋាន គ្រួសាររបស់អ្នកស្រីមិនបានគិតថា ការចាកចេញនោះនឹងអូសបន្លាយរយៈពេលជាច្រើនខែឡើយ។
បន្ទាប់ពីស្នាក់នៅតាមមណ្ឌលភៀសសឹកជាបន្តបន្ទាប់ អ្នកស្រីទើបទទួលបានផ្ទះនៅក្នុងភូមិថ្មី និងបើកហាងអ៊ុតសក់ឡើងវិញ។
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា: «នៅឯណោះខ្ញុំអ៊ុតសក់ដែរ តែតូបឆេះអស់ហើយ។ មកនៅទីនេះ ខ្ញុំចាប់ផ្តើមសារជាថ្មីទាំងអស់»។

អ្នកស្រីថា អាជីវកម្មថ្មីអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់គ្រួសារ ប៉ុន្តែវាមិនអាចជំនួសផ្ទះដែលខ្លួនខំកសាងអស់ជាច្រើនឆ្នាំបានឡើយ។
អ្នកស្រី សុផានិត បានបញ្ជាក់ថា: «ផ្ទះហ្នឹងយើងខំកសាងពីបាតដៃទទេ។ មកដល់ទីនេះ ឃើញអីក៏នឹកឃើញរបស់នៅផ្ទះចាស់ដែរ»។
អ្នកស្រីបានអះអាងថា សម្ភារៈក្នុងផ្ទះ និងរបស់របរអាជីវកម្មដែលបន្សល់ទុកនៅភូមិ ត្រូវបានយកបាត់អស់។

ភូមិដែលកំពុងមានជីវិតថ្មី
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ឱ្យដឹងថា អាជ្ញាធរបានរៀបចំឱ្យភូមិរង់ចាំមានលក្ខណៈដូចសហគមន៍ធម្មតា ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរឡើងវិញ។
បច្ចុប្បន្ន ភូមិនេះទទួលប្រជាពលរដ្ឋពីភូមិរងផលប៉ះពាល់ចំនួន៧ភូមិ និងមួយផ្នែកនៃភូមិបឹងសង្គ្រាម។
យោងតាមរបាយការណ៍រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី៧ ខែកក្កដា មានប្រជាពលរដ្ឋ ៣,៣១៨គ្រួសារ ស្មើនឹង១៣,២៥៩នាក់ បានផ្លាស់មករស់នៅក្នុងតំបន់នេះ ក្នុងនោះមានអ្នកមកពីភូមិបន្ទាយមានឫទ្ធិ សាមគ្គី ផ្លូវបំបែក បឹងសុក្រម ត្រពាំសំរោង ជោគជ័យ និងព្រៃចាន់។
ខុសពីមណ្ឌលភៀសសឹកបណ្តោះអាសន្នដំបូងៗ បច្ចុប្បន្ន ភូមិនេះមានសាលារៀនចាប់ពីបឋមសិក្សាដល់វិទ្យាល័យ មណ្ឌលសុខភាព អគាររដ្ឋបាលភូមិ អគ្គិសនី ទឹកស្អាត និងហាងលក់ទំនិញជាច្រើន។
លោក ឃ្លោក នួយ បានឱ្យដឹងថា ផ្ទះចំនួន ២,៨០៥ខ្នង បានសាងសង់រួចរាល់ ខណៈ ៥១៣ខ្នងទៀត កំពុងសាងសង់ ហើយគ្រោងបញ្ចប់ទាំងស្រុងក្នុងខែកក្កដានេះ។

អាជីវកម្មថ្មី ប៉ុន្តែមិនអាចជំនួសផ្ទះចាស់បាន
អ្នកស្រី ចែ ច្រឹប ម្ចាស់ហាងកាហ្វេ «ភូមិរង់ចាំ» ក៏ជាម្នាក់ក្នុងចំណោមអ្នកដែលបានចាប់ផ្តើមអាជីវកម្មឡើងវិញ។
អ្នកស្រីនិយាយថា ពីដំបូងគ្រាន់តែគិតបើកហាងបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃអាចលក់កាហ្វេបានពី៥០ទៅ១០០កែវក្នុងមួយថ្ងៃ។
អ្នកស្រីបន្ថែមថា អាជីវកម្មកាន់តែមានភ្ញៀវច្រើន បន្ទាប់ពី លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលពិសាកាហ្វេនៅហាងរបស់អ្នកស្រីកាលពីខែមិថុនា។
ប៉ុន្តែ ទោះបីការលក់ដូរប្រសើរឡើងក៏ដោយ អ្នកស្រីថា គ្មានអ្វីអាចជំនួសផ្ទះ និងដីធ្លីដែលគ្រួសារខ្លួនបានបាត់បង់នោះទេ។
អ្នកស្រី ច្រឹប បានបញ្ជាក់ថា: «នៅតែចង់បានផ្ទះចាស់វិញ។ ផ្ទះថ្មីនេះល្អ ប៉ុន្តែផ្ទះចាស់ និងដីធ្លីរបស់យើងនៅតែជារបស់យើង»។
អ្នកស្រីនិយាយថា គ្រួសារបានរត់ចេញដោយមិនទាន់អាចយកទ្រព្យសម្បត្តិអ្វីមកជាមួយបានឡើយ ហើយរហូតមកដល់ពេលនេះ នៅតែជាប់បំណុលធនាគារជាច្រើនម៉ឺនដុល្លារ ខណៈកំពុងខិតខំរកស៊ីឡើងវិញ។

ជីវិតកំពុងទៅមុខ ប៉ុន្តែមិនទាន់ដល់គោលដៅ
សម្រាប់អ្នករស់នៅទីនេះ ការរង់ចាំបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ កុមារវិលចូលសាលារៀន។ អាជីវកម្មថ្មីៗបន្តបើកទ្វារ។
អ្នកភូមិដាំដើមឈើ និងរៀបចំផ្ទះថ្មីឱ្យកាន់តែស្រស់ស្អាត។
ប៉ុន្តែ រាល់ការសន្ទនាស្ទើរតែតែងតែបញ្ចប់ដោយសំណួរដដែលៗ៖ តើពេលណាទើបអាចត្រឡប់ទៅផ្ទះវិញ?
សម្រាប់អ្នកស្រី សុផានិត ការបើកហាងអ៊ុតសក់ឡើងវិញ បានធ្វើឱ្យជីវភាពមានស្ថិរភាពជាងមុន។
ប៉ុន្តែរាល់ពេលនឹកឃើញផ្ទះចាស់ អ្នកស្រីនៅតែមានអារម្មណ៍ថា ជីវិតមិនទាន់វិលមករកភាពធម្មតាវិញឡើយ។
អ្នកស្រី និយាយថា: «ទីនេះមានសុវត្ថិភាព ហើយយើងអរគុណចំពោះអ្វីដែលរាជរដ្ឋាភិបាលបានជួយ។ ប៉ុន្តែផ្ទះពិតប្រាកដរបស់យើងនៅតែស្ថិតនៅទីនោះ។ ដរាបណាយើងមិនទាន់អាចត្រឡប់ទៅវិញបាន យើងនៅតែជាអ្នករង់ចាំ»។

