ទោះបានខកខានប្រកួតតំណែងឱ្យជាតិ ក្នុងព្រឹត្តិការណ៍ជាលក្ខណៈ Games ជាពិសេស Sea Games និង Asian Games បន្ទាប់ពីបានឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ពីការប្រកួត Sea Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា នៅតែអាចបង្ហាញសមត្ថភាពដ៏លេចធ្លោ ដើម្បីបង្ហាញទង់ជាតិកម្ពុជាឱ្យអន្តរជាតិបានឃើញ ប្រកបដោយមោទនភាព ក្រោយពួកគេ បានឈ្នះមេដាយមាស៥ និងប្រាស់២ ពីការប្រកួតប្រណាំងម៉ូតូទឹកពិភពលោក ឆ្នាំ ២០២៦ (Jet Ski World Series) ជុំទី១ នៅប្រទេសប៊ុលហ្គារីនោះ។
តាមរយៈការប្រកួតជុំទី១ នៃព្រឹត្តិការណ៍ Jet Ski World Series 2026 ដែលបានធ្វើពីថ្ងៃទី ៨ និងទើបបានបញ្ចប់ កាលពីថ្ងៃទី ១២ ខែកក្កដានេះ ក្រុមកីឡាករម៉ូតូទឹកទាំង៥នាក់របស់កម្ពុជា សុទ្ធតែដណ្តើមបានមេដាយជូនប្រទេសជាតិ ជាពិសេសកីឡាករវ័យក្មេង កៃ វ៉ាន់ស៊ីដែន ដែលឈ្នះមេដាយមាសចំនួន២ ចំណែកវីរកីឡាករ សាលី អូមើត ដែលជាប្រធានក្រុមម៉ូតូទឹកកម្ពុជា ក៏បានឈ្នះមេដាយមាស១ផងដែរ។
នៅក្នុងការប្រកួតនេះ កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាសទាំងលើវិញ្ញាសា Amateur Ski 4 Stroke Lites និងវិញ្ញាសារ Amatuer Ski Modified ចំណែក សាលី អ៊ូមើត ដណ្តើមបានមេដាយមាស លើវិញ្ញាសារ Sport GP ដែលបង្ហាញថា ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម អ៊ូមើត នៅតែមានសមត្ថភាពខ្លាំង បើទោះបីជាពេលនេះ រូបគេ បានវិវឌ្ឍខ្លួនទៅជាអ្នកបណ្តុះបណ្តាលដល់អ្នកជំនាន់ក្រោយក៏ដោយ។

ជាមួយគ្នានេះ កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយមាស ១ លើវិញ្ញាសារ Novice Ski Stock និងឈ្នះបានមេដាយប្រាក់១ទៀត លើវិញ្ញាសារ Amatuer Ski Modified ហើយមេដាយមាស១ទៀត ដណ្តើមបានដោយកីឡាករ ទៀត សាលេះ លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks ខណៈកីឡាករ ម៉ីន មូសស្តាន់ ឈ្នះបានមេដាយប្រាក់១ លើវិញ្ញាសារ Expert Ski GP។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបង្ហោះសារអបអរសាទរដល់វីរកីឡាករ សាលី អ៊ូមើត ដែលដណ្តើមបានមេដាយមាស លើវិញ្ញាសាជំនាញកម្រិតខ្ពស់ (Grand Prix) សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកក្កដា ជាមួយការបញ្ចេញនូវបច្ចេកទេសបញ្ជាម៉ូតូទឹករបស់ខ្លួនបានយ៉ាងល្អ នៅលើផ្ទៃសមុទ្រ នៅ Sarafovo Beach ទីក្រុង Burgas ប្រទេសប៊ុលហ្គារី។
អមដោយរូបភាពរបស់ សាលី អ៊ូមើត ដែលបានកាន់ទឹកជាតិកម្ពុជា បង្ហាញនៅលើផ្ទៃសមុទ្រ ក្រោយការប្រកួតចប់នោះ ស្ថានទូតបញ្ជាក់ថា៖ «ម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០២៤ សាលី អ៊ូមើត បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយរកបាន ១២០ពិន្ទុ នាំមុខកីឡាករជាជើងឯកពិភពលោកឆ្នាំ ២០២៥ Simon Belcher មកពីចក្រភពអង់គ្លេស ដែលបានបញ្ចប់ដោយទទួលបាន ១០៦ពិន្ទុ។ កម្ពុជាមានមោទនភាពចំពោះអ្នក។ សូមបន្តលើកទង់ជាតិកម្ពុជាឱ្យខ្ពស់នៅលើឆាកពិភពលោក!»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរសាទរ ដល់ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ចំពោះការឈ្នះបានមេដាយមាស ៥ និងមេដាយប្រាក់ ២ ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក ឆ្នាំ ២០២៦ ជុំទី១ នៅប្រទេសប៊ុលហ្គារី លើកនេះផងដែរ ហើយនេះជាការបន្ថែមនូវថាមពលយ៉ាងសំខាន់ដល់ក្រុមម៉ូតូទឹកកម្ពុជា ធ្វើឱ្យពួកគេកាន់តែមានទឹកចិត្ត និងភាពជឿជាក់ សម្រាប់បន្តទៅប្រកួតជុំទី២ នៅសហរដ្ឋអាមរិក ដែលនឹងធ្វើចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៦៕
