Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»ហ្វីលីពីនបញ្ជាក់បន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានដោយអព្យាក្រឹតលើបទឈប់បាញ់កម្ពុជា-ថៃ ខណៈឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្ម
    ព័ត៌មានជាតិ

    ហ្វីលីពីនបញ្ជាក់បន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានដោយអព្យាក្រឹតលើបទឈប់បាញ់កម្ពុជា-ថៃ ខណៈឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្ម

    ហុង រស្មីBy ហុង រស្មីJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ: ហ្វីលីពីនបានអះអាងជាថ្មីថា នឹងបន្តបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដោយឈរលើគោលការណ៍អព្យាក្រឹត និងមិនលម្អៀង ដើម្បីគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ខណៈឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី Flerida Ann Camille P. Mayo បានចូលជួបសម្ដែងការគួរសមជម្រាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់លោកស្រី។

    ការអះអាងនេះធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ដោយភាគីកម្ពុជាបានជម្រាបជូនអំពីការវិវឌ្ឍចុងក្រោយនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា លោកស្រី Mayo បានបញ្ជាក់ជាថ្មីថា ហ្វីលីពីន ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងបន្តបំពេញតួនាទីរបស់ខ្លួន «ប្រកបដោយអព្យាក្រឹត និងមិនលម្អៀង ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់»។

    ការបញ្ជាក់នេះ ធ្វើឡើងស្របពេលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងបង្កើនសកម្មភាពចុះពិនិត្យតាមតំបន់ព្រំដែន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលសម្រេចបានកាលពីចុងឆ្នាំមុន។

    ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យតំបន់ព្រំដែនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងតំបន់ផ្សេងទៀតនៅតាមព្រំដែនភាគខាងលិច។

    កម្ពុជាបានចាត់ទុកយន្តការអ្នកសង្កេតការណ៍អាស៊ានថា ជាវិធានការកសាងទំនុកចិត្តដ៏សំខាន់មួយ ខណៈរាជរដ្ឋាភិបាលនៅតែបន្តកត់ត្រា និងជូនដំណឹងអំពីអ្វីដែលខ្លួនចាត់ទុកថា ជាការរំលោភ និងការឈ្លានពានតាមបណ្ដោយតំបន់ព្រំដែនមានវិវាទ។

    ជំនួបនេះ ក៏ជាឱកាសសម្រាប់លោក ប្រាក់ សុខុន អបអរសាទរលោកស្រី Mayo ចំពោះការបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកស្រីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។

    យោងតាមក្រសួង បានឱ្យដឹងថា: “លោកបានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលលោកស្រីបំពេញបេសកកម្មនៅកម្ពុជា និងបានកោតសរសើរតួនាទីរបស់លោកស្រីក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីន កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. មកកាន់កម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៥”។

    លោក ប្រាក់ សុខុន ក៏បានបង្ហាញការត្រៀមខ្លួនក្នុងការធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៥ ជាមួយសមភាគីហ្វីលីពីននៅឆ្នាំក្រោយ ដែលស្របនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

    ក្នុងជំនួប ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរប្រជាជន។

    សេចក្ដីប្រកាសបានឱ្យដឹងថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្ដែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ។

    ជាការឆ្លើយតប លោកស្រី Mayo បានលើកឡើងថា ទោះបីពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងនយោបាយក៏ដោយ កម្ពុជានៅតែបន្តសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច ការទូត ទេសចរណ៍ ការអភិវឌ្ឍសង្គម បរិវត្តកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ។

    លោកស្រីក៏បានថ្លែងអំណរគុណដល់លោក ប្រាក់ សុខុន និងមន្ត្រីក្រសួងការបរទេសទាំងអស់ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពេញមួយអាណត្តិបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា។

    ការបញ្ចប់បេសកកម្មរបស់លោកស្រីកើតឡើង ខណៈហ្វីលីពីននៅតែបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតាមដានការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.