ភ្នំពេញ៖ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានទទួលការចូលមើល និងការចែករំលែកលើបណ្ដាញសង្គមសរុបប្រមាណជិត២លានដង ក្នុងរយៈពេលជិតពីរខែ ខណៈក្រសួងព័ត៌មានអះអាងថា យុទ្ធនាការនេះកំពុងពង្រឹងអក្ខរកម្មព័ត៌មាន និងភាពធន់របស់យុវជនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងហានិភ័យឌីជីថលនៅទូទាំងប្រទេស។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបង្ហាញរបាយការណ៍សង្ខេបអំពីលទ្ធផលនៃយុទ្ធនាការ ដោយចាត់ទុកយុទ្ធនាការនេះថា បានក្លាយជាខែលការពារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យជៀសផុតពីព័ត៌មានក្លែងក្លាយ ការបំភ្លៃព័ត៌មាន និងការកេងចំណេញផ្នែកនយោបាយ ព្រមទាំងរួមចំណែករក្សាស្ថិរភាពសង្គម និងពង្រឹងទំនុកចិត្តសាធារណៈ។
លោកបានថ្លែងថា: “ចាប់តាំងពីការបើកយុទ្ធនាការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មក ក្រសួងព័ត៌មានបានចុះផ្សព្វផ្សាយដល់វិទ្យាល័យ និងអនុវិទ្យាល័យធំៗចំនួន២៥ នៅរាជធានី-ខេត្តចំនួន១០ រួមមាន ភ្នំពេញ ព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម និងកែប ដោយមានសិស្សានុសិស្សរាប់ម៉ឺននាក់ចូលរួម”។
យុទ្ធនាការនេះនឹងបន្តពង្រីកទៅកាន់សាលានៅតាមបណ្ដាខេត្តទាំងអស់នៅទូទាំងប្រទេស។
បើតាមរបាយការណ៍ ក្រសួងព័ត៌មានបានផលិត និងផ្សព្វផ្សាយមាតិកាអប់រំតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ទាំងប្រពៃណី និងឌីជីថល សរុបជាង ២០,៥៨២ មាតិកា។
ស្របពេលជាមួយគ្នានេះ មាតិកាយុទ្ធនាការនៅលើបណ្ដាញសង្គមទទួលបានការចូលមើល និងការចែករំលែកសរុបប្រមាណជិត ២លានដងដែលបង្ហាញពីការចូលរួមយ៉ាងទូលំទូលាយរបស់សាធារណជន។
ក្រសួងព័ត៌មានក៏បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ សារអប់រំក៏ត្រូវបានដាក់បង្ហាញតាមផ្ទាំងប៉ាណូ និងអេក្រង់ LED នៅតាមដងផ្លូវ និងទីប្រជុំជនសំខាន់ៗ ដើម្បីពង្រីកការយល់ដឹងរបស់សាធារណជនអំពីការផ្ទៀងផ្ទាត់ព័ត៌មាន។
លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា យុទ្ធនាការនេះមិនត្រឹមតែជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកការពារប្រជាពលរដ្ឋពីព័ត៌មានបំភ្លៃ (Malinformation) ព័ត៌មានបោកបញ្ឆោត (Disinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
លោកបន្ថែមថា យុទ្ធនាការក៏បានជួយលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ និងក្រោយការអនុវត្តបទឈប់បាញ់។
ទាំងនេះបានជួយកាត់បន្ថយផលប៉ះពាល់ពីព័ត៌មានមិនពិតដែលអាចបង្កការភាន់ច្រឡំ និងភាពចលាចលក្នុងសង្គម។
អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា លទ្ធផលនៃយុទ្ធនាការបង្ហាញថា វាបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការការពារយុវជន ដែលមានប្រមាណ៦៨ភាគរយនៃប្រជាជនសរុប ឱ្យជៀសផុតពីឧបាយកលនៃព័ត៌មានក្លែងក្លាយ ការឆបោកតាមប្រព័ន្ធអនឡាញ ការគំរាមកំហែងតាមអ៊ីនធឺណិត (Cyberbullying) និងការលួចទិន្នន័យផ្ទាល់ខ្លួនក្នុងយុគសម័យឌីជីថល។
