Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»មុននឹងចេញដំណើរទៅសាធារណរដ្ឋកូរ៉េ មន្ត្រីកម្ពុជា ៣០រូប ទទួលការបណ្តុះបណ្តាលជំនាញលើវិស័យអប់រំ និងភស្តុភារឆ្លងដែន
    ព័ត៌មានជាតិ

    មុននឹងចេញដំណើរទៅសាធារណរដ្ឋកូរ៉េ មន្ត្រីកម្ពុជា ៣០រូប ទទួលការបណ្តុះបណ្តាលជំនាញលើវិស័យអប់រំ និងភស្តុភារឆ្លងដែន

    ហុង រស្មីBy ហុង រស្មីJuly 10, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ: មន្ត្រីរាជការកម្ពុជាចំនួន ៣០រូប នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េក្នុងខែនេះ ក្រោមកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពង្រឹងសមត្ថភាពលើការកែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារឆ្លងដែន ដែលជាវិស័យអាទិភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

    មន្ត្រីទាំងនេះ មកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ (Pre-Departure Orientation) ដែលរៀបចំដោយការិយាល័យ KOICA ប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា មុនពេលចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលឯកទេសនៅសាធារណរដ្ឋកូរ៉េ។

    កម្មវិធីនេះ គឺជាផ្នែកមួយនៃកម្មវិធី KOICA Fellowship Program (CIAT) ឆ្នាំ២០២៦ ដែលមានគោលបំណងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងជំនាញបច្ចេកទេសរបស់សាធារណរដ្ឋកូរ៉េ ដល់មន្ត្រីគោលនយោបាយកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តកំណែទម្រង់ និងការអភិវឌ្ឍស្ថាប័នរដ្ឋ។

    ក្នុងចំណោមអ្នកចូលរួមទាំង ៣០រូប មានមន្ត្រី ១៥រូប មកពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចូលរួមកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពគ្រូបង្រៀនលើការផ្សារភ្ជាប់កម្មវិធីសិក្សា និងការវាយតម្លៃ ដើម្បីលើកកម្ពស់ការវាយតម្លៃសិក្សារបស់សិស្សនៅកម្ពុជា»។

    វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការកែទម្រង់កម្មវិធីសិក្សា ការអប់រំផ្អែកលើសមត្ថភាព ប្រព័ន្ធវាយតម្លៃសិស្ស ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន ព្រមទាំងការបញ្ចូលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការបង្រៀន និងការរៀនសូត្រ។

    KOICA បានឱ្យដឹងថា កម្មវិធីនេះគាំទ្រដល់កំណែទម្រង់វិស័យអប់រំរបស់កម្ពុជា និងរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ ជាពិសេសបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាព ភាពពាក់ព័ន្ធ និងបរិយាបន្ននៃប្រព័ន្ធអប់រំ ដើម្បីកសាងធនធានមនុស្សដែលត្រៀមខ្លួនសម្រាប់អនាគត។

    ដោយឡែក មន្ត្រី ១៥រូប មកពីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចូលរួមកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកដឹកជញ្ជូន និងភស្តុភារនៅច្រកព្រំដែនកម្ពុជា–វៀតណាម និងកម្ពុជា–ថៃ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារឆ្លងដែននៅកម្ពុជា»។

    កម្មវិធីនេះ មានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នលើការរៀបចំផែនការដឹកជញ្ជូន ការគ្រប់គ្រងភស្តុភារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន ដើម្បីគាំទ្រដល់ការសម្រួលពាណិជ្ជកម្ម ការតភ្ជាប់តំបន់ ការបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងពិភពលោក។

    KOICA បានបញ្ជាក់ថា កម្មវិធីនេះស្របតាមបញ្ចកោណទី២ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

    នៅក្នុងពិធីបើកកម្មវិធីតម្រង់ទិស លោកស្រី Lee Sejin អនុប្រធានការិយាល័យ KOICA ប្រចាំកម្ពុជា បានអបអរសាទរដល់មន្ត្រីដែលត្រូវបានជ្រើសរើស និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

    លោកស្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ KOICA ក្នុងការគាំទ្រការពង្រឹងធនធានមនុស្សនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកចំណេះដឹង និងភាពជាដៃគូរយៈពេលវែង។

    ក្នុងអំឡុងកម្មវិធីតម្រង់ទិស សិក្ខាកាមបានទទួលព័ត៌មានអំពីសកម្មភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ KOICA នៅកម្ពុជា ព្រមទាំងការណែនាំអំពីកម្មវិធីបណ្តុះបណ្តាល និងព័ត៌មានចាំបាច់សម្រាប់ការធ្វើដំណើរ និងការស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ។

    អ្នកចូលរួមក៏ត្រូវបានណែនាំអំពីឱកាសបន្តពង្រីកបណ្តាញវិជ្ជាជីវៈតាមរយៈសមាគមអតីតនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) ខណៈវគ្គស្តីពីក្រមប្រតិបត្តិក៏ត្រូវបានរៀបចំឡើង ដោយផ្តោតលើសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងការទប់ស្កាត់ការបៀតបៀនគ្រប់ទម្រង់ ដើម្បីលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងបរិយាបន្ន។

    តំណាងក្រសួងទាំងពីរ ក៏បានចែករំលែកអំពីអាទិភាព ការប្រឈម និងផែនការអភិវឌ្ឍន៍របស់ស្ថាប័នរៀងៗខ្លួន ព្រមទាំងបង្ហាញការរំពឹងទុកថា ចំណេះដឹង និងជំនាញដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលនៅសាធារណរដ្ឋកូរ៉េ នឹងអាចយកទៅអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ។

    សិក្ខាកាមបានថ្លែងអំណរគុណដល់ KOICA និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ឱកាសនេះ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

    តាមរយៈកម្មវិធីអាហារូបករណ៍របស់ខ្លួន KOICA បន្តគាំទ្រដល់ការអភិវឌ្ឍស្ថាប័នរដ្ឋកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញសម្រាប់មន្ត្រីរាជការ និងការពង្រឹងភាពជាដៃគូរយៈពេលវែងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងវិស័យអាទិភាពនានា។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.