រដ្ឋមន្ត្រីប្រតិភូបារាំងអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ លោក Nicolas Forissier មានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំងនឹងកាន់តែមានភាពល្អប្រសើរ ជាពិសេសទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងការវិនិយោគពីសំណាក់វិនិយោគិនបារាំងក្នុងប្រទេសកម្ពុជា។
លោក Nicolas Forissier បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងបារាំង-កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅខែវិច្ឆិកា ខាងមុខផងដែរ។
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក Nicolas Forissier បាននិយាយថា បារាំងពិតជាចង់ឃើញវិនិយោគិនខ្លួនពង្រីកការវិនិយោគផ្ទាល់នៅប្រទេសកម្ពុជាច្រើនបន្ថែមទៀត ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២៤ ការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់ប្រមាណ ៦៩២ លានដុល្លារ។ លោកអះអាងថា រូបលោកផ្ទាល់នឹងខិតខំជួយជំរុញវិនិយោគិនបារាំងឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀតតាមរយៈសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា។
រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(Francophonie Summit) លើកទី២០ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះនឹងមានវត្តមានរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមប្រទេសនិយាយភាសាបារាំងជាច្រើនទៀត។
លោក Nicolas Forissier បានថ្លែងថា៖«តាមរយៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ យើងរំពឹងថានឹងអាចទាក់ទាញវិនិយោគិនបារាំងឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាបន្ថែមទៀត»។
បើតាមលោក Nicolas Forissier នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនបារាំងជាង ២០០ កំពុងធ្វើប្រតិបត្តិការ ដោយរួមមានក្នុងវិស័យជាច្រើនដូចជា ថាមពល ដឹកជញ្ជូន គ្រប់គ្រងអាកាសយានដ្ឋាន ហិរញ្ញវត្ថុ សុខាភិបាល និងសំណង់ជាដើម។
បន្ថែមលើនេះលោក Nicolas Forissier ក៏បាននិយាយថា លោកសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍បារាំងនឹងធ្វើការសិក្សាពីលទ្ធភាពក្នុងការបើកជើងហោះហើរផ្ទាល់មកប្រទេសកម្ពុជានៅពេលខាងមុខ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង មានទឹកប្រាក់សរុប ៣២២,៨៣ លានដុល្លារ កើនឡើង ១២,៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ក្នុងនោះទំនិញកម្ពុជានាំទៅបារាំង ២៥៩,១១ លានដុល្លារ កើនឡើង ១៣,៥% ចំណែកបារាំងនាំមកវិញ ៦៣,៧២ លានដុល្លារ កើនឡើង ១០,៥%។ បារាំង គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១៦ របស់កម្ពុជា។
ដោយឡែកកាលពីឆ្នាំ២០២៥ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៥៦៨,៧៤ លានដុល្លារ កើនឡើង ១១,៧% ធៀបនឹងឆ្នាំ២០២៤ ដោយទំនិញកម្ពុជានាំទៅបារាំង ៤៤៧,៥២ លានដុល្លារ កើន ១២,៥% ចំណែកបារាំងនាំមកវិញ ១២១,២១ លានដុល្លារ កើន ៩%។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ លោក Nicolas Forissier បានប្រាប់ថា បារាំងអាចជួយផ្តល់ឯកសារសំខាន់ៗដែលមានការពាក់ព័ន្ធក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប៉ុន្ដែបារាំងនឹងមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរឡើយ។ បារាំងពិតជាចង់ឃើញប្រទេសទាំង ២ មានសន្តិភាពជាមួយគ្នាឡើងវិញ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Nicolas Forissier ក៏បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនផងដែរដូចជា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងតំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាដើម៕
