Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»លោក ហ៊ុន ម៉ាណែត ជំរុញការការពាររយៈពេលវែងដល់ ម-១៣ ទួលស្លែង និងជើងឯក
    ព័ត៌មានជាតិ

    លោក ហ៊ុន ម៉ាណែត ជំរុញការការពាររយៈពេលវែងដល់ ម-១៣ ទួលស្លែង និងជើងឯក

    ហុង រស្មីBy ហុង រស្មីJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នវប្បធម៌ និងអាជ្ញាធរមូលដ្ឋាន ការពារទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានសម័យខ្មែរក្រហមចំនួន៣ របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ចៀសរាល់ការសាងសង់ដែលអាចប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ ខណៈកម្ពុជាប្រារព្ធខួប១ឆ្នាំនៃការចុះបញ្ជីទីតាំងទាំងនេះ។

    ក្នុងសារលិខិតអបអរសាទរខួបនៅថ្ងៃទី១១ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬ ស-២១ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ត្រូវទទួលបានការការពារឱ្យបានគង់វង្សយូរអង្វែង និងគ្រប់គ្រងស្របតាមគោលការណ៍ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។

    ទីតាំងទាំង៣ ត្រូវបានចុះរួមគ្នាក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមឈ្មោះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» តាមរយៈសេចក្តីសម្រេចលេខ 47 COM 8B.14 ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង។

    លោក ហ៊ុន ម៉ាណែត បានថ្លែងក្និងសារលិខិតអបអរការចុះបញ្ជីថា៖ «ខ្ញុំសូមណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយ ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា»។

    លោកបានបន្ថែមថា អាជ្ញាធរត្រូវធានាការការពារទីតាំងទាំងនេះឱ្យបានគង់វង្សយូរអង្វែង ក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងអនុវត្តការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍របស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។

    នាយករដ្ឋមន្ត្រីបានចាត់ទុកការចុះបញ្ជីនេះថា ជាការបន្សល់ទុកកេរមរតកនៃការចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។

    លោកបានលើកឡើងថា គំនិតផ្តួចផ្តើមក្នុងការចុះបញ្ជីទីតាំងទាំង៣ គឺជាចក្ខុវិស័យរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយចាត់ទុកបូជនីយដ្ឋានទាំងនេះជាគំរូរបស់កម្ពុជាសម្រាប់ពិភពលោក ក្នុងការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។

    លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចុះបញ្ជីនេះជាសមិទ្ធផលមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងឆ្លុះបញ្ចាំងពីការតស៊ូ ការលះបង់ និងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព។

    លោកបានភ្ជាប់សមិទ្ធផលនេះទៅនឹងការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេស ដោយបញ្ជាក់ថា សន្តិភាពបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងការអភិរក្សសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។

    នាយករដ្ឋមន្ត្រីក៏បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលបានចូលរួមក្នុងដំណើរការរៀបចំសំណុំឯកសារ និងជំរុញការចុះបញ្ជី។

    លោកក៏បានថ្លែងអំណរគុណដល់ការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាអភិរក្ស និងស្តារសម្បត្តិវប្បធម៌ (ICCROM) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) អង្គការ GIZ-CPS អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍។

    តាមលោក ហ៊ុន ម៉ាណែត ការគាំទ្ររបស់ភាគីទាំងនេះ បានរួមចំណែកដល់ការទទួលស្គាល់តម្លៃជាសកលនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា ដែលជាសាក្សីនៃសច្ចភាពប្រវត្តិសាស្ត្រ និងជាទីតាំងសម្រាប់ការចងចាំ និងការការពារសន្តិភាព។

    ទីតាំងទាំង៣ តំណាងឱ្យដំណាក់កាលផ្សេងៗគ្នានៃប្រព័ន្ធឃុំឃាំង ការធ្វើទារុណកម្ម និងការសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។

    ម-១៣ គឺជាអតីតមន្ទីរឃុំឃាំងមួយរបស់ខ្មែរក្រហម ខណៈ ស-២១ ដែលមានទីតាំងនៅអតីតសាលាទួលស្លែងក្នុងរាជធានីភ្នំពេញ បានក្លាយជាមន្ទីរសន្តិសុខដ៏ល្បីល្បាញបំផុតមួយរបស់របបនេះ។ ចំណែកជើងឯក គឺជាទីតាំងសម្លាប់ និងកប់សាកសពដ៏សំខាន់មួយដែលជាប់ពាក់ព័ន្ធនឹង ស-២១។

    ជាជាងរក្សាទីតាំងទាំងនេះទុកត្រឹមតែជាភស្តុតាងនៃអំពើឃោរឃៅក្នុងអតីតកាល ការចុះបញ្ជីបេតិកភណ្ឌពិភពលោក បានកំណត់តួនាទីរបស់ទីតាំងទាំងនេះជាកន្លែងដែលការចងចាំអំពីឧក្រិដ្ឋកម្ម អាចរួមចំណែកដល់ការអប់រំ ការពិចារណា ការផ្សះផ្សា និងសន្តិភាព។

    លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បណ្តាញសារព័ត៌មានកម្ពុជា ចូលរួមផ្សព្វផ្សាយទីតាំងទាំង៣ ឱ្យបានទូលំទូលាយ និងប្រើប្រាស់ឱកាសខួប១ឆ្នាំនេះ ដើម្បីពង្រឹងការប្រឆាំងនឹងសង្គ្រាម និងអំពើប្រល័យពូជសាសន៍។

    លោកបានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់គ្រប់បណ្តាញសារព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទីតាំងប្រវត្តិសាស្ត្រនេះឱ្យបានទូលំទូលាយ […] ដើម្បីបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ»។

    ការណែនាំរបស់លោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការសាងសង់ បានដាក់ការយកចិត្តទុកដាក់ជាពិសេសលើការរក្សាទេសភាពប្រវត្តិសាស្ត្រជុំវិញបូជនីយដ្ឋាន ខណៈកម្ពុជាឈានចូលឆ្នាំទី២ នៃការគ្រប់គ្រងទីតាំងទាំង៣ ជាសម្បត្តិបេតិកភណ្ឌពិភពលោកតែមួយ។

    សាររបស់លោកបានបញ្ជាក់ថា ការទទួលស្គាល់ពីអង្គការយូណេស្កូមិនមែនជាទីបញ្ចប់នៃដំណើរការនោះទេ ខណៈអាជ្ញាធរមានភារកិច្ចបន្តធានាថា ការអភិរក្ស ការគ្រប់គ្រង និងការអភិវឌ្ឍនៅជុំវិញទីតាំងទាំងនេះ មិនប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រ និងតម្លៃបេតិកភណ្ឌរបស់ទីតាំងឡើយ។

    លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បូជនីយដ្ឋានទាំងនេះត្រូវបន្តធ្វើជាសាក្សីនៃសច្ចភាពប្រវត្តិសាស្ត្រ សម្រាប់ជាគុណប្រយោជន៍ដល់មនុស្សជាតិទាំងមូល ដោយដាក់ការចងចាំ និងការការពារសន្តិភាពជាស្នូលនៃតួនាទីរយៈពេលវែងរបស់ទីតាំងទាំង៣។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.