Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»តើចិននឹងជំរុញឱ្យមានការចរចា ឬមួយ​នាយករដ្ឋ​មន្ត្រី​កម្ពុជានិង​ថៃគ្រាន់តែចាប់ដៃសម្ដែងការគួរសម?
    ព័ត៌មានជាតិ

    តើចិននឹងជំរុញឱ្យមានការចរចា ឬមួយ​នាយករដ្ឋ​មន្ត្រី​កម្ពុជានិង​ថៃគ្រាន់តែចាប់ដៃសម្ដែងការគួរសម?

    នៀម ឆេងBy នៀម ឆេងJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, លោក ស៊ី ជិនពីង និង លោក អានុទីន ឆាន់វីរៈគុល។
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, លោក ស៊ី ជិនពីង និង លោក អានុទីន ឆាន់វីរៈគុល។
    Share
    Facebook Twitter LinkedIn Pinterest Email

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល គ្រោងនឹងចូលរួមក្នុងសម័យប្រជុំបើកនៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ (World AI Conference 2026: WAIC) នៅទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

    ប៉ុន្តែ សំណួរសួរថា តើចិននឹងដើរតួនាទីក្នុងការជំរុញឱ្យមានការចរចាព្រំដែនរវាងប្រទេសទាំងពីរដែរឬទេ? ឬមួយ​ក៏​មេដឹកនាំប្រទេស​ជិតខាង​ទាំង​ពីរ​គ្រាន់តែ​ជួប​គ្នា ចាប់ដៃ​សម្ដែង​ការគួរសម? មេដឹកនាំទាំងពីរមិនបានអង្គុយនៅតុចរចាជាមួយគ្នាឡើយ ចាប់តាំងពីខែធ្នូមក។

    នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកក្កដានេះ លោក ហ៊ុន ម៉ាណែត នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ព្រមទាំងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ចំណែកលោក អានុទីន ត្រូវបានរាយការណ៍ថា នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការបរទេសរបស់លោកដែរ គឺលោក ស៊ីហាសាក់ ភួងកេតកែវ។

    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ សុទ្ធតែមានកម្មវិធីគ្រោងនឹងជួបជាមួយលោក ស៊ី ជីនពីង ក៏ដូចជានាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដូចគ្នា។

    សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចការងារនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងចិន ក្នុងការពង្រឹងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។

    សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ដំណើរទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីក្នុងការជំរុញការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កែលម្អក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។

    ចំណែកក្រសួងការបរទេសថៃ ក៏បានចេញសេចក្តីប្រកាសព័ត៌មានដែរថា៖ «ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងថៃ និងចិន ដើម្បីផលប្រយោជន៍រួមនៃប្រជាជនទាំងពីរ»។

    កាលពីដើមខែមិថុនា លោក ហ៊ុន ម៉ាណែត និងលោក អានុទីន បានចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (AFF 2026) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នាពេលនោះ នាយករដ្ឋមន្ត្រីទាំងពីរបានត្រឹមតែចាប់ដៃគ្នាសម្រាប់ការថតរូបប៉ុណ្ណោះ ប៉ុន្តែមិនមានការពិភាក្សាណាមួយដែលនិយាយ​អំពី​ដំណោះ​ស្រាយបញ្ហាវិវាទព្រំដែនដែលកំពុងបន្តនោះទេ។

    អ្នកវិភាគ​មួយ​ចំនួន​បានលើកឡើងថា ប្រទេសចិននឹងប្រើប្រាស់ឥទ្ធិពល​របស់ខ្លួន​ក្នុង​នាម​ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសទាំងពីរ និង​ឥទ្ធិពលនយោបាយ​ដើម្បីជំរុញឱ្យមេដឹក​នាំ​ទាំង​ពីរ​ស្វែងរកដំណោះស្រាយជម្លោះ។

    ទោះជាយ៉ាងណាក៏ដោយ បើតាមលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឧបសគ្គចម្បងក្នុងការស្វែងរកដំណោះស្រាយ អាចមកពីអ្នកដែល «កាន់អំណាចពិតប្រាកដ» នៅក្នុងប្រទេសថៃ។

    លោក គិន ភា ថ្លែងថា៖ «យោធាថៃមិនបានអនុវត្តវិធានការដែលរដ្ឋាភិបាលស៊ីវិលរបស់ពួកគេបានយល់ព្រមជាមួយភាគីកម្ពុជានោះទេ។ ពួកគេអនុញ្ញាតឱ្យយោធាធ្វើសកម្មភាពតាមអំពើចិត្ត រួមទាំងការរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជា»។

    លោកបានបន្ថែមថា៖ «ចិនគួរតែជំរុញឱ្យប្រទេសទាំងពីរជួបចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈមាគ៌ាការទូត ឬការពិគ្រោះយោបល់ផ្សេងៗ ផ្អែកលើច្បាប់អន្តរជាតិ។ ចិនគួរតែដើរតួនាទីសកម្មជាងនេះជាអាជ្ញាកណ្តាល ដើម្បីឱ្យប្រទេសទាំងពីរអាចដោះស្រាយជម្លោះ បញ្ចប់ភាពតានតឹង និងវិលទៅរកភាពប្រក្រតីវិញ»។

    លោកបានកត់សម្គាល់ថា បំណងទាំងនេះត្រូវបានប្រកាសនៅក្នុង​សេចក្ដីថ្លែងការណ៍ កុងសង់ស៊ីសហ្វូស៊ាន (Fuxian Consensus) ដែលសម្រេចបានតាមរយៈការសម្របសម្រួលរបស់ចិន កាលពីខែធ្នូ ឆ្នាំ២០២៥។

    លោកបន្ថែមថា៖ «ថៃត្រូវតែត្រូវបានបង្ខំឱ្យគោរពកុងសង់ស៊ីសនេះ។ ពួកគេត្រូវតែដកទ័ពចេញពីតំបន់កាន់កាប់លើ​ដី​កម្ពុជា ហើយ​វិលត្រឡប់មករកតុចរចា ក៏ដូចជាធ្វើការជាមួយគណៈកម្មការចម្រុះព្រំដែន (JBC) ដោយមិនត្រូវពន្យារពេលទៀតឡើយ»។

    បច្ចុប្បន្ន ផ្នែកខ្លះនៃទឹកដីកម្ពុជានៅតែស្ថិតក្រោមការកាន់កាប់របស់ថៃ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាប្រមាណ ២០.០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    នៀម ឆេង

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.