កម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាដាក់ចេញនូវកញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួម ក្នុងគោលបំណងបង្កើននូវភាពទាក់ទាញ និងជំរុញដំណើរទេសចរណ៍នៅក្នុងដែនដីអតីតសហភាពឥណ្ឌូចិនឱ្យបានកាន់តែច្រើនថែមទៀតទៅដល់ប្រជាជននៃប្រទេសទាំង ៣ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀត។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលតំណាងថ្នាក់ដឹកនាំនៃវិស័យទេសចរណ៍ប្រទេសទាំង ៣ បានទៅចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន លើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា, គណៈប្រតិភូឡាវ ដឹកនាំដោយលោកស្រី Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកស្រី Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម(VNAT)។
ខ្លឹមសារនៃជំនួបនេះ គឺដើម្បីពិភាក្សាពីវឌ្ឍនភាព និងការដាក់ចេញផែនការអាទិភាពដើម្បីជំរុញយុទ្ធនាការ«ប្រទេសបី គោលដៅមួយ»។ ដើម្បីជំរុញយុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លែផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំង ៣ បានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា(Joint Package Tour) ដោយរួមមាន ៣ ថ្ងៃនៅប្រទេសវៀតណាម ៣ ថ្ងៃនៅប្រទេសកម្ពុជា និង៣ ថ្ងៃនៅប្រទេសឡាវ ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ។ ការរៀបចំរួមគ្នានេះ គឺដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី (Intra-Regional Travelers) និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣ (Plus-One Countries)។
ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមាន ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម, ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា…), ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet), និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ ព្រមទាំងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំង ៣ និងពីប្រទេសទី ៣។
តាមរយៈជំបនួបនេះ មន្រ្តីជំនាញទាំង ៣ ប្រទេសបានសន្យានឹងបន្តជួបគ្នាជាថ្មីទៀតដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៤ លាននាក់ ថយចុះ ៤៧,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួន ២,៩៥ លានានាក់។ ក្នុងនោះភ្ញៀវជនជាតិវៀតណាម មានចំនួន ៣៨១ ០៦២នាក់ ចំណែកភ្ញៀវជនជាតិឡាវ ៩ ០៥១នាក់៕
