ភ្នំពេញ: រដ្ឋាភិបាលកំពុងពង្រីកការប្រើយន្តការវាយតម្លៃ និងការប្រកួតប្រជែងជាវិជ្ជមានរវាងសាលារៀន និងមណ្ឌលសុខភាព ដើម្បីជំរុញការកែលម្អគុណភាពសេវាសាធារណៈ ខណៈអង្គភាពចំនួន ៣០ ត្រូវបានជ្រើសរើសជាអង្គភាពគំរូឆ្នាំ២០២៥ ក្រោយការអនុវត្តកម្មវិធីនេះឈានចូលជំហានទី២។
អនុវិទ្យាល័យចំនួន ១០ សាលាបឋមសិក្សាចំនួន ១០ និងមណ្ឌលសុខភាពចំនួន ១០ ត្រូវបានប្រកាសជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងពិធីមួយនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកក្កដា។
ពិធីនេះដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមានអ្នកចូលរួមជាង ២ ០០០នាក់ មកពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស។
យោងតាមក្រសួងមុខងារសាធារណៈ ការវាយតម្លៃអង្គភាពគំរូឆ្នាំ២០២៥ គឺជាជំហានទី២ នៃយន្តការនេះ បន្ទាប់ពីការអនុវត្តជំហានដំបូងនៅឆ្នាំ២០២៣ ដោយពង្រីកការវាយតម្លៃលើអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានថ្លែងក្នុងរបាយការណ៍បូកសរុបថា គណៈកម្មការបានអនុវត្តការវាយតម្លៃតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដោយផ្តោតលើតម្លាភាព ការទទួលខុសត្រូវ សុចរិតភាព និងយុត្តិធម៌។

តាមរយៈដំណើរការនេះ គ.វ.ជ. បានជ្រើសរើសអនុវិទ្យាល័យ ១០ សាលាបឋមសិក្សា ១០ និងមណ្ឌលសុខភាព ១០ ជាជ័យលាភីសម្រាប់ឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា បញ្ជីជ័យលាភីត្រូវបានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ ដាក់ស្នើប្រមុខរដ្ឋាភិបាលពិនិត្យ និងសម្រេច មុនការប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់រង្វាន់នៅក្នុងពិធីថ្ងៃទី១៤ ខែកក្កដា។
ការជ្រើសរើសអង្គភាពគំរូនេះត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលមើលឃើញថា លើសពីការប្រកួតប្រជែងដើម្បីទទួលពានរង្វាន់ ដោយយន្តការវាយតម្លៃកំពុងត្រូវបានប្រើជាឧបករណ៍ជំរុញអង្គភាពសាធារណៈឱ្យពិនិត្យមើលការអនុវត្ត និងកែលម្អសេវារបស់ខ្លួន។
លោក ហ៊ុន ម៉ានី បានចាត់ទុកសមិទ្ធផលរបស់អង្គភាពជ័យលាភីថា មិនមែនជាមោទនភាពផ្ទាល់ខ្លួនរបស់សាលារៀន ឬមណ្ឌលសុខភាពនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការរីកចម្រើន និងជាផ្លែផ្កានៃការកែទម្រង់រដ្ឋបាលសាធារណៈ។
លោកបានកោតសរសើរចំពោះអង្គភាពក្នុងវិស័យអប់រំ និងសុខាភិបាល ដែលបានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពសេវា ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់អង្គភាពដែលមិនទាន់ទទួលបានជ័យលាភី ឱ្យបន្តកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានហៅយន្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូថា ជា «កាតាលីករ និងជាកញ្ចក់ឆ្លុះ» ដ៏មានប្រសិទ្ធភាពសម្រាប់វិស័យអប់រំ។
លោកថា យន្តការនេះបានជំរុញស្មារតីប្រកួតប្រជែងជាវិជ្ជមានក្នុងចំណោមសាលារៀន ខណៈលក្ខណៈវិនិច្ឆ័យ និងវិធីសាស្ត្រវាយតម្លៃបានក្លាយជាមគ្គុទេសក៍ផ្នែកអភិបាលកិច្ច ដែលជួយឱ្យសាលារៀនស្គាល់ចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន។
ក្នុងឆ្នាំ២០២៥ សាលារៀនចំនួន ១០០ ត្រូវបានកំណត់ជាគោលដៅសម្រាប់ការវាយតម្លៃ ក្នុងនោះសាលាចំនួន ២០ ត្រូវបានជ្រើសរើសជាជ័យលាភី គឺសាលាបឋមសិក្សា ១០ និងអនុវិទ្យាល័យ ១០។
ទោះជាយ៉ាងណា លោក ហង់ ជួនណារ៉ុន បានលើកឡើងថា ឥទ្ធិពលនៃយន្តការនេះមិនកំណត់ត្រឹមសាលាទាំង ១០០ នោះទេ ដោយសាលារៀនរាប់ពាន់នៅទូទាំងប្រទេសអាចប្រើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ ដើម្បីពិនិត្យមើល និងកែលម្អការគ្រប់គ្រងរបស់ខ្លួន។
លោកបន្តថា សមិទ្ធផលរបស់សាលាជ័យលាភីបង្ហាញថា នៅពេលសាលារៀនមានអភិបាលកិច្ចល្អ ការដឹកនាំប្រកបដោយនវានុវត្តន៍ និងការចូលរួមពីសហគមន៍ គុណភាពអប់រំនឹងត្រូវបានលើកកម្ពស់ និងបង្កើត «ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធអប់រំរដ្ឋ»។
ក្នុងវិស័យសុខាភិបាល លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុកការវាយតម្លៃអង្គភាពសាធារណៈគំរូថា ជា «កត្តាលីករដ៏មុតស្រួច» ក្នុងការជំរុញការកែលម្អគុណភាពសេវាសុខាភិបាល និងបង្កើនលទ្ធផលសុខភាព។
លោកថា ការវាយតម្លៃបានជួយគាំទ្រមូលដ្ឋានសុខាភិបាលក្នុងការកែលម្អសេវាប្រកបដោយនវានុវត្តន៍ និងបរិយាបន្ន ផ្តល់ការលើកទឹកចិត្តដល់បុគ្គលិក និងជាពិសេសបង្កើនទំនុកចិត្ត និងការរំពឹងទុករបស់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ។
ក្រសួងសុខាភិបាលបានជំរុញឱ្យមូលដ្ឋានសុខាភិបាល ថ្នាក់ដឹកនាំសុខាភិបាលជាតិ រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តចូលរួម និងគាំទ្រការវាយតម្លៃអង្គភាពគំរូ ដើម្បីលើកកម្ពស់គុណភាពសេវា និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
សម្រាប់ឆ្នាំ២០២៥ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្រិតបឋមសិក្សា ខណៈអនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្រិតអនុវិទ្យាល័យ។
មណ្ឌលសុខភាព គោកចក ក៏ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមមណ្ឌលសុខភាពជ័យលាភីឆ្នាំ២០២៥។
សម្រាប់ថ្នាក់ដឹកនាំវិស័យទាំងពីរ ការប្រកួតប្រជែងរបស់អង្គភាពសាធារណៈគំរូត្រូវបានរំពឹងថា នឹងបង្កើតសម្ពាធជាវិជ្ជមានលើសាលារៀន និងមណ្ឌលសុខភាពឱ្យបន្តកែលម្អអភិបាលកិច្ច គណនេយ្យភាព និងគុណភាពសេវា ខណៈគោលដៅចុងក្រោយ គឺការបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋលើសេវាសាធារណៈរបស់រដ្ឋ៕
