Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»សេដ្ឋកិច្ច»​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១
    សេដ្ឋកិច្ច

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    ហ៊ឹន ពិសីBy ហ៊ឹន ពិសីJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ទិដ្ឋភាពនៅ​ក្នុង​រោងចក្រផលិត​សំបកកង់​រថយន្ត​មួយ​កន្លែង​នៅ​ប្រទេស​កម្ពុជា។ សហការី
    ទិដ្ឋភាពនៅ​ក្នុង​រោងចក្រផលិត​សំបកកង់​រថយន្ត​មួយ​កន្លែង​នៅ​ប្រទេស​កម្ពុជា។ សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    វិនិយោគិនកម្ពុជា​បាន​ឈរ​នៅ​លើ​គេក្នុង​នាម​​ជា​អ្នក​​​​បញ្ចេញ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​​ក្នុង​​ឆមាស​ទី​១ ​ឆ្នាំ​២០២៦ ​មានទឹក​ប្រាក់​ជាង​ ២ ពាន់​លាន​ដុល្លារ ខណៈតាម​ពី​ក្រោយ​ដោយ​វិនិយោគិន​ចិន សិង្ហបុរី និង​ម៉ាឡេស៊ី។

    ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ចេញ​ផ្សាយ​កាល​ពីល្ងាច​ថ្ងៃ​ទី​១៤ ខែ​កក្កដា ​នេះ​ឱ្យ​ដឹង​ថា ក្នុងឆមាស​ទី​១ ឆ្នាំ២០២៦ គម្រោង​វិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា (ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត) មានចំនួនសរុប ២៧៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤,៧ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ១៦០​ ពាន់កន្លែង។

    វិនិយោគិន​កម្ពុជា គឺ​ជា​អ្នក​ដែល​បាន​បញ្ចេញ​ទុន​វិនិយោគ​ច្រើន​ជាង​គេ ដោយ​មាន​ចំណែក ៤១,៧៤% នៃ​ចំនួន​ទុន​វិនិយោគសរុប ៤,៧ ពាន់​លាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ​ជន​ជាតិ​ចិន ៣៥,៧៥%, សិង្ហបុរី ១៥,៣៨%, ម៉ាឡេស៊ី ៤,២៦% ក្រៅ​ពី​នោះ​រួម​មាន ហូឡង់, កោះ British Virgin, កោះ Marshall, កោះ Samoa, ជប៉ុន និង​សហរដ្ឋអាមេរិក។​

    CDC ឱ្យ​ដឹង​ទៀត​​ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២៧៦ គឺ​មានគម្រោងចំនួន ១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់​លានដុល្លារ និងអាចបង្កើតការងារបានជាង ១២០ ពាន់កន្លែងត្រូវបានចុះបញ្ជីដោយ CDC ដែលក្នុងនោះ​គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០៥, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៩។ ដោយ ឡែកគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី​-​ខេត្ត មានចំនួន ៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១ លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ៣៥ ពាន់កន្លែង។

    យោងតាម CDC គម្រោង​ដែល​លេចធ្លោក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មាន​ដូចជា គម្រោង​វិនិយោគបង្កើត​កសិដ្ឋាន​ចិញ្ចឹម​ និង​បង្កាត់​ពូជសត្វ​ស្វា, គម្រោង​បង្កើត​កសិដ្ឋាន​ដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រ, គម្រោងពង្រីកផលិតកម្ម និង​បន្ថែម​អគារ​រោងចក្រ​កែច្នៃផ្លែស្វាយ គ្រាប់​ស្វាយចន្ទី ចេក ខ្មុរ, គម្រោង​ពង្រីកផលិតកម្ម និង​បន្ថែម​អគារផលិតកម្ម​រោងចក្រ​ស៊ីម៉ងត៍, គម្រោង​បង្កើតរោងចក្រ​ជ្រលក់​ពណ៌, រោងចក្រ​ផលិត​ក្រណាត់​គ្រប់​ប្រភេទ, រោងចក្រ​ផលិតមី និង​គ្រឿង​ផ្សំសម្រាប់មី, រោងចក្រ​ផលិត​ត្រីខកំប៉ុង និង​ទឹក​ត្រី, សណ្ឋាគារផ្កាយ ៥, ស្ថានីយផលិតអគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ពី​ព្រះ​អាទិត្យ, ស្ថានីយផលិតអគ្គិសនី​ដើរ​ដោយ​ថាមពល​ខ្យល់, ស្ថានីយផលិតអគ្គិសនី​ដើរ​ដោយ​ថាមពល​ជីវម៉ាស, រោងចក្រ​ផលិតសំបកកង់​រថយន្ត និង​ពោះវៀនកង់, រោងចក្រ​ផលិត​ក្រដាស, រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​អគ្គិសនី, រោងចក្រ​ផលិតគ្រឿង​សង្ហារិម​អគ្គិសនី, និង​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ជា​ដើម​។

    អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ក្នុង​ថ្ងៃទី​១៥ ខែកក្កដា ​ថា ទោះបីជាស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក និង​បញ្ហា​ជម្លោះនៅ​ព្រំដែន​​ដែល​បង្កឡើង​ដោយ​ភាគីថៃមកលើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជាក៏​ដោយ ក៏​កម្ពុជា​​នៅ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទាក់​ទាញ​ឱ្យ​មានការ​បណ្តាក់​ទុន​ថ្មីៗ​​ជា​បន្ត​បន្ទាប់​។ លោក​បន្តថា កំណើន​ចំនួន​គម្រោង​ស្នើសុំ​វិនិយោគ និង​ការអនុម័ត​ពី CDC គឺ​ដោយសារ​មាន​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការសម្រេច​បានជា​បន្ត​បន្ទាប់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ជា​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ជាមួយនឹង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​, ការដាក់ចេញ​គោលនយោបាយ​ទាក់ទាញ​អ្នកវិនិយោគ​របស់​កម្ពុជា​ និង​កត្តាកម្លាំង​ពលកម្ម​ជំនាញ​ផងដែរ​។

    លោក​បាន​និយាយថា​៖ «​លក្ខណពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ និង​យុទ្ធសាស្ត្រ​ទាំងអស់​ខាងលើ​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​កំពុងតែ​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជាច្រើន​ឱ្យចូល​មក​ប្រទេស​កម្ពុជា​»​។

    ជាមួយ​នឹង​សុទិដ្ឋិនិយម​ខាងលើ លោក លឹម ហេង បាន​ប្រាប់ទៀត​ថា​៖ «​អ្វីដែល​ពិសេស​សម្រាប់​រយៈពេល​ចុងក្រោយ​នេះ គឺ​ខ្ញុំ​សង្កេតឃើញថា គម្រោង​ដែល CDC អនុម័ត គឺមាន​លក្ខណៈ​ចម្រុះ​គួរឱ្យ​កត់សម្គាល់ ដែលមាន​ទាំង​ឧស្សាហកម្ម​ធុនស្រាល មធ្យម និង​ធ្ងន់​។ មួយ​វិញ​ទៀត ការ​កើន​ឡើង​នៃ​ចំនួន​ទុន​វិនិយោគ​ក្នុង​ស្រុក​ ក៏​បញ្ជាក់​ពី​ភាព​រឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជាផងដែរ​»។

    លោក​ពន្យល់ថា ការវិនិយោគ​ដែលមាន​លក្ខណៈ​ចម្រុះ​បែបនេះ​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​លំនឹង​កាន់តែខ្លាំង ព្រោះ​បើ​ទីផ្សារ​នាំចេញ​ផ្នែក​ណាមួយ​មាន​បញ្ហា គឺ​វា​មិនអាច​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​ជាប់គាំង​នោះទេ​។

    បើ​យោងតាម លោក លឹម ហេង ការចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​នៃ​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក និង​កំណើន​វិនិយោគ​ដែលមាន​លក្ខណៈ​ចម្រុះ​ក៏​កំពុង​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​របស់​កម្ពុជា​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​អាច​នឹង​បាត់បង់​នាពេល​ខាងមុខ​ដូចជា EBA និង GSP ផងដែរ​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហ៊ឹន ពិសី

    Related Posts

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​

    July 14, 2026

    ធនាគារ ហ្វីលីព (Phillip Bank)ប្រកាសបើកសម្ពោធ «Shiok Sabay 2026» ជាមួយកម្មវិធីពិព័រណ៍កម្សាន្ត និងការផ្តល់ជូនពិសេសៗយ៉ាងច្រើនសម្រាប់អតិថិជន

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.