យោធាកម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅតាមព្រំដែន ក្នុងខណៈដែលក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការនៅថ្ងៃទី១៥ ខែកក្កដានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងលេខាធិការដ្ឋានទាំងពីរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយចំពោះបញ្ហានានាដោយសន្តិវិធី និងទាន់ពេលវេលា ដើម្បីបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ និងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។
គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ RBC កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ RBC ថៃ។
លោកស្រី សុជាតា បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ និងសកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច»។
កម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចំពោះហេតុការណ៍បាញ់ និងការបង្កផ្ទុះនានា ភាគីកម្ពុជាបានស្នើឱ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងបានអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីធានាថាហេតុការណ៍បែបនេះមិនកើតមានបន្តទៀត និងចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។
លោកស្រីបន្ថែមថា ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយដែលនាំទៅដល់ការបង្កហេតុ ដូចជាការបាញ់បោះ ការរាយបន្លាលួស និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។
លោកស្រីបន្តថា៖ «បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី»។
ភាគីកម្ពុជាក៏បានបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាពប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។
លោកស្រីបញ្ជាក់ថា ការប្តេជ្ញាចិត្តទាំងនេះ គឺ៖ «សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ»៕
