ពោធិ៍សាត់ៈ មន្រ្តីឧទ្យានុរក្សបរិស្ថាននៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃបានប្រទះឃើញបង្គួយបន្លាភ្នំ ឬ បង្គួយស្នែង កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់ ១ ៥៥១ ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា បង្គួយប្រភេទនេះ ឃើញភ្លាមៗហាក់ដូចជាកូនសត្វដាយណូស័រសម័យដើម។ ប៉ុន្តែវាមិនមែននោះទេ ហើយវាក៏មិនមែនជាសត្វចម្លែកអ្វីនោះដែរ។ ក្រុមអ្នកដើរព្រៃបានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញនៅក្នុងជីវៈចម្រុះដទៃនៅតាមតំបន់ការពារផ្សេងទៀតនៅកម្ពុជានោះទេ។
បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានគេស្គាល់ឈ្មោះវិទ្យាសាស្ត្រថា Acanthosaura ឬគេច្រើនស្គាល់ថា Mountain Horned Dragon។ លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា៖ ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល ដែលមើលទៅដូចស្នែង និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង។ ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។
ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ។
តំបន់ការពារធម្មជាតិនៅកម្ពុជា គឺជាមរតកធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ។ តំបន់ការពារធម្មជាតិទាំងនោះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា៕
