Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»AHF កម្ពុជា ផ្ដល់ការ​ព្យាបាល និង​ពង្រឹង​ជីវភាព​អ្នករស់នៅជាមួយមេរោគអេដស៍ ពង្រីកការថែទាំសុខភាពទៅដល់​សាលារៀន ​
    ព័ត៌មានជាតិ

    AHF កម្ពុជា ផ្ដល់ការ​ព្យាបាល និង​ពង្រឹង​ជីវភាព​អ្នករស់នៅជាមួយមេរោគអេដស៍ ពង្រីកការថែទាំសុខភាពទៅដល់​សាលារៀន ​

    ហុង រស្មីBy ហុង រស្មីJuly 16, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ផ្ដល់ការគាំទ្រ និងផ្តល់ឳសថព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់ប្រជាជនជាង ៣ លាននាក់នៅទូទាំង ៥០ ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងនៅអាហ្វ្រិក អាមេរិកឡាទីន/ការ៉ាប៊ីន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត។រូបថត ហុង រស្មី
    អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ផ្ដល់ការគាំទ្រ និងផ្តល់ឳសថព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់ប្រជាជនជាង ៣ លាននាក់នៅទូទាំង ៥០ ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងនៅអាហ្វ្រិក អាមេរិកឡាទីន/ការ៉ាប៊ីន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត។រូបថត ហុង រស្មី
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ តាមរយៈ​ គេហទំព័រ AHF ជាងពីរទសវត្សរ៍ក្រោយពីដឹងថា ខ្លួនរស់នៅជាមួយមេរោគអេដស៍ រឿងរ៉ាវរបស់អ្នកស្រី ស សាវឿន លែងត្រូវបានកំណត់ដោយការព្យាបាលតែមួយមុខទៀតហើយ។

    ស្ត្រីវ័យ ៤៨ ឆ្នាំរូបនេះ មកពីខេត្តស្វាយរៀង បានបាត់បង់ស្វាមីនៅឆ្នាំ ១៩៩៧ ហើយក្រោយមកបានប្រឈមនឹងជំងឺ ស្រកទម្ងន់ និងការរើសអើង មុនពេលធ្វើតេស្តឃើញមានផ្ទុកមេរោគអេដស៍នៅខែវិច្ឆិកា ឆ្នាំ ២០០៣។

    តាមរយៈការប្រឹក្សា ការចុះសួរសុខទុក្ខតាមផ្ទះ និងការថែទាំវេជ្ជសាស្ត្រ ស្ថានភាពជំងឺ​អ្នកស្រីបាន​ប្រសើរឡើង​ និងក្លាយជាអ្នកអប់រំមិត្តភក្តិ ដើម្បីជួយអ្នកដទៃដែលប្រឈមនឹងបញ្ហាដូចគ្នា។

    ដំណើររបស់អ្នកស្រី ក្រោយមកបានឈានហួសពីការព្យាបាលនៅគ្លីនិក។

    តាមរយៈកម្មវិធី «អាហារសម្រាប់សុខភាព» ឬ​ Food for Health របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា អ្នកស្រី សាវឿន បានទទួលការគាំទ្រសម្រាប់ការចិញ្ចឹមខ្យង និងមាន់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។

    អ្នកស្រីបានប្រាប់របាយការណ៍យុទ្ធសាស្ត្រ និងមេរៀនបទពិសោធន៍ប្រកបដោយប្រសិទ្ធភាពនៅអាស៊ី ឆ្នាំ ២០២៥ របស់ AHF ថា ការគាំទ្រនេះ «បានធ្វើឱ្យស្ថិរភាពហិរញ្ញវត្ថុ និងគុណភាពជីវិតរបស់គ្រួសារខ្ញុំប្រសើរឡើង»។

    អ្នកស្រីបន្ថែមថា ការគាំទ្រ និងការទទួលយកបានជួយឱ្យខ្លួនឆ្លងផុតពីការរើសអើង និងកសាងជីវិតដែលមាន «គោលបំណង និងសេចក្តីថ្លៃថ្នូរ»។

    បទពិសោធន៍របស់អ្នកស្រី សាវឿន ឆ្លុះបញ្ចាំងពីវិធីសាស្ត្រថែទាំសុខភាពកាន់តែទូលំទូលាយរបស់ AHF កម្ពុជា បន្ទាប់ពីបានធ្វើការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ។

    ទោះបីការបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍នៅតែជាមូលដ្ឋានស្នូលក៏ដោយ ការងាររបស់អង្គការនេះក៏គ្របដណ្ដប់លើសេវាសុខភាពផ្លូវភេទប្រកបដោយការសម្ងាត់ ការពង្រឹងសមត្ថភាពកុមារី និងសុខភាពពេលមករដូវ អាហារូបត្ថម្ភ ជីវភាពរស់នៅ និងការតស៊ូមតិផ្នែកសុខភាពសាធារណៈ។

    ​នេះទទួលស្គាល់ថា ឱសថតែមួយមុខមិនអាចដោះស្រាយភាពក្រីក្រ ការរើសអើង ឧបសគ្គយេនឌ័រ និងការខ្វះព័ត៌មានសុខភាពបានឡើយ។

    ការងារនេះកើតឡើងស្របពេលកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅសកល ៩៥-៩៥-៩៥ ស្តីពីមេរោគអេដស៍។

    សមិទ្ធផលនេះមានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពរបស់ខ្លួន ៩៥% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងព្យាបាលសម្រេចបានការបង្ក្រាបបរិមាណមេរោគ។

    ទោះជាយ៉ាងណា តាមរយៈរបាយការណ៍​របស់រាជរដ្ឋាភិបាល​ កម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានករណីឆ្លងថ្មីជិត ១ ០០០ ករណីក្នុងឆ្នាំ ២០២៥ ដែលភាគច្រើនកើតមានក្នុងចំណោមក្រុមប្រជាជនគន្លឹះ និងដៃគូរបស់ពួកគេ។ កម្ពុជាមានគោលដៅកាត់បន្ថយការឆ្លងថ្មីប្រចាំឆ្នាំឱ្យនៅក្រោម ២៥០ ករណីត្រឹមឆ្នាំ ២០៣០។

    AHF កម្ពុជា គាំទ្រសេវាព្យាបាលមេរោគអេដស៍តាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តចំនួន ១៩ ដោយសហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងដៃគូពាក់ព័ន្ធ។ រូបថត​ សហការី

    សេវាសុខភាពដែលទាក់ទងការឆ្លងមេរោគអេដស៍ និងកាមរោគ ប្រកបដោយការសម្ងាត់ និងមិនមានការរើសអើង​

    AHF កម្ពុជា គាំទ្រសេវាព្យាបាលមេរោគអេដស៍តាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តចំនួន ១៩ ដោយសហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងដៃគូពាក់ព័ន្ធ។

    យោងតាម AHF កម្ពុជា បាន​ឱ្យដឹងថា​៖ «​ការងាររបស់ខ្លួនរួមមាន ការធ្វើតេស្តរកមេរោគអេដស៍ កាមរោគ  ការគាំទ្រការការថែទាំ និងព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍  ការផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យ និងការងារអប់រំតាមសហគមន៍»។

    អង្គការបានបន្ដថា​៖ «​រថយន្តធ្វើតេស្តចល័ត ដែលដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៧ ក៏បាននាំសេវាទៅកាន់សហគមន៍ដាច់ស្រយាល និងតំបន់ព្រំដែនផងដែរ»។

    ការងាររបស់ AHF ក៏បានពង្រីកទៅកាន់សេវាសុខភាពផ្លូវភេទទូលំទូលាយតាមរយៈមណ្ឌលថែទាំសុខភាព ដោយឥតគិតថ្លៃ ផ្តល់ការពិនិត្យ​ និងព្យាបាលកាមរោគ Wellness Centre នៅរាជធានីភ្នំពេញ ដែលផ្តល់ការធ្វើតេស្ត និងព្យាបាលដោយរក្សាការសម្ងាត់។

    សេវាទាំងនេះរួមមាន ការធ្វើតេស្តមេរោគអេដស៍ ជំងឺស្វាយ ជំងឺខ្លាមីឌៀ និងប្រមេះ ព្រមទាំងថ្នាំបង្ការមុនប្រឈមនឹងការឆ្លងមេរោគអេដស៍  ការថែទាំដោយឱសថប្រឆាំងមេរោគអេដស៍ ស្រោមអនាម័យ និងការគ្រប់គ្រងជំងឺឆ្លងតាមផ្លូវភេទ។

    សេវាទាំងនេះមានសារៈសំខាន់សម្រាប់អ្នកដែលអាចស្ទាក់ស្ទើរក្នុងការស្វែងរកការព្យាបាល ដោយសារព្រួយបារម្ភពីភាពឯកជន ការរើសអើង ឬការវាយតម្លៃពីអ្នកដទៃ។

    លោក ស៊ឹម សុផល មន្ត្រីនៃវេទិកាបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ នៃគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព បានរំឭកពីការភ័យខ្លាចក្រោយដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនកាលពីជាង ២០ ឆ្នាំមុន។​

    លោក សុផល ត្រូវ​បានដកស្រង់ដោយ​ UNAIDS ដោយ​បាន​និយាយថា៖ «ខ្ញុំបានត្រៀមខ្លួនស្លាប់រួចទៅហើយ»។

    ក្រោយមក លោកបានក្លាយជាអ្នកស្ម័គ្រចិត្តសហគមន៍ ចុះទៅតាមផ្ទះដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើតេស្ត ចាប់ផ្ដើមព្យាបាល និងបន្តទទួលសេវាថែទាំជាច្រើន​។

    លោកបានបញ្ជាក់ថា៖ «ពួកគេស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតពីមេរោគអេដស៍ ហើយមិនត្រូវបាន​ទុក​ឱ្យ​ចោល​ដោយ​គ្មាន​ការ​យកចិត្ដ​ទុកដាក់​ឡើយ។ ប្រសិនបើយើងការពារសុខភាព និងសិទ្ធិរបស់ពួកគេ យើងអាចបញ្ចប់អេដស៍បាន»។

    ក្រុមយុវជន និងក្មេងស្រី ​ក្នុង​កម្មវិធី Girls Act របស់ AHF កម្ពុជា ផ្តោតលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ សុខភាពពេលមករដូវ ការអប់រំ និងភាពជាអ្នកដឹកនាំរបស់កុមារី និងយុវនារី។ រូបថត សហការី

    ពង្រឹងសុខភាព និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី​

    កម្មវិធី Girls Act របស់ AHF កម្ពុជា ផ្តោតលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងជាពិសេសសុខភាពពេលមករដូវ ការអប់រំ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងយុវនារី។ កម្ពុជាជាប្រទេសដំបូងគេនៅអាស៊ីដែលបានដាក់ឱ្យអនុវត្តកម្មវិធីនេះ។

    តាមរយៈគេហទំព័រ​ AHF global កញ្ញា មន ស្រីកា អាយុ ១៩ ឆ្នាំ មកពីតំបន់ព្រៃស បាននិយាយថា មុនចូលរួមកម្មវិធី Girls Act ក្នុងឆ្នាំ ២០២០ កញ្ញា​មានចំណេះដឹង «តិចតួចណាស់អំពីសុខភាពបន្តពូជ ឬបញ្ហាពាក់ព័ន្ធនឹងមេរោគអេដស៍»។

    ក្រោយមក កញ្ញា​បានចូលរួមសម្របសម្រួលកិច្ចពិភាក្សាជាមួយក្មេងស្រី មកពីគ្រួសារក្រីក្រ និងគ្រួសាររងផលប៉ះពាល់ដោយ និងរស់នៅមេរោគអេដស៍។

    ស្រីកា បានលើកឡើងថា ការរឹតត្បិតពីគ្រួសារ ភាពអៀនខ្មាស និងការភ័យខ្លាចការរើសអើង នៅតែធ្វើឱ្យយុវនារីមួយចំនួនមិនហ៊ានពិភាក្សាពីបញ្ហាសុខភាពរបស់ពួកគេ និងជាពិសេស​កេ្មងស្រីដែលរស់នៅជាមួយមេរោគអេដស៍។

    កញ្ញា​បាននិយាយថា កម្មវិធីនេះបានផ្តល់ឱ្យនាងនូវ «ទំនុកចិត្ត ជំនាញ និងការប្ដេជ្ញាចិត្តដើម្បីសម្រេចក្ដីសុបិនរបស់ខ្ញុំ និងអាចជួយក្មេងស្រី​ជាច្រើនទៀត»។

    AHF ក៏បានជម្រុញ​បង្កើតកន្លែងអនាម័យនៅតាមសាលារៀន​សម្រាប់ពេលមករដូវនៅតាមសាលារៀន ដើម្បីផ្តល់សម្ភារៈអនាម័យ និងព័ត៌មានសុខភាពដល់ក្មេងស្រី។ គោលបំណងមិនត្រឹមតែផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែបង្កើតបរិយាកាសដែលក្មេងស្រី​អាចសួរនាំអំពីសុខភាពរបស់ពួកគេដោយគ្មានភាពអៀនខ្មាស។

    អាហាររូបបត្ថម្ភ និងប្រាក់ចំណូលក្លាយជាបញ្ហាសុខភាព

    អង្គការបានឱ្យដឹង​ថា កម្មវិធី​អាហារសម្រាប់​សុខភាព ឬ​ Food for Health គឺជាផ្នែកមួយទៀតនៃវិធីសាស្ត្រទូលំទូលាយរបស់ AHF កម្ពុជា ដោយគាំទ្រសន្តិសុខស្បៀង អាហារូបត្ថម្ភ និងមុខរបរខ្នាតតូច ដូចជា ការដាំបន្លែ ដាំដំណាំហូបផ្លែ ចិញ្ចឹមត្រី ខ្យង និងមាន់ ដែលអាចជួយក្នុងការ​ទទួលបានថ្នាំជាប់លាប់​។

    គោលការណ៍សំខាន់គឺថា ការផ្តល់ថ្នាំដោយឥតគិតថ្លៃអាចមិនគ្រប់គ្រាន់ ប្រសិនបើអ្នកជំងឺនៅតែប្រឈមនឹងថ្លៃធ្វើដំណើរ កង្វះអាហារ ឬការបាត់បង់ប្រាក់ចំណូល។

    សម្រាប់អ្នកស្រី សាវឿន ការគាំទ្រជីវភាពបានជួយបង្កើនស្ថិរភាពសេដ្ឋកិច្ចរបស់គ្រួសារ ខណៈអ្នកស្រីអាចបន្តជួយអ្នកដទៃដែលរស់នៅជាមួយមេរោគអេដស៍ដែលមកទទួលសេវា​​​​ និងសហគមន៍។

    ការពារសមិទ្ធផលដែលសម្រេចបាន និងស្វែងរការគាំទ្រ​

    AHF រួមបញ្ចូលការថែទាំសុខភាពជាមួយការស្វែងរកការគាំទ្រ​ដើម្បីពង្រីកលទ្ធភាពទទួលបានការព្យាបាល ឱសថមានតម្លៃសមរម្យ និងមិនមានការរើស​អើង​ និងគោលនយោបាយសុខភាពសាធារណៈ។

    យោងតាម​ UNAIDS លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានព្រមានថា សមិទ្ធផលរបស់កម្ពុជាមិនគួរធ្វើឱ្យមានការធ្វេសប្រហែសឡើយ។

    លោកបានថ្លែង​ថា៖ «សមិទ្ធផលនេះគឺជាមោទនភាពជាតិ ប៉ុន្តែវាក៏ភ្ជាប់មកជាមួយនឹងការទទួលខុសត្រូវផងដែរ»។

    បទពិសោធន៍របស់ AHF កម្ពុជា បង្ហាញថា ដំណាក់កាលបន្ទាប់នៃការថែទាំសុខភាពពឹងផ្អែកលើឱសថតែមួយមុខ តែត្រូវមានការគាំទ្របន្ថែមទៀត។

    អ្នកស្រី សាវឿន ត្រូវការការព្យាបាល ប៉ុន្តែក៏ត្រូវការការទទួលយក និងស្ថិរភាពសេដ្ឋកិច្ច។ ស្រីកា ត្រូវការព័ត៌មានសុខភាព ប៉ុន្តែក៏ត្រូវការទំនុកចិត្ត។ ខណៈបទពិសោធន៍របស់លោក សុផល បង្ហាញថា ថ្នាំឥតគិតថ្លៃមិនអាចលុបបំបាត់បញ្ហាថ្លៃធ្វើដំណើរ អាហារ និងការងារមិនមានស្ថិរភាពបានឡើយ។

    បន្ទាប់ពីជាង ២០ ឆ្នាំនៅកម្ពុជា ការថែទាំអ្នករស់នៅជាមួយមេរោគអេដស៍នៅតែជាស្នូលនៃការងាររបស់ AHF។ ប៉ុន្តែកម្មវិធីរបស់អង្គការនេះបានពង្រីកពីគ្លីនិកទៅកាន់ផ្ទះ សាលារៀន និងជីវភាពរស់នៅ ក្នុងកិច្ចខិតខំប្រឹងប្រែងធានាថា ភាពក្រីក្រ ការរើសអើង និងឧបសគ្គយេនឌ័រ មិនរារាំងសហគមន៍ងាយរងគ្រោះពីការទទួលបានសុខភាពល្អនោះទេ។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.