លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រាប់លោកស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមអនឡាញ។
ក្នុងជំនួបជាមួយលោកស្រី Zittle កាលពីថ្ងៃទី១៥ កក្កដា លោក ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងសមត្ថកិច្ចអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកថ្លែងថា៖ «យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ហើយកម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិតតាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្ត ជាមួយភាគីមិត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នានេះ»។
គ.ប.ឆ.ប. បានថ្លែងថា៖ «លោកស្រី Zittle បានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង យន្តការ និងលិខិតូបករណ៍ ក៏ដូចជាលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានលក្ខណៈស្មុគ្រស្មាញ និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ»។
លោកស្រី Zittle បានថ្លែងទៀតថា រដ្ឋាភិបាលអាមេរិក តែងតែចាត់ទុក ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាចំណុចអាទិភាពបន្ទាន់មួយ។ ភាគីអាមេរិកសង្ឃឹមថា អាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងអាចស្វែងរកកាលានុវត្តភាពបន្ថែម ដើម្បីបន្តលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។ នេះបើតាម គ.ប.ឆ.ប.។
បើយោងតាម គ.ប.ឆ.ប. កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រោងប្រព្រឹត្តទៅនាចុង ខែកញ្ញា ខាងមុខនេះ។
ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញចេញពីកម្ពុជា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ កម្ពុជាបានបណ្ដេញចេញជនបរទេសពាក់ព័ន្ធជាង ១ម៉ឺន ៦ពាន់នាក់ ខណៈដែលការដេញចេញសរុប មានជាង ៤ម៉ឺន ៥ពាន់នាក់ក្នុងរយៈពេលនេះ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
