Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»សេដ្ឋកិច្ច»កម្ពុជា​ខិត​កាន់​តែ​ជិត​ក្នុង​ការ​ចូល​ជា​រដ្ឋភាគីនៃអនុសញ្ញា និងពិធីសារអន្តរជាតិក្នុង​វិស័យ​អាកាសចរណ៍
    សេដ្ឋកិច្ច

    កម្ពុជា​ខិត​កាន់​តែ​ជិត​ក្នុង​ការ​ចូល​ជា​រដ្ឋភាគីនៃអនុសញ្ញា និងពិធីសារអន្តរជាតិក្នុង​វិស័យ​អាកាសចរណ៍

    ហ៊ឹន ពិសីBy ហ៊ឹន ពិសីJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ម៉ៅ ហាវណ្ណាល់ ឡើង​​ថ្លែងក្នុង​កិច្ច​ប្រជុំ​សភា​ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៦។ សហការី​
    លោក ម៉ៅ ហាវណ្ណាល់ ឡើង​​ថ្លែងក្នុង​កិច្ច​ប្រជុំ​សភា​ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៦។ សហការី​
    Share
    Facebook Twitter LinkedIn Pinterest Email

    វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ​នឹង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​នៅ​ពេល​ប្រទេស​កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។

    សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃ«អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន» ត្រូវ​បានសមាជិក​រដ្ឋសភា អនុម័តជា​ឯកច្ឆន្ទ ​​ក្នុង​សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

    ពាក្យ​ស័ព្ទបច្ចេកទេស«ប្រាតិភោគ» គឺជាពាក្យ អព្យាក្រឹត្យ ដែលអាចប្រើប្រាស់បែបពហុវិស័យ ដូចជា វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពន្ធដារ គយ និងច្បាប់ជាដើម ដោយផ្អែកតាមកម្មវត្ថុនៃវិស័យនីមួយៗ ប៉ុន្តែដោយឡែក ប្រាតិភោគ ជាអន្តរជាតិ នៅក្នុងន័យនេះសំដៅដល់ការធានាលំហូរហិរញ្ញប្បទានជាអន្តរជាតិ សម្រាប់ប្រតិបត្តិការក្នុងការលក់ ការទិញ ឬការជួលឧបករណ៍អាកាសយាន ជាដើម។ល។

    ​ថ្លែង​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យ​ដឹង​​ថា ការ​ផ្តល់សច្ចាប័ននៃអនុសញ្ញានិងពិធីសារអាកាសយាន នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ​ចំនួន ២។

    ​ទី១. អត្ថប្រយោជន៍ផ្នែកច្បាប់៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មានលក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួល​ចំពោះឧបករណ៍អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយនិងតែមួយ​ក្នុងការគ្រប់​គ្រងឧបករណ៍​ចល័តដែលមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ ជាដើម ដែលហៅថាប្រាតិភោគជាអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ពីគ្រប់បណ្តា​រដ្ឋភាគីផ្សេងៗទៀត តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច។ ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

    ចំណែក​ទី​២ គឺ​អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬ​ជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដោយសារតែមានប្រាតិភោគជាអន្តរជាតិលើ​គោលការណ៍អនុវត្តនៃសិទ្ធិកាន់កាប់ឡើងវិញ, ការលុបការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង។
    លោក ហាវណ្ណាល់ បាន​លើក​ឡើង​ទៀត​ថា ​ចំពោះ​ផលជះពីការចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន គឺ​កម្ពុជាទទួលបានមកវិញ​មាន​ដូចជា ១. ចូលរួមជួយកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេសដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ២. ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីៗ ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ៣. ជួយបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាននិងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ មកកាន់កម្ពុជា, និង ៤. ជួយគាំទ្រដល់ការរីកចម្រើនប្រកបដោយភាពធន់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ អាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ។
    លោក​អះអាង​ថា៖​«​បន្ថែមលើសពីនេះ អនុសញ្ញានិងពិធីសារអាកាសយាន ក៏​នឹងជួយដល់​ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុង​ការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះ ដូចជា ក្រុមហ៊ុនប៊ូអ៊ុង (Boeing) របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនកូម៉ាក់ (COMAC) របស់ប្រទេសចិន លើ​លក្ខ​ខណ្ឌ​អនុគ្រោះផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានកសាងទំនុកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់​អាកាសយាន ដែលបាន ឬមានបំណងជួលអាកាសយានឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាផងដែរ»។
    ទោះយ៉ាង​ណា ជាគោលការណ៍ ប្រសិនបើកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញា និងពិធីសារអាកាសយាននេះ កម្ពុជាក៏​ត្រូវទទួលយកខ្លឹមសារនៃអនុសញ្ញា និងពិធីសារអាកាសយាននេះ ទាំងស្រុងដោយមិនអាចដាក់ខរក្សាសិទ្ធិ ឬធ្វើអញ្ញត្រកម្ម ណាមួយដែលផ្ទុយនឹងបទប្បញ្ញត្តិនៃអនុសញ្ញានិងពិធីសារអាកាសយាននេះឡើយ។

    យោង​តាម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានប្រទេសចំនួន ១២៤ បាន​ចូលជារដ្ឋភាគីនៃអនុសញ្ញា និងចំនួន ១០៤ប្រទេសបានចូលជារដ្ឋភាគីនៃពិធីសារអាកាសយាននេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសចំនួន ៥ បានចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន រួមមាន ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ២០០៦, ឥណ្ឌូណេស៊ី ឆ្នាំ២០០៧, សិង្ហបុរី ឆ្នាំ២០០៩, មីយ៉ាន់ម៉ា ឆ្នាំ២០១៣ និងវៀតណាម ឆ្នាំ២០១៥។

    របាយការណ៍​ផ្លូវការ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​(SSCA) ឱ្យ​ដឹង​ថា ទិន្នន័យ​បង្ហាញ​ថា ​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​២០២៦ ចលនា​ជើង​ហោះហើរ​មាន​ចំនួន​សរុប ២៧ ៨៤៣ ជើង កើន​ឡើង ១% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៥ និង​អ្នក​ដំណើរ​មាន​ចំនួន​ ២,៨៧ លាន​នាក់ ថយ​ចុះ ៦%។ ដោយ​ឡែក​សម្រាប់​បរិមាណ​ទំនិញឆ្លង​កាត់​ គឺ​មាន​ ៣៨ ៩៥១ តោន កើនឡើង ៣៤%។

    SSCA បាន​បញ្ជាក់​ថា៖​«​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២៦ បណ្ដាញ​អាកាសចរណ៍​អន្តរជាតិ​របស់​កម្ពុជា​គ្រប​ដណ្ដប់​លើ ១៨ ប្រទេស និង ៤៦ ទីក្រុង ដោយ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣៦ ដំណើរការ​ជើង​ហោះហើរ​សរុប ១ ០២៤ ជើង/​សប្ដាហ៍ តាមរយៈ​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង ៣(លើកលែង​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ)»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហ៊ឹន ពិសី

    Related Posts

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.