Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»ក្រសួងព័ត៌មាន: យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជួយកាត់បន្ថយការចែករំលែកព័ត៌មានមិនពិតអំឡុងវិបត្តិព្រំដែន
    ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន: យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជួយកាត់បន្ថយការចែករំលែកព័ត៌មានមិនពិតអំឡុងវិបត្តិព្រំដែន

    ហុង រស្មីBy ហុង រស្មីJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    កោះកុង៖ ក្រសួងព័ត៌មានបានអះអាងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងបង្កើតការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ដោយធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យ មានទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការជាមុន មុននឹងចែករំលែកបន្ត ដែលក្រសួងចាត់ទុកថាបានបង្ហាញប្រសិទ្ធភាពយ៉ាងច្បាស់ក្នុងអំឡុងពេលមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

    ថ្លែងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា បន្ទាប់ពីការអនុវត្តយុទ្ធនាការជំហានទី១ និងការពង្រីកទៅកាន់ជំហានទី២ គេសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ជាងមុនក្នុងការចែករំលែកព័ត៌មាន។

    លោកបានថ្លែងថា: “ការវាយតម្លៃនេះធ្វើឡើងដោយផ្អែកលើការសង្កេតផ្ទាល់ ការវាយតម្លៃរបស់ក្រុមការងារជំនាញនៃក្រសួងព័ត៌មាន និងមតិពីសាធារណជន”។

    យោងតាមលោក អស្នារិទ្ធ អំឡុងពេលកើតមានព្រឹត្តិការណ៍តានតឹងតាមព្រំដែនកម្ពុជា-ថៃក្នុងរលកទី១ ព័ត៌មានមិនពិតជាច្រើន ដែលភាគច្រើនមានប្រភពពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ ត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម ដោយគ្មានការផ្ទៀងផ្ទាត់ ដែលបង្កការភាន់ច្រឡំ ប៉ះពាល់ដល់ស្មារតីសាធារណជន ការរួបរួមជាតិ និងទឹកចិត្តកងទ័ព។

    ទោះជាយ៉ាងណា លោកអះអាងថា នៅពេលមានព្រឹត្តិការណ៍ក្នុងរលកទី២ ប្រជាពលរដ្ឋមិនបានប្រញាប់ចែករំលែកព័ត៌មានពីប្រភពមិនផ្លូវការ ឬប្រភពក្រៅប្រទេសដូចមុនទៀតឡើយ ប៉ុន្តែបានរង់ចាំការបញ្ជាក់ពីក្រសួងការពារជាតិ ឬស្ថាប័នព័ត៌មានដែលអាចទុកចិត្តបាន។

    លោកបានលើកឧទាហរណ៍ករណីទាហានកម្ពុជា៤នាក់រងរបួសនៅតំបន់ព្រំដែននាពេលថ្មីៗនេះ ដោយបញ្ជាក់ថា ទោះបីមានព័ត៌មានបំផ្លើសនៅលើបណ្ដាញសង្គមថាមានអ្នកស្លាប់ក៏ដោយ ក៏អ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនមិនបានចែករំលែកព័ត៌មាននោះបន្តទេ ហើយផ្ទុយទៅវិញ បានអំពាវនាវឱ្យរង់ចាំសេចក្ដីប្រកាសផ្លូវការពីអាជ្ញាធរជាមុនសិន។

    លោកបានបន្ថែមថា សកម្មភាពនេះឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋមានការយល់ដឹង និងការប្រុងប្រយ័ត្នខ្ពស់ជាងមុន ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃព័ត៌មានប្រឌិត ការញុះញង់ ឬការបំភ្លៃការពិត។

    បើតាមអ្នកនាំពាក្យរូបនេះ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» បានជួយលើកកម្ពស់អក្ខរកម្មព័ត៌មាន និងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្លាស់ប្តូរពីអ្នកទទួលព័ត៌មានដោយអកម្ម មកជាអ្នកពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងសកម្ម មុននឹងចែករំលែកទៅកាន់អ្នកដទៃ។

    លោកបានពណ៌នាថា យុទ្ធនាការនេះកំពុងដើរតួនាទីជា «ខែលសន្តិសុខព័ត៌មាន» សម្រាប់សង្គមឌីជីថល ដោយរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាម និងការបំភ្លៃការពិត មិនឱ្យរីករាលដាលក្នុងសង្គម ព្រមទាំងជួយរក្សាស្ថិរភាពសង្គម និងពង្រឹងទំនុកចិត្តលើប្រភពព័ត៌មានផ្លូវការ និងស្ថាប័នសារព័ត៌មានដែលអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌។

    ក្នុងពិធីនោះដែរ លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងអភិបាលខេត្ត រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសិស្សានុសិស្សជាង៦០០នាក់ បានប្រកាសគាំទ្រយុទ្ធនាការនេះ និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងលើកកម្ពស់ការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។

    យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។ បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន១១ ហើយក្រសួងមានផែនការពង្រីកទៅគ្រប់២៥ រាជធានី-ខេត្តនៅក្នុងឆ្នាំ២០២៦ ដើម្បីពង្រឹងភាពធន់ឌីជីថល និងការការពារប្រជាពលរដ្ឋពីឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.