ទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានៅតែមានភាពល្អប្រសើរ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះមានប្រមាណជិត ៣៧ ពាន់លានដុល្លារ កើនឡើង ១/៥ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈអតុល្យភាពជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាស្ថិតក្នុងរង្វង់ជិត ២,៧ ពាន់លានដុល្លារ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចេញផ្សាយក្នុងថ្ងៃទី១០ ខែកក្កដានេះ បង្ហាញថា ចន្លោះពីខែមករា-មិថុនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុប ១៧,០៨ ពាន់លានដុល្លារ កើនឡើង ១៩,៥% ពីចំនួន ១៤,២៩ ពាន់លានដុល្លារកាលពីរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះកម្ពុជាក៏បាននាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ ១៩,៧៧ ពាន់លានដុល្លារ កើនឡើង ២១,៤% ពីចំនួន ១៦,២៨ ពាន់លានដុល្លារ។
ជាសរុបពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់សរុប ៣៦,៨៥ ពាន់លានដុល្លារ កើន ២០,៥% ពីចំនួន ៣០,៥៧ ពាន់លានដុល្លារ។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំទាំង ១០ រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កាណាដា និងអេស្ប៉ាញ។
ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៦ មានឱនភាពប្រមាណ ២,៦៩ ពាន់លានដុល្លារ កើនពី ១,៩៨ ពាន់លានដុល្លារកាលពីឆមាសទី១ ឆ្នាំ២០២៥។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាកំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែមានភាពរឹងមាំ និងបោះជំហានទៅមុខឱ្យកាន់តែលឿន។ លោកបន្តថា ការដាក់ចេញនូវគោលនយោបាយថ្មីៗ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងការខិតខំរបស់ផ្នែកឯកជនដើម្បីទាក់ទាញ និងលើកទឹកចិត្តចំពោះវិនិយោគិនជាតិ និងអន្តរជាតិ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធិផលវិជ្ជមានជាបន្តបន្ទាប់។
លោកប្រាប់ទៀតថា កំណើនទឹកប្រាក់នាំចូលនេះ ភាគច្រើនគឺជាផលិតផលពាក់កណ្តាលសម្រេច ឬធាតុផ្សំសម្រាប់បម្រើឱ្យការផលិតទំនិញនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិបន្តទៀត។
លោកបានថ្លែងថា៖«កំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ គឺបញ្ជាក់ពីទំនុកចិត្តនៃការវិនិយោគថ្មីៗ និងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ចំនួនទឹកប្រាក់នាំចេញ នាំចូលទំនិញ នឹងនឹងបន្តកើនឡើងថែមប្រសិនបើនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនមានបញ្ហាធំណាមួយកើតឡើង»។
លោកលើកឡើងទៀតថា ការកែលម្អប្រព័ន្ធច្បាប់វិនិយោគ ប្រព័ន្ធអនុគ្រោះពន្ធគយទំនិញដែលកម្ពុជាទទួលបានពីប្រទេសធំៗ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលចូលជាបន្តបន្ទាប់ នឹងជួយឱ្យកម្ពុជាទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗកាន់តែច្រើនបន្ថែមទៀត៕
