Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»សេដ្ឋកិច្ច»មហិច្ឆកា​​នាំ​ចេញ​អង្ករ ១លាន​តោន​ក្នុង​១​ឆ្នាំ នឹង​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៦
    សេដ្ឋកិច្ច

    មហិច្ឆកា​​នាំ​ចេញ​អង្ករ ១លាន​តោន​ក្នុង​១​ឆ្នាំ នឹង​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៦

    ហ៊ឹន ពិសីBy ហ៊ឹន ពិសីJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ឡាយ ឈុនហួ(ឆ្វេងទី​៤) ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ផ្សព្វផ្សាយ និង​ស្វែង​រក​ទីផ្សារ​នាំចេញ​អង្ករ​​នៅ​សហរដ្ឋអាមេរិក។ CRF
    លោក ឡាយ ឈុនហួ(ឆ្វេងទី​៤) ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ផ្សព្វផ្សាយ និង​ស្វែង​រក​ទីផ្សារ​នាំចេញ​អង្ករ​​នៅ​សហរដ្ឋអាមេរិក។ CRF
    Share
    Facebook Twitter LinkedIn Pinterest Email

    អ្នក​ជំនាញ​ក្នុង​វិស័យ​​ស្រូវ​អង្ករ​ អះអាង​ថា មហិច្ឆិតា​​របស់​ប្រទេស​​កម្ពុជា​កាល​ពី​​ជាង ១ទសវត្សរ៍មុន​ដែល​ចង់​​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិឱ្យបាន ១លាន​តោន ក្នុង១ឆ្នាំ នឹង​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៦ នេះ ខណៈ​រយៈពេល ៦ខែ​ដើម​ឆ្នាំ​២០២៦ ការ​នាំចេញ​អង្ករ​សម្រេច​បាន​ជាង ៦៣ ម៉ឺនតោនរួច​ហើយ​។​​

    ទិន្នន័យ​ផ្លូវ​ការ​របស់​សហព័ន្ធ​ស្រូវអង្ករកម្ពុជា(CRF) ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា-មិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​នាំចេញ​​អង្ករទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦៣០ ៣១៩ តោន កើន​ឡើង ៦២,៨៤% បើ​ធៀប​នឹងរយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៥ ចំណែក​​​ប្រាក់​​ទទួល​បាន​មាន​ចំនួន​ ៣៦៧,១ លាន​ដុល្លារ កើនឡើង ២៩,៥២%។

    CRF ​ឱ្យ​ដឹង​ទៀត​ថា ការ​នាំចេញអង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុន ៦០ និង​នាំចេញទៅកាន់គោលដៅចំនួន ៦៤ ប្រទេស/ដែនដី។ គោលដៅទាំង​នោះ​រួម​មាន ប្រទេសក្នុងតំបន់អឺរ៉ុប(៣២ ប្រទេស) ក្នុងបរិមាណ​ ១៧៩ ៨២៨ តោន គិតជាប្រាក់ ១២១,៧៣​ លានដុល្លារ, ប្រទេសចិន និងតំបន់​រដ្ឋបាល​ស្វយ័ត ១៧០ ៤៨៣ តោន ស្មើនឹង​ ៩៩,៦៧ លានដុល្លារ, ប្រទេស​សមាជិក​អាស៊ាន(៥ ប្រទេស) ២២៨ ៧៨០ តោន​ ស្មើនឹង​ ៩៨,៩០ លានដុល្លារ, និង​គោលដៅផ្សេងទៀត​ចំនួន ៥១ ២២៨ តោន គិតជាប្រាក់ ៤៦,៨ លានដុល្លារ។

    សម្រាប់​ប្រភេទអង្ករ​នាំចេញមានដូចជា អង្ករក្រអូប ៥៩,៨១%, ប្រភេទអង្ករសគ្រាប់វែង ២២,៥៨%, អង្ករចំហុយ ១,៨២%, អង្ករសរីរាង្គ ១,២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥% និងអង្ករផ្សេងៗ ០,២%។

    ក្រៅ​ពី​ការ​នាំចេញ​អង្ករ កម្ពុជា​ក៏​ទទួល​បាន​​ចំណូល​ពី​ការ​នាំ​ចេញ​ស្រូវចំនួន​ ៣ ១៧៦ ៥៦១ តោន ដែលគិតជាប្រាក់ប្រមាណ ៧១៣,៤២ លានដុល្លារ។

    កាល​ពី​ជាង​ ១ ទសវត្សរ៍មុនកម្ពុជា​ធ្លាប់​បាន​ដាក់​គោល​ដៅ​នាំចេញ​អង្ករឱ្យ​បាន​ ១ លាន​តោន​ក្នុង​១​ឆ្នាំ ​នៅ​ត្រឹម​ឆ្នាំ​២០១៥ ប៉ុន្តែ​មហិច្ឆិតា​មួយ​នេះ​នៅ​តែ​មិន​ទាន់អាច​សម្រេចបាន​​ឡើយ​​បើគិត​ត្រឹម​ឆ្នាំ​២០២៥។

    ប្រធានសហព័ន្ធ​ស្រូវអង្ករកម្ពុជា លោក ឡាយ ឈុនហួ ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​នៃ​សហព័ន្ធស្រូវអង្ករកម្ពុជាទៅ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់ និង​ផ្សព្វផ្សាយ​ពី​​ទីផ្សារ​អង្ករ​កម្ពុជានៅ​សហរដ្ឋអាមេរិក បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៩ ខែ​កក្កដា ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​បង្ហាញ​ភាព​វិជ្ជមាន​ជាបន្ត​បន្ទាប់ ជា​ពិសេស​ចាប់​ពី​ឆ្នាំ​២០២៥ ដោយ​​ការ​នាំចេញ​បាន​ហក់​ឡើង​ជិត ៥០% បើធៀប​នឹង​ឆ្នាំ​២០២៤។

    លោក​បន្ត​ថា ក្រុមការងារ​របស់​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា​តែងប្រឹងប្រែង​ធ្វើ​ការ​ផ្សព្វផ្សាយ និងពង្រឹក-ពង្រីក​ទីផ្សារ​នាំចេញ​ជាបន្តប​បន្ទាប់​​​​។ បរិមាណ​អង្ករ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០២៦ នេះ​នឹង​អាច​សម្រេចបាន​យ៉ាង​តិច ១ លាន​តោន។

    លោក​​អះអាងថា៖​«​ឆ្នាំនេះយើងមាន​សុទិដ្ឋិនិយមថា ការ​នាំចេញអង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​សម្រេច​បានតាម​ផែនការ​ដែល​បាន​កំណត់​ ១ លាន​តោន។ លទ្ធផល​ល្អ​ដែល​យើង​កំពុង​ទទួល​បាន​នា​ពេល​នេះ គឺ​បន្ទាប់​ពី​​រយៈពេល​​ចុង​ក្រោយ​នេះ យើង​បាន​​កិច្ច​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​​ពង្រីកឡសម្ងួត ​ឃ្លាំង​ស្តុក និង​ជា​ពិសេស​ការ​​ពង្រីក​ទីផ្សារថ្មី»។

    លោក​ប្រាប់​ទៀត​ថា សហភាព​​អ៊ឺរ៉ុប​នៅតែ​ជា​ទីផ្សារ​គោលសម្រាប់​​អង្ករ​កម្ពុជា​បន្ថែម​ពី​លើ​ទីផ្សារ​ចិន ខណៈ​ថ្មីៗ​ការ​នាំ​ចេញ​អង្ករ​ ក៏​កំពុង​មាន​កំណើន​ខ្ពស់​ផងដែរ​នៅ​ទីផ្សារមួយ​ចំនួន​ដូចជា ម៉ាឡេស៊ី និង​ប្រទេស​ហ្វីលីពីន។

    បើ​តាម​លោក ឈុនហួ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជាក៏​បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​ផងដែរ​ទៅ​លើ​ការ​វិនិយោគ​លើ​រោងម៉ាស៊ីនកិនស្រូវ​ ក្នុង​ន័យ​​ជួយ​បង្កើនភាពប្រកួតប្រជែងលើ​ទីផ្សារ​អន្តរជាតិ​។

    ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំចេញ​​អង្ករចំនួន ៩៤០ ៣២១ តោន កើន​ឡើង ៤៥,៥៩% បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ចំណែក​ប្រាក់​ដែល​ទទួលបាន​ក្នុង​ឆ្នាំ​២០២៥ គឺ ៦០២,៤១ លាន​ដុល្លារ កើនឡើង ២២,៦៤%។ នេះ​បើ​តាម​ទិន្នន័យ​របស់ CRF៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហ៊ឹន ពិសី

    Related Posts

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.