ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ១,៤ ពាន់លានដុល្លារ ដោយធ្លាក់ចុះជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងជប៉ុន។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆមាសទី១(ខែមករា-មិថុនា) ឆ្នាំ២០២៦ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុប ១,៣៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៧,៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលមាន២,១៩ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញថៃនាំមកកម្ពុជា ១,០១ ពាន់លានដុល្លារ ថយចុះ ៤១,៩% និងទំនិញកម្ពុជានាំទៅថៃវិញ ៣៥៧,២១ លានដុល្លារ ថយចុះ ២០,៣%។ ផ្អែកតាមតួលេខ គឺក្នុងឆមាសទី១ ឆ្នាំ២០២៦ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ៦៥៦,៧៩ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៣ ខែកក្កដាថា ការបង្កសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតីភាពកម្ពុជាដែលជំរុញឱ្យប្រជាជនខ្មែរធ្វើពហិការលើផលិតផលថៃ គឺជាហេតុផលចម្បងដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ធ្លាក់ចុះ។ លោកបន្តថា ទន្ទឹមនឹងការធ្វើពហិការផលិតផលថៃ សមត្ថភាពនៃខ្សែចង្វាក់ផលិតកម្មនៅកម្ពុជាក៏កំពុងមានសម្ទុះកើនឡើងលឿនផងដែរ។
លោកប្រាប់ទៀតថា ភាគច្រើននៃទំនិញថៃដែលនាំមកកម្ពុជាក្នុងពេលនេះគឺជាវត្ថុធាតុដើម គ្រឿងផ្សំ ឬគ្រឿងបង្គុំសម្រាប់បម្រើឱ្យផលិតកម្មរបស់រោងចក្រ សហគ្រាស និងអ្នកវិនិយោគនៅក្នុងកម្ពុជា ដែលធ្លាប់នាំចូលកន្លងមក។
លោកបានថ្លែងថា៖«ផលិតផលដែលធ្លាប់នាំចូលពីប្រទេសថៃមួយចំនួន នៅពេលនេះត្រូវបានរោងចក្រ/សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាធ្វើការផលិត ឬកែច្នៃបានដោយខ្លួនឯង។ ចំណែកផលិតផលខ្លះទៀតដែលធ្លាប់នាំចូលពីប្រទេសថៃ ក៏ត្រូវបានជំនួសដោយការនាំចូលពីប្រទេសផ្សេងៗដូចជា វៀតណាម ចិន និងកូរ៉េ ជាដើម»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ បានជំរុញប្រជាជនខ្មែរឱ្យកាត់បន្ថយ ឬធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ។ លំហូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តធ្លាក់ចុះថែមទៀតប្រសិនបើការបិទព្រំដែនពីសំណាក់ភាគីថៃនៅតែបន្ត។
លោកប្រាប់ទៀតថា សម្រាប់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនគោករវាងប្រទេសកម្ពុជា-ថៃ គឺមិនមានឡើយនៅពេលនេះ ប៉ុន្តែគេអាចធ្វើបានតាមរយៈការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬតាមផ្លូវទឹក និងផ្លូវអាកាស។
លោកបានអះអាងថា៖«ខ្ញុំគិតថា កំណើនសមត្ថភាពផលិតកម្មក្នុងស្រុក និងនិន្នាការនៃការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាជនខ្មែរ នឹងធ្វើឱ្យការនាំចូលទំនិញថៃមកកម្ពុជាមិនមានបរិមាណច្រើនដូចមុនឡើយ»។
ក្នុងឆ្នាំ២០២៥ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុប ៣,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៩% បើធៀបឆ្នាំ២០២៤ ដែលមាន ៤,២៩ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញថៃនាំចូលកម្ពុជា ២,៩២ ពាន់លានដុល្លារ ថយចុះ ១៥% និងទំនិញកម្ពុជានាំទៅថៃ ៧៣២,៨៥ លានដុល្លារ ថយចុះ ១៤,១%។ នេះបើតាម GDCE។
កាលពីឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារមកលើកម្ពុជា ចំនួន ២ លើកគឺលើកទី ១ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា និងលើកទី២ ចាប់ពីថ្ងៃទី៧-២៨ ខែធ្នូ៕
