ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានច្រានចោលការអះអាងដែលថា ប្រជាធិបតេយ្យនៅកម្ពុជា «បានស្លាប់» ដោយបញ្ជាក់ថា ការអភិវឌ្ឍនយោបាយរបស់ប្រទេសមួយ មិនអាចវាស់វែងដោយផ្អែកតែលើជោគវាសនានយោបាយរបស់គណបក្ស ឬបុគ្គលណាមួយនោះទេ ប៉ុន្តែត្រូវពិនិត្យលើសន្តិភាព វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍស្ថាប័នផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៤ ខែកក្កដា ស្ថានទូតបានជំទាស់នឹងការសន្និដ្ឋានស្នូលក្នុងអត្ថបទទស្សនៈរបស់អតីតអ្នកនយោបាយបក្សប្រឆាំង លោកស្រី មូរ សុខហួរ ដែលចុះផ្សាយដោយសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១៣ ខែកក្កដា ក្រោមចំណងជើងថា «ប្រជាធិបតេយ្យកម្ពុជាបានស្លាប់បន្តិចម្ដងៗ ក្រោយឃាតកម្មលើលោក កែម ឡី»។
ខណៈបញ្ជាក់ពីការគោរពសេរីភាពនៃការបញ្ចេញមតិ និងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការជជែកពិភាក្សាដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយ ស្ថានទូតបានលើកឡើងថា អ្នកអានក៏សមនឹងទទួលបានការវិភាគប្រកបដោយតុល្យភាព និងសត្យានុម័ត ជាពិសេសចំពោះការអភិវឌ្ឍនយោបាយ និងសង្គម-សេដ្ឋកិច្ចរបស់រដ្ឋអធិបតេយ្យ។
ស្ថានទូតបានចាត់ទុកអត្ថបទនេះថា ឆ្លុះបញ្ចាំងពីទស្សនៈនយោបាយរបស់អ្នកនិពន្ធ ដែលបានធ្វើយុទ្ធនាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាពីក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ ជាជាងការវាយតម្លៃប្រកបដោយសត្យានុម័តលើស្ថានភាពជាក់ស្ដែងរបស់កម្ពុជានាពេលបច្ចុប្បន្ន។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «ស្ថានទូតមិនយល់ស្របនឹងការសន្និដ្ឋានស្នូលនៃអត្ថបទនេះទេ» ដោយលើកឡើងថា អត្ថបទបានបង្ហាញតែការបកស្រាយមួយជ្រុងអំពីការអភិវឌ្ឍនយោបាយកម្ពុជា ខណៈមើលរំលងការផ្លាស់ប្ដូរសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍស្ថាប័ន និងការចូលរួមប្រកបដោយស្ថាបនាជាមួយសហគមន៍អន្តរជាតិ។
ចំណុចស្នូលនៃការឆ្លើយតបរបស់ស្ថានទូត គឺការជំទាស់នឹងរបៀបវាស់វែងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្ថានទូតបានបញ្ជាក់ថា៖ «លទ្ធិប្រជាធិបតេយ្យមិនអាចវាស់វែងដោយសមហេតុផល ដោយផ្អែកតែលើជោគវាសនានយោបាយរបស់គណបក្សនយោបាយមួយ ឬបុគ្គលម្នាក់នោះទេ»។
ស្ថានទូតបានអះអាងថា សមត្ថភាពរបស់ប្រទេសមួយក្នុងការរក្សាសន្តិភាព លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពង្រីកឱកាសសេដ្ឋកិច្ច ពង្រឹងស្ថាប័នសាធារណៈ និងធានាការអភិវឌ្ឍជាតិរយៈពេលវែង ក៏គួរត្រូវបានយកមកពិចារណាផងដែរ។
បើតាមសេចក្ដីថ្លែងការណ៍ កម្ពុជាបន្តដំណើរការក្រោមរដ្ឋធម្មនុញ្ញ ដោយមានស្ថាប័នរដ្ឋដំណើរការ និងការបោះឆ្នោតជាប្រចាំ ខណៈកំណែទម្រង់កំពុងបន្តក្នុងវិស័យអភិបាលកិច្ច រដ្ឋបាលសាធារណៈ រដ្ឋាភិបាលឌីជីថល សមត្ថភាពតុលាការ និងការផ្ដល់សេវាសាធារណៈ។
ការឆ្លើយតបនេះធ្វើឡើងមួយទសវត្សរ៍ក្រោយអ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលហេតុការណ៍នេះនៅតែត្រូវបានលើកឡើងក្នុងការជជែកពិភាក្សាអំពីដំណើរនយោបាយរបស់កម្ពុជា។
លោកស្រី មូរ សុខហួរ ធ្លាប់ជាតំណាងរាស្ត្រ និងជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ ការរំលាយនេះបានទទួលការរិះគន់ជាបន្តបន្ទាប់ពីអង្គការសិទ្ធិមនុស្ស និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យអន្តរជាតិ។
ទោះយ៉ាងណា ស្ថានទូតបានបញ្ជាក់ថា ទំនាក់ទំនងនយោបាយមិនគួរធ្វើឱ្យបុគ្គលណាម្នាក់រួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ឬកំណត់ជាមុនអំពីលក្ខណៈនៃនីតិវិធីតុលាការនោះទេ។
ស្ថានទូតបានលើកឡើងថា ការមិនយល់ស្របនឹងសេចក្ដីសម្រេចរបស់តុលាការ គឺជារឿងស្របច្បាប់ ប៉ុន្តែមិនគួរត្រូវបានបកស្រាយដោយស្វ័យប្រវត្តិថា ជាភស្តុតាងដែលបង្ហាញថា សណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ ឬស្ថាប័នរដ្ឋរបស់កម្ពុជាលែងដំណើរការនោះទេ។
សេចក្ដីថ្លែងការណ៍ក៏បានការពារកំណត់ត្រាអភិវឌ្ឍន៍របស់កម្ពុជា ដោយបញ្ជាក់ថា ព្រះរាជាណាចក្របានឆ្លងកាត់ការផ្លាស់ប្ដូរសេដ្ឋកិច្ច និងសង្គមគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។
ដោយយោងលើការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតបានលើកឡើងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក មុនវិបត្តិកូវីដ-១៩ ខណៈប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ទទួលបានជីវភាពប្រសើរឡើង ការពង្រីកការទទួលបានការអប់រំ និងសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ការតភ្ជាប់ឌីជីថល និងកិច្ចគាំពារសង្គម។
ស្ថានទូតបានបញ្ជាក់ថា៖ «សមិទ្ធផលទាំងនេះមិនបានកើតឡើងដោយចៃដន្យនោះទេ» ដោយចាត់ទុកថា វាជាលទ្ធផលនៃការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការផ្សះផ្សាជាតិ និងគោលនយោបាយសាធារណៈដែលផ្ដោតលើការអភិវឌ្ឍ។
ស្ថានទូតក៏បានច្រានចោលនូវអ្វីដែលខ្លួនហៅថា «ទស្សនៈភូមិសាស្ត្រនយោបាយចង្អៀតដោយមិនចាំបាច់» ក្នុងការពិពណ៌នាអំពីទំនាក់ទំនងការបរទេសរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា កម្ពុជារក្សាទំនាក់ទំនងប្រកបដោយស្ថាបនា និងផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសនានានៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ហើយបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើអធិបតេយ្យភាព ការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ស្ថានទូតបានឱ្យដឹងថា៖ «មិត្តភាពរបស់កម្ពុជាជាមួយប្រទេសមួយ មិនដែលកើតឡើងដោយធ្វើឱ្យប៉ះពាល់ដល់មិត្តភាពជាមួយប្រទេសដទៃឡើយ»។
ក្នុងនោះ ស្ថានទូតបានរំលេចទំនាក់ទំនងកម្ពុជា-ជប៉ុន ដោយចាត់ទុកជប៉ុនជាដៃគូអភិវឌ្ឍន៍ដ៏ជិតស្និទ្ធ និងគួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា អស់រយៈពេលជាង៣ទសវត្សរ៍។
ជប៉ុនបានរួមចំណែកក្នុងដំណើរការសន្តិភាព កំណែទម្រង់ច្បាប់ និងតុលាការ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល ការបោសសម្អាតមីន ការអភិវឌ្ឍធនធានមនុស្ស និងទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
ស្ថានទូតបានបញ្ជាក់ថា ការរិះគន់ដែលផ្អែកលើអង្គហេតុ និងធ្វើឡើងដោយសុចរិត អាចរួមចំណែកដល់អភិបាលកិច្ចកាន់តែប្រសើរ ប៉ុន្តែការផ្ដោតតែលើការប្រឈមមុខផ្នែកនយោបាយ ខណៈមើលរំលងវឌ្ឍនភាពអភិវឌ្ឍន៍ និងស្ថាប័នដែលអាចវាស់វែងបាន អាចនាំឱ្យសាធារណជនអន្តរជាតិទទួលបានរូបភាពមិនពេញលេញអំពីកម្ពុជា។
ស្ថានទូតបានលើកឡើងថា កម្ពុជា ដែលមានប្រជាជនជាង១៧លាននាក់ «មិនគួរត្រូវបានវាយតម្លៃតាមរយៈទស្សនៈរបស់តួអង្គនយោបាយមួយចំនួនតូចប៉ុណ្ណោះនោះទេ»។
ស្ថានទូតបានអំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃកម្ពុជាដោយផ្អែកលើភស្តុតាងសត្យានុម័ត ការវិភាគប្រកបដោយតុល្យភាព និងការចូលរួមដោយផ្ទាល់ជាមួយកម្ពុជា និងប្រជាជនកម្ពុជា។
សេចក្ដីថ្លែងការណ៍បានបញ្ចប់ថា៖ «កម្ពុជា ដូចប្រទេសទាំងអស់ដែរ នៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈម។ ប៉ុន្តែកម្ពុជាក៏បន្តបង្ហាញភាពធន់ ទំនុកចិត្ត និងការប្ដេជ្ញាចិត្តក្នុងការកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងបរិយាបន្នសម្រាប់ប្រជាពលរដ្ឋទាំងអស់»៕
