ខេត្ដសៀមរាប: សម្លៀកបំពាក់បែប «បុរាណខ្មែរ» ដែលកែច្នៃខុសពីទម្រង់ដើម និងមិនគោរពក្បួនខ្នាតវប្បធម៌ខ្មែរ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់អង្គរទៀតឡើយ ខណៈអ្នកជំនាញរកឃើញថា ឈុតបុរាណដែលអាជីវករជួលឱ្យភ្ញៀវទេសចរនៅមុខប្រាសាទអង្គរវត្តប្រមាណ ៧០ភាគរយ ត្រូវបានស្លៀកពាក់ប្រាសចាកពីទម្រង់ដើម។
វិធានការរបស់អាជ្ញាធរជាតិអប្សរា ដែលចាប់អនុវត្តពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញពីការរឹតបន្តឹងលើការបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរនៅតំបន់បេតិកភណ្ឌអង្គរ បន្ទាប់ពីឈុតបុរាណកែច្នៃមួយចំនួនបានរងការរិះគន់ជាបន្តបន្ទាប់ថា ខុសពីក្បួនខ្នាតសម្លៀកបំពាក់ខ្មែរបុរាណ និងមានការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ។
ការរឹតបន្តឹងនេះ ត្រូវបានប្រកាសក្រោយមន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី និងប៉ូលិសការពារបេតិកភណ្ឌ បានជួបជាមួយក្រុមអាជីវករបម្រើសេវាជួលសម្លៀកបំពាក់បែបខ្មែរបុរាណដល់ភ្ញៀវទេសចរ កាលពីថ្ងៃទី១៣ ខែកក្កដា។
លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងជាអ្នកស្រាវជ្រាវផ្នែកសម្លៀកបំពាក់ខ្មែរបុរាណ បានឱ្យដឹងថា ការជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្តបច្ចុប្បន្ន មានការស្លៀកពាក់ខុសពីទម្រង់ដើមប្រមាណ ៧០ភាគរយ។
បញ្ហាដែលអ្នកជំនាញកត់សម្គាល់ជាពិសេស គឺការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ ដែលលោក ចាន់ សោភ័ន ចាត់ទុកថា ជាការប្រាសចាកពីអត្តសញ្ញាណ និងវប្បធម៌ខ្មែរ ហើយអាចប្រែក្លាយការបង្ហាញឈុតបុរាណនៅមុខប្រាសាទអង្គរវត្តទៅជាការបម្រើឱ្យវប្បធម៌បរទេស។

លោកបានបញ្ជាក់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ មិនមែនគ្រាន់តែជាការជ្រើសរើសឈុតដែលមានរូបរាងស្រដៀងសម្លៀកបំពាក់បុរាណនោះទេ ប៉ុន្តែត្រូវប្រើកំណាត់ និងគ្រឿងអលង្ការខ្មែរ ព្រមទាំងគោរពតាមទម្រង់ និងក្បួនខ្នាតនៃការស្លៀកពាក់។
ការតុបតែងខ្លួនរបស់ខ្មែរបុរាណ មានទម្រង់ខុសៗគ្នាទៅតាមឋានៈសង្គម ចាប់ពីព្រះមហាក្សត្រ ម្ចាស់ក្សត្រី អ្នកមានឋានៈខ្ពស់ រហូតដល់ប្រជារាស្ត្រសាមញ្ញ។
តាមការពន្យល់របស់លោក ចាន់ សោភ័ន សម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ ត្រូវបានប្រើសម្រាប់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ខណៈកំណាត់ល្បើក និងល្បើកជ័រជើង ត្រូវបានប្រើសម្រាប់អ្នកមានឋានៈជាសេដ្ឋី ឬគហបតី។ ចំណែកកំណាត់ត្បាញពីកប្បាស ត្រូវបានប្រើសម្រាប់ប្រជារាស្ត្រសាមញ្ញ។
ការយកកំណាត់ គ្រឿងអលង្ការ និងរចនាបថពីប្រភពផ្សេងៗមកលាយបញ្ចូលគ្នា ដោយមិនគោរពឋានៈ និងទម្រង់ប្រវត្តិសាស្ត្រ អាចធ្វើឱ្យឈុតដែលត្រូវបានហៅថា «បុរាណខ្មែរ» បាត់បង់ភាពត្រឹមត្រូវនៃអត្តសញ្ញាណដើម។
លោក ចាន់ សោភ័ន បានលើកទឹកចិត្តឱ្យអាជីវករជួលសម្លៀកបំពាក់កែប្រែការប្រើប្រាស់សម្ភារៈជាបណ្ដើរៗ ដោយងាកមកប្រើហូល សូត្រ ល្បើកពេជ្រ ល្បើករងជើង និងគ្រឿងអលង្ការខ្មែរ។
លោកថា ការផ្លាស់ប្ដូរនេះ មិនត្រឹមតែជួយថែរក្សាទម្រង់សម្លៀកបំពាក់ប្រពៃណីបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏អាចលើកតម្លៃដល់អ្នកតម្បាញ និងជាងទងខ្មែរ ដែលជាអ្នកបន្តជំនាញសិប្បកម្មប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួនក្នុងតំបន់អង្គរ ដែលមិនត្រឹមត្រូវតាមទម្រង់ដើម បានរងការរិះគន់ជាបន្តបន្ទាប់ និងប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃវប្បធម៌ខ្មែរ។

អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានស្នើឱ្យអាជីវករកាត់បន្ថយជាបណ្ដើរៗ រហូតដល់បញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់កំណាត់បរទេស ជាពិសេសកំណាត់តម្លៃថោកដែលនាំចូលពីប្រទេសថៃ។
អាជ្ញាធរបានកំណត់ថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ សម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់អង្គរទៀតឡើយ។
ចំណែកសម្លៀកបំពាក់ដែលប្រើប្រាស់កំណាត់នាំចូលពីប្រទេសថៃ អាជីវករត្រូវបញ្ចប់ការប្រើប្រាស់ជាស្ថាពរត្រឹមខែមករា ឆ្នាំ២០២៧។
វិធានការនេះកើតឡើង ខណៈសេវាជួលសម្លៀកបំពាក់បែបប្រពៃណីសម្រាប់ថតរូបនៅអង្គរវត្ត កំពុងក្លាយជាផ្នែកមួយនៃបទពិសោធន៍ទេសចរណ៍នៅខេត្តសៀមរាប។ រូបភាពភ្ញៀវទេសចរស្លៀកឈុតដែលត្រូវបានណែនាំថាជា «សម្លៀកបំពាក់ខ្មែរបុរាណ» ត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមបណ្ដាញសង្គម និងវេទិកាទេសចរណ៍អន្តរជាតិ។

សម្រាប់មន្ត្រីវប្បធម៌ ការរឹតបន្តឹងនេះ មិនមែនជាការបញ្ឈប់ភ្ញៀវទេសចរពីការស្លៀកសម្លៀកបំពាក់ខ្មែរថតរូបនៅអង្គរនោះទេ ប៉ុន្តែជាការធានាថា អ្វីដែលត្រូវបានបង្ហាញនៅមុខប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌដ៏សំខាន់បំផុតមួយរបស់កម្ពុជា ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងក្បួនខ្នាតវប្បធម៌ខ្មែរឱ្យបានត្រឹមត្រូវ៕

