អ្នកជំនាញក្នុងវិស័យស្រូវអង្ករ អះអាងថា មហិច្ឆិតារបស់ប្រទេសកម្ពុជាកាលពីជាង ១ទសវត្សរ៍មុនដែលចង់នាំចេញអង្ករទៅទីផ្សារអន្តរជាតិឱ្យបាន ១លានតោន ក្នុង១ឆ្នាំ នឹងសម្រេចបានក្នុងឆ្នាំ២០២៦ នេះ ខណៈរយៈពេល ៦ខែដើមឆ្នាំ២០២៦ ការនាំចេញអង្ករសម្រេចបានជាង ៦៣ ម៉ឺនតោនរួចហើយ។
ទិន្នន័យផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ឱ្យដឹងថា ចន្លោះពីខែមករា-មិថុនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៦៣០ ៣១៩ តោន កើនឡើង ៦២,៨៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំណែកប្រាក់ទទួលបានមានចំនួន ៣៦៧,១ លានដុល្លារ កើនឡើង ២៩,៥២%។
CRF ឱ្យដឹងទៀតថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន ៦០ និងនាំចេញទៅកាន់គោលដៅចំនួន ៦៤ ប្រទេស/ដែនដី។ គោលដៅទាំងនោះរួមមាន ប្រទេសក្នុងតំបន់អឺរ៉ុប(៣២ ប្រទេស) ក្នុងបរិមាណ ១៧៩ ៨២៨ តោន គិតជាប្រាក់ ១២១,៧៣ លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ១៧០ ៤៨៣ តោន ស្មើនឹង ៩៩,៦៧ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន(៥ ប្រទេស) ២២៨ ៧៨០ តោន ស្មើនឹង ៩៨,៩០ លានដុល្លារ, និងគោលដៅផ្សេងទៀតចំនួន ៥១ ២២៨ តោន គិតជាប្រាក់ ៤៦,៨ លានដុល្លារ។
សម្រាប់ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូប ៥៩,៨១%, ប្រភេទអង្ករសគ្រាប់វែង ២២,៥៨%, អង្ករចំហុយ ១,៨២%, អង្ករសរីរាង្គ ១,២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥% និងអង្ករផ្សេងៗ ០,២%។
ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏ទទួលបានចំណូលពីការនាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោន ដែលគិតជាប្រាក់ប្រមាណ ៧១៣,៤២ លានដុល្លារ។
កាលពីជាង ១ ទសវត្សរ៍មុនកម្ពុជាធ្លាប់បានដាក់គោលដៅនាំចេញអង្ករឱ្យបាន ១ លានតោនក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០១៥ ប៉ុន្តែមហិច្ឆិតាមួយនេះនៅតែមិនទាន់អាចសម្រេចបានឡើយបើគិតត្រឹមឆ្នាំ២០២៥។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឡាយ ឈុនហួ ដែលកំពុងដឹកនាំគណៈប្រតិភូនៃសហព័ន្ធស្រូវអង្ករកម្ពុជាទៅធ្វើទស្សនកិច្ចស្វែងយល់ និងផ្សព្វផ្សាយពីទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៩ ខែកក្កដា ថា ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិបានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសចាប់ពីឆ្នាំ២០២៥ ដោយការនាំចេញបានហក់ឡើងជិត ៥០% បើធៀបនឹងឆ្នាំ២០២៤។
លោកបន្តថា ក្រុមការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជាតែងប្រឹងប្រែងធ្វើការផ្សព្វផ្សាយ និងពង្រឹក-ពង្រីកទីផ្សារនាំចេញជាបន្តបបន្ទាប់។ បរិមាណអង្ករនាំចេញក្នុងឆ្នាំ២០២៦ នេះនឹងអាចសម្រេចបានយ៉ាងតិច ១ លានតោន។
លោកអះអាងថា៖«ឆ្នាំនេះយើងមានសុទិដ្ឋិនិយមថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិនឹងសម្រេចបានតាមផែនការដែលបានកំណត់ ១ លានតោន។ លទ្ធផលល្អដែលយើងកំពុងទទួលបាននាពេលនេះ គឺបន្ទាប់ពីរយៈពេលចុងក្រោយនេះ យើងបានកិច្ចខិតខំយ៉ាងខ្លាំងក្នុងការពង្រីកឡសម្ងួត ឃ្លាំងស្តុក និងជាពិសេសការពង្រីកទីផ្សារថ្មី»។
លោកប្រាប់ទៀតថា សហភាពអ៊ឺរ៉ុបនៅតែជាទីផ្សារគោលសម្រាប់អង្ករកម្ពុជាបន្ថែមពីលើទីផ្សារចិន ខណៈថ្មីៗការនាំចេញអង្ករ ក៏កំពុងមានកំណើនខ្ពស់ផងដែរនៅទីផ្សារមួយចំនួនដូចជា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។
បើតាមលោក ឈុនហួ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្លាំងផងដែរទៅលើការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ ក្នុងន័យជួយបង្កើនភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០ ៣២១ តោន កើនឡើង ៤៥,៥៩% បើធៀបនឹងឆ្នាំ២០២៤។ ចំណែកប្រាក់ដែលទទួលបានក្នុងឆ្នាំ២០២៥ គឺ ៦០២,៤១ លានដុល្លារ កើនឡើង ២២,៦៤%។ នេះបើតាមទិន្នន័យរបស់ CRF៕
