Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»កម្ពុជាតវ៉ាថៃជាថ្មី ករណីសាងសង់ទំនប់ដី និងដាក់លួសបន្លានៅព្រំដែន ទាមទារឱ្យងឌីបញ្ឈប់សកម្មភាពឈ្លានពាន
    ព័ត៌មានជាតិ

    កម្ពុជាតវ៉ាថៃជាថ្មី ករណីសាងសង់ទំនប់ដី និងដាក់លួសបន្លានៅព្រំដែន ទាមទារឱ្យងឌីបញ្ឈប់សកម្មភាពឈ្លានពាន

    ហុង រស្មីBy ហុង រស្មីJuly 11, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ស្ថានភាពទាហានថៃរាយបន្លាលួស និងលូរប្រអប់ចូលទឹកដីខ្មែរជាច្រើនរយម៉ែត្រក្រោយបទឈប់បាញ់។ រូបថត សហការី
    ស្ថានភាពទាហានថៃរាយបន្លាលួស និងលូរប្រអប់ចូលទឹកដីខ្មែរជាច្រើនរយម៉ែត្រក្រោយបទឈប់បាញ់។ រូបថត សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កំណត់ទូតតវ៉ាជាផ្លូវការជាថ្មីទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តអនុវត្តសកម្មភាពសាងសង់ទំនប់ដី និងដាក់លួសបន្លានៅក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងវិធានការបន្ធូរបន្ថយភាពតានតឹង ដែលភាគីទាំងពីរបានឯកភាពគ្នាក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បានឱ្យដឹងថា: “រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន”។

    ក្រសួងបានឱ្យដឹងថា: “ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានជីកដីសាងសង់ទំនប់ដី និងដាក់លួសបន្លាពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ”។

    បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ត្រូវបានកម្ពុជាចោទប្រកាន់ថា បានរំលោភចូលទឹកដីកម្ពុជា ដើម្បីដាក់លួសបន្លានៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មរដួន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    តាមការបញ្ជាក់របស់ក្រសួង សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់ទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងកំណត់ព្រំដែនដោយផែនទីខ្នាត ១៖២០០.០០០ ដែលរៀបចំដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

    ក្រសួងបានបន្ថែមថា សកម្មភាពរបស់ភាគីថៃក៏បានរំលោភលើមាត្រា៥ នៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ ស្ដីពីការសិក្សា និងកំណត់ព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ព្រមទាំងផ្ទុយនឹងចំណុចទី២ និងទី៦ នៃវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលត្រូវបានអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ ហើយសកម្មភាពដែលបានលើកឡើងខាងលើ មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនបានទេ។

    រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ នៅតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជាតំបន់ផ្សេងទៀតដែលកងកម្លាំងថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន ដើម្បីរួមចំណែកបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្តទៅវិញទៅមក សម្របសម្រួលការដោះស្រាយវិវាទដោយសន្តិវិធី និងស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

    ជាមួយគ្នានេះ កម្ពុជាបានអះអាងជាថ្មីថា ខ្លួននៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ជាមួយប្រទេសថៃ ដូចប្រទេសជិតខាងដទៃទៀត តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងឡើយ។

    ការតវ៉ាចុងក្រោយនេះ កើតឡើងបន្ទាប់ពីកម្ពុជាបានដាក់កំណត់ទូតតវ៉ាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជុំវិញសកម្មភាពដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការពង្រឹងវត្តមានយោធារបស់ភាគីថៃនៅតាមបណ្តោយព្រំដែន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីចុងខែធ្នូ ឆ្នាំ២០២៥។

    កន្លងមក កម្ពុជាក៏បានតវ៉ាពាក់ព័ន្ធនឹងការដាក់ទូកុងតឺន័រ ការសាងសង់របង លួសបន្លា ផ្លូវ បង្គោលទង់ជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅតំបន់ព្រំដែនដែលកម្ពុជាអះអាងថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ កម្ពុជាក៏បានលើកឡើងពីការសាងសង់រូបព្រះពុទ្ធ និងសំណង់ផ្សេងទៀត នៅក្នុងតំបន់ដែលមានវិវាទផងដែរ។

    បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏កំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីថ្នាក់តំបន់ ដោយកាលពីដើមសប្តាហ៍នេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន ខណៈកម្ពុជាបន្តជម្រាបជូនមន្ត្រីការទូតបរទេស និងដៃគូអន្តរជាតិ អំពីការអភិវឌ្ឍស្ថានការណ៍ និងផលប៉ះពាល់ដែលបានធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅតែពុំអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញបាន។

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.