ខេត្តបន្ទាយមានជ័យ: នៅក្នុងតូបកាហ្វេតូចមួយក្នុង «ភូមិរង់ចាំ» អ្នកស្រី ចែ ច្រឹប បន្តលាយកាហ្វេ បម្រើអតិថិជន និងព្យាយាមរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការប្រយុទ្ធតាមព្រំដែនបានបង្ខំឱ្យអ្នកស្រីចាកចេញពីផ្ទះ ដីធ្លី និងមុខរបរចាស់នៅភូមិទំពាំងសំរោង តំបន់បឹងត្រកួន។
អាជីវកម្មដែលចាប់ផ្តើមឡើងវិញដោយគ្រាន់តែមានគោលបំណងរកប្រាក់ចំណូលប្រចាំថ្ងៃ បានក្លាយជាកន្លែងដែលមានអ្នកស្គាល់កាន់តែច្រើន ក្រោយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលពិសាកាហ្វេនៅហាងរបស់អ្នកស្រី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
អ្នកស្រី ច្រឹប បាននិយាយថា អ្នកស្រីមានអារម្មណ៍រំភើប និងមានមោទនភាពយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនោះ ដោយចាត់ទុកថាជាកិត្តិយសដ៏ធំមួយសម្រាប់គ្រួសារ និងអាជីវកម្មតូចរបស់ខ្លួន។
អ្នកស្រីបានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «ពីមុនយើងអត់គិតនឹកស្មានថា បានអ្នកសំខាន់មកជួយផ្សព្វផ្សាយអ៊ីចឹងទេ»។
អ្នកស្រីបានបន្តថា បន្ទាប់ពីលោក ហ៊ុន សែន ចូលហាង អតិថិជនជាច្រើនបានមកស្គាល់ និងចង់ដឹងថា តើតូបកាហ្វេណាដែលលោកបានចូលពិសា។
អ្នកស្រីនិយាយថា៖ «អ្នកណាក៏ចង់ស្គាល់ដែរ ថាតូបដែលសម្ដេចគាត់ចូលពិសាហ្នឹងនៅណា។ អ៊ីចឹងចែមានភ្ញៀវច្រើនជាងមុន»។
មុនពេលមានជាសង្គ្រាមឈ្លានពាន អ្នកស្រីក៏ជាអ្នកលក់កាហ្វេនៅផ្ទះរបស់ខ្លួនក្នុងភូមិទំពាំងស្រឡៅដែរ។ នៅពេលមករស់នៅទីតាំងថ្មី អ្នកស្រីបានបើកតូបជាបណ្ដោះអាសន្ន ដោយមិនរំពឹងថាអាជីវកម្មនេះនឹងអាចរីកចម្រើនបានឡើយ។
បច្ចុប្បន្ន អ្នកស្រីអាចលក់កាហ្វេបានជាមធ្យមប្រហែល ៥០ទៅ៦០កែវក្នុងមួយថ្ងៃ ខណៈថ្ងៃខ្លះអាចលក់បានជិត ១០០កែវ។
អ្នកស្រីបានបញ្ជាក់ថា៖ «ថ្ងៃធម្មតាបានប្រហែល ៥០ ឬ៦០កែវ។ អ៊ីចឹងយើងអាចផ្គត់ផ្គង់ថ្លៃម្ហូបអាហាររបស់យើងបាន»។
ទោះជាអាជីវកម្មនៅភូមិថ្មីមានសភាពប្រសើរជាងមុន និងគ្រួសារមានផ្ទះសម្បែងសមរម្យសម្រាប់ស្នាក់នៅក៏ដោយ អ្នកស្រីបានសង្កត់ធ្ងន់ថា អ្នកស្រីមិនបានបំភ្លេចផ្ទះ និងដីធ្លីរបស់ខ្លួននៅភូមិចាស់ឡើយ។
អ្នកស្រីថ្លែងថា៖ «មកនៅកន្លែងនេះ សួរថាស្រួលភ្លេចផ្ទះខ្លួនឯងអត់? អត់ភ្លេចទេ។ នៅតែចង់បានវិញ»។
អ្នកស្រីបានរៀបរាប់ថា គ្រួសារបានចាប់ផ្តើមពីបាតដៃទទេ ដើម្បីសន្សំទិញផ្ទះ និងដីធ្លីនៅតំបន់បឹងត្រកួន ដោយមានដីចំនួនប្រាំទៅប្រាំមួយកន្លែង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំដែលបានទុកនៅទីនោះ។
នៅថ្ងៃដែលមានការផ្ទុះអាវុធ អ្នកស្រីបានរត់ភៀសខ្លួនដោយយកបានតែរថយន្តមួយគ្រឿង ខណៈទ្រព្យសម្បត្តិភាគច្រើនត្រូវបានទុកចោល។
អ្នកស្រីបានអះអាងថា៖ «ខ្ញុំមកនេះអត់មានបានអីទេ។ រត់មកដឹកតែគ្រួសារចេញមក។ ទ្រព្យរបស់នៅណោះទាំងអស់»។
អ្នកស្រីបានពន្យល់ថា នៅពេលនោះ គ្រួសារមិនបានគិតថា ខ្លួននឹងបាត់បង់លំនៅឋានក្នុងរយៈពេលយូរទេ ដោយរំពឹងថា ពួកគេអាចត្រឡប់ទៅផ្ទះវិញនៅពេលស្ថានការណ៍ស្ងប់ស្ងាត់។
អាទិភាពដំបូងរបស់អ្នកស្រីគឺជួយជម្លៀសម្តាយចាស់ កុមារ និងអ្នកជិតខាងដែលមានវ័យចំណាស់ចេញពីតំបន់គ្រោះថ្នាក់ ជាជាងប្រមូលទ្រព្យសម្បត្តិ។
អ្នកស្រីនិយាយថា៖ «ថ្ងៃហ្នឹងខ្ញុំមានម្តាយចាស់ និងក្មេងៗ ហើយជួបអ្នកជិតខាងចាស់ៗ មានចៅតូចៗ។ យើងបានជួយដឹកជញ្ជូនគាត់មក»។
អ្នកស្រីរស់នៅជាមួយសមាជិកគ្រួសារជាច្រើននាក់ រួមមានកូនពីរនាក់ ឪពុកម្តាយ និងម្តាយក្មេកវ័យចំណាស់។ ក្រៅពីនេះ អ្នកស្រីក៏ជួយផ្គត់ផ្គង់ចៅ ឬក្មួយដែលកំពុងសិក្សាផងដែរ។
ការភៀសខ្លួនក៏បានរំខានដល់ការសិក្សារបស់កុមារក្នុងគ្រួសារ។ ដំបូង អ្នកស្រីបានទៅស្នាក់នៅវត្តទំពាំងថ្ម ហើយក្រោយមកត្រូវបានផ្លាស់ទៅវត្តកណ្ដាល។
ទោះអាជ្ញាធររៀបចំឱ្យកុមារអាចចូលរៀននៅសាលាក្បែរមណ្ឌលជម្លៀសក៏ដោយ អ្នកស្រីបាននិយាយថា អ្នកស្រីខ្លាចថាស្ថានការណ៍អាចប្រែប្រួលភ្លាមៗ និងពិបាកប្រមូលកុមារត្រឡប់មកវិញ។
ក្រោយមក ក្មួយដែលកំពុងរៀនថ្នាក់ទី៩ ត្រូវបានបញ្ជូនទៅរៀននៅភ្នំពេញប្រហែលពីរខែ មុនផ្ទេរមកសាលាក្បែរ «ភូមិរង់ចាំ» វិញ នៅពេលគ្រួសារទទួលបានផ្ទះសម្រាប់រស់នៅ។
ប៉ុន្តែកូនប្រុសរបស់អ្នកស្រីមិនបានបន្តការសិក្សាទេ ហើយក្រោយមកក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យបាក់ជើង។
អ្នកស្រីបានរៀបរាប់ថា ការបាត់បង់ផ្ទះ ដីធ្លី និងការរងរបួសរបស់កូនបានធ្វើឱ្យអ្នកស្រីមានអារម្មណ៍តូចចិត្តយ៉ាងខ្លាំង។
អ្នកស្រីថ្លែងថា៖ «ខំតាំងពីក្មេងរហូតដល់អាយុ៤៨ឆ្នាំ។ អស់ផ្ទះ អស់ដី ហើយកូនបាក់ជើងទៀត។ ពេលខ្លះពិបាកណាស់»។
ទោះជាយ៉ាងណា អ្នកស្រីបាននិយាយថា អ្នកស្រីកំពុងព្យាយាមរក្សាភាពរឹងមាំ និងប្រើអាជីវកម្មកាហ្វេជាមធ្យោបាយចម្បងសម្រាប់ចិញ្ចឹមគ្រួសារ។
បញ្ហាធ្ងន់ធ្ងរមួយទៀតគឺបំណុលធនាគារដែលអ្នកស្រីអះអាងថា មានចំនួនជាង ១ម៉ឺនដុល្លារ និងជិតដល់ ២ម៉ឺនដុល្លារ។
អ្នកស្រីបានលើកឡើងថា ថ្មីៗនេះ ធនាគារមួយបានដកប្រាក់ជាង ៣០ម៉ឺនរៀលចេញពីគណនីរបស់អ្នកស្រីដោយមិនបានជូនដំណឹងជាមុន។ ប្រាក់នោះត្រូវបានទុកសម្រាប់ទិញកាហ្វេ និងសម្ភារៈដើម្បីបន្តអាជីវកម្ម។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំរកមួយថ្ងៃ ហូបមួយថ្ងៃ ទិញមួយថ្ងៃ។ ដល់ពេលឆែកមើលក្នុងគណនី អស់រលីង។ លុយហ្នឹងសម្រាប់ទិញកាហ្វេមកលក់»។
អ្នកស្រីបានស្នើឱ្យស្ថាប័នហិរញ្ញវត្ថុគិតគូរពីស្ថានភាពរបស់អ្នកភៀសសឹក និងជូនដំណឹងឱ្យបានច្បាស់ មុននឹងដកប្រាក់ ឬអនុវត្តវិធានការទាក់ទងនឹងបំណុល។
ក្នុងពេលដែលដំណោះស្រាយព្រំដែននៅមិនទាន់ច្បាស់លាស់ ហាងកាហ្វេតូចនៅ «ភូមិរង់ចាំ» បានផ្តល់ឱ្យអ្នកស្រីនូវប្រាក់ចំណូលមួយផ្នែក និងកម្លាំងចិត្តដើម្បីបន្តជីវិត។
អ្នកស្រី ច្រឹប ក៏បានស្នើឱ្យអាជ្ញាធរពិនិត្យលទ្ធភាពផ្តល់ផ្ទះមួយខ្នងនៅ «ភូមិរង់ចាំ» ដល់កូនស្រីរបស់អ្នកស្រី ដែលមានផ្ទះនៅភូមិចាស់ស្ថិតជាប់របងលួសបន្លា។
អ្នកស្រីបានអះអាងថា សំណើនេះត្រូវបានបដិសេធ ដោយអាជ្ញាធរពន្យល់ថា កូនស្រីរបស់អ្នកស្រីនៅលីវ និងមិនទាន់ត្រូវបានចាត់ទុកថាជាគ្រួសារដាច់ដោយឡែកដែលមានសិទ្ធិទទួលផ្ទះមួយខ្នង។
សម្រាប់អ្នកស្រី ច្រឹប ការលក់កាហ្វេបានច្រើនជាងមុន និងការមានផ្ទះថ្មីមិនមែនមានន័យថា ការរង់ចាំបានបញ្ចប់ឡើយ។
អ្នកស្រីនៅតែរង់ចាំថ្ងៃដែលអាចត្រឡប់ទៅផ្ទះ ដីធ្លី និងទ្រព្យសម្បត្តិដែលគ្រួសារបានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំ។
