Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»សេដ្ឋកិច្ច»លំហូរពាណិជ្ជកម្ម​ទំនិញ​កម្ពុជា-ថៃ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ ​ធ្លាក់​ចុះ​ជិត ៤០​%​
    សេដ្ឋកិច្ច

    លំហូរពាណិជ្ជកម្ម​ទំនិញ​កម្ពុជា-ថៃ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ ​ធ្លាក់​ចុះ​ជិត ៤០​%​

    ហ៊ឹន ពិសីBy ហ៊ឹន ពិសីJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ទិដ្ឋភាព​កុងតឺន័រ​ជាច្រើននៅ​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ។ សហការី
    ទិដ្ឋភាព​កុងតឺន័រ​ជាច្រើននៅ​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ។ សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មាន​ប្រមាណ​​ជិត ១,៤ ពាន់លាន​ដុល្លារ ដោយ​ធ្លាក់​ចុះ​ជិត ៤០% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន ខណៈ​​ថៃ​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្មធំ​ជាង​គេ​ទី​៥ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ជប៉ុន។​

    យោង​តាម​​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ក្នុង​ឆមាស​ទី​១(ខែ​មករា-មិថុនា) ឆ្នាំ​២០២៦ ​ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា-​ថៃ មាន​ទឹក​ប្រាក់​សរុប ១,៣៧​ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៣៧,៥% ​បើ​ធៀប​នឹង​ឆមាស​ទី​១ ​​​ឆ្នាំ​២០២៥ ដែល​មាន​២,១៩ ពាន់​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺទំនិញ​​ថៃ​នាំ​មក​​​កម្ពុជា ១,០១ ពាន់​លានដុល្លារ ថយចុះ ៤១,៩% និង​​ទំនិញ​កម្ពុជា​នាំ​ទៅ​ថៃវិញ ៣៥៧,២១ លាន​ដុល្លារ ថយចុះ ២០,៣%។ ​ផ្អែក​​តាម​តួលេខ ​គឺក្នុងឆមាស​ទី​១ ​ឆ្នាំ​២០២៦ ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​​មាន​ឱនភាពប្រមាណ​​ ៦៥៦,៧៩ លាន​ដុល្លារ។

    អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៣ ខែកក្កដាថា ការ​បង្កសង្គ្រាម​ឈ្លានពាន​របស់​ភាគីថៃ​មក​លើ​ដែន​អធិបតី​ភាព​កម្ពុជាដែល​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​ធ្វើ​ពហិការ​លើ​ផលិតផល​​ថៃ គឺជា​ហេតុ​ផល​ចម្បង​ដែល​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ធ្លាក់​ចុះ​​។ លោក​បន្ត​ថា ទន្ទឹម​នឹង​ការ​ធ្វើ​ពហិការ​ផលិតផល​ថៃ សមត្ថភាព​នៃ​ខ្សែចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ក៏​កំពុង​មាន​សម្ទុះ​កើន​ឡើង​លឿន​ផងដែរ។

    ​លោក​ប្រាប់​ទៀត​ថា ភាគច្រើន​នៃ​ទំនិញ​ថៃ​ដែល​នាំ​មក​កម្ពុជាក្នុង​​ពេល​នេះ​​គឺជាវត្ថុធាតុដើម គ្រឿង​ផ្សំ ឬ​គ្រឿង​បង្គុំ​សម្រាប់បម្រើ​ឱ្យ​ផលិតកម្មរបស់រោងចក្រ សហគ្រាស និងអ្នកវិនិយោគ​នៅក្នុង​កម្ពុជា ដែលធ្លាប់នាំចូលកន្លងមក។

    ​លោកបាន​ថ្លែង​ថា៖​«​ផលិតផលដែល​ធ្លាប់​នាំចូល​ពី​ប្រទេស​ថៃ​មួយចំនួន នៅ​ពេល​នេះ​ត្រូវបានរោងចក្រ​/សហគ្រាសធុនតូច និងមធ្យម​នៅ​កម្ពុជា​ធ្វើ​ការ​ផលិត ឬ​កែច្នៃ​បាន​ដោយ​ខ្លួន​ឯង​។ ចំណែក​ផលិតផលខ្លះ​ទៀត​ដែល​ធ្លាប់​នាំចូល​ពី​ប្រទេស​ថៃ ក៏​ត្រូវ​បាន​ជំនួស​ដោយ​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេងៗ​ដូចជា វៀតណាម ចិន និង​កូរ៉េ ជា​ដើម»។

    ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា បាន​និយាយ​ថា ជម្លោះ​ប្រដាប់​អាវុធ​​​​កម្ពុជា-ថៃ ដែល​បង្ក​ឡើង​ដោយ​​ភាគី​ថៃ​ បាន​ជំរុញ​ប្រជាជន​ខ្មែរ​ឱ្យ​​កាត់បន្ថយ ឬ​​ធ្វើ​ពហិការឈប់​ប្រើ​ប្រាស់​​ផលិតផល​​ថៃ។ លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​​ធ្លាក់​ចុះ​ថែម​ទៀត​​ប្រសិន​បើ​ការ​បិទ​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ​នៅ​តែ​បន្ត។

    លោក​ប្រាប់​ទៀត​​ថា សម្រាប់​សកម្ម​ភាព​​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា-ថៃ គឺ​មិន​មាន​ឡើយនៅ​ពេល​នេះ ប៉ុន្តែ​គេ​​អាច​ធ្វើបាន​​តាមរយៈ​ការ​ដឹក​ជញ្ជូន​​ឆ្លង​កាត់​តាម​​ប្រទេស​​​ឡាវ ឬ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​។

    លោក​បាន​អះអាង​ថា៖​«​ខ្ញុំ​គិត​ថា កំណើន​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក និង​និន្នាការ​នៃ​ការ​គាំទ្រផលិតផល​ក្នុង​ស្រុកពី​សំណាក់​ប្រជាជន​ខ្មែរ នឹង​ធ្វើ​ឱ្យ​ការ​នាំចូល​ទំនិញ​ថៃ​មក​កម្ពុជា​មិន​មាន​បរិមាណ​ច្រើន​​ដូចមុន​ឡើយ​»។​

    ក្នុង​ឆ្នាំ​២០២៥ ​ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា-​ថៃ មាន​ទឹក​ប្រាក់​សរុប ៣,៦៦ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ១៤,៩% ​បើ​ធៀប​​​​ឆ្នាំ​​២០២៤ ដែល​មាន​ ៤,២៩ ពាន់​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺទំនិញ​​ថៃ​នាំ​ចូល​​​កម្ពុជា ២,៩២ ពាន់​​លានដុល្លារ ថយចុះ ១៥% និង​​ទំនិញ​កម្ពុជា​នាំ​ទៅ​ថៃ ៧៣២,៨៥ លាន​ដុល្លារ ថយចុះ ១៤,១%។ នេះ​បើ​តាម GDCE។

    កាល​ពីឆ្នាំ​២០២៥ យោធាថៃបាន​បើក​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា ចំនួន ២ លើកគឺ​លើក​ទី ១ ចាប់​ពី​ថ្ងៃ​ទី​២៤-២៨ ខែកក្កដា និង​លើក​ទី​២ ចាប់​ពីថ្ងៃ​ទី​៧-២៨ ខែ​ធ្នូ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហ៊ឹន ពិសី

    Related Posts

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.