មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅខេត្តតាកែវ ដោយរថយន្តសណ្តោងខ្នាតធំ បានបុករះពេញទំហឹងទៅលើអ្នកជិះម៉ូតូជាច្រើនគ្រឿង បណ្ដាលឱ្យមានអ្នកស្លាប់ និងអ្នករបួសជាច្រើន ហើយសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញា តាមចាប់ខ្លួនតៃកុងឡាន ដែលបានរត់គេចខ្លួនបាត់។
ហេតុការណ៍ដ៏សោកសង្វេគនេះ បានកើតឡើងនៅភូមិតាយឹង ឃុំជំនះពេន ស្រុកសំរោង ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែតលេខ ៥៤ និង ៥៥ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ហើយគ្រប់គ្នា ដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះ អះអាង ឃើញមនុស្សជាច្រើននាក់ បានដេកស្លាប់ និងរបួសនៅលើដងផ្លូវ ខណៈមួយចំនួនទៀត ត្រូវបានហោះប៉ើងធ្លាក់ទៅក្នុងប្រឡាយទឹក។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក នៅកន្លែងកើតហេតុ បានលាន់មាត់ទាំងក្តីរន្ធត់ថា «ឡានធំនេះ បើកលឿនខ្លាំងណាស់ ដូចហោះអ៊ីចឹង!»។ ល្បឿនដ៏លឿននេះហើយ ទើបធ្វើឱ្យតៃកុងឡាន មិនអាចគ្រប់គ្រងស្ថានការណ៍បើកបររបស់ខ្លួនបាន ដោយជ្រុលចង្កូតទៅបុករះម៉ូតូជាច្រើនគ្រឿង។
ក្រោយពេលកើតហេតុភ្លាមៗ បុរសជាតៃកុងឡានខ្នាតធំបង្កហេតុ បានឆ្លៀតឱកាសចលាចល បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវអ្នកស្លាប់ និងជនរងគ្រោះជាច្រើននាក់ ចំណែកឡាន ដែលជនល្មើសបានបើក មានស្លាកលេខ ភ្នំពេញ 3E-2004 ជាប្រភេទរថយន្តសណ្តោងខ្នាតធំ ហើយសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនតៃកុងឡានជាអ្នកបង្កហេតុ មកផ្ទន្ទាទោស។
ស្រ្តីម្នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍នេះផ្ទាល់ បាននិយាយតាមរយៈការឡាយវីដេអូរបស់ខ្លួនដោយក្តីរន្ធត់ថា៖ «មានគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តតាកែវ ហួសសំរោងយ៉ោង ធ្វើឱ្យមនុស្សស្លាប់ច្រើនណាស់! នៅកន្លែងប្រឡាយ មានច្រើនមែនទែន ហើយនៅកន្លែងនោះ ឡើងគរគ្នា ខ្ញុំអត់ហ៊ានទៅថតជិតទេ ព្រោះខ្លាច…។ មានឆេះម៉ូតូមួយទៀត ហើយឥឡូវនេះអ្នកដែលបង្កហេតុ បាននាំគ្នារត់កាត់វាលស្រែទៅបាត់អស់ហើយ»។
យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ជាបឋមរបស់អាជ្ញាធរខេត្តតាកែវ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅព្រឹកម៉ោង ៦:៣៥ ថ្ងៃទី១៣ ខែកក្កដានេះ គឺរវាងរថយន្តដឹកដែក និងម៉ូតូចំនួន ៣ គ្រឿង ដែលបង្កឱ្យមានជនរងគ្រោះសរុបចំនួន ៤នាក់ ក្នុងនោះស្លាប់៣នាក់ និងរបួសធ្ងន់ ១នាក់។
របាយការណ៍ដដែលនេះ បានបន្តថា អ្នកស្លាប់ទី ១ ឈ្មោះ នឹង ប៊ុនថា ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរីវង់ បើកម៉ូតូ scoopy ពីត្បូងទៅជើង ទៅរៀនជាងម៉ាស៊ីនត្រជាក់ នៅភ្នំពេញ។ ទី២ អ្នករួមដំណើរឈ្មោះ ភោន ចន្ថន ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅជាមួយគ្នា ទៅរៀនធ្វើចុងភៅ នៅភ្នំពេញ។
ចំណែកអ្នកស្លាប់ទី៣ ឈ្មោះ កេង ប៉ាវ ភេទប្រុស អាយុ ៣៥ឆ្នាំ បើកម៉ូតូ ក្លិចពណ៌ស មកពីជើងទៅត្បូង មុខរបរគ្រូបង្រៀន។ រីឯឈ្មោះ រី ស៊ីណាត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិដើមរឹស ឃុំព្រៃរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកម៉ូតូអាសង់ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ បានរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយគាត់ជាកម្មករសំណង់រកស៊ីម៉ៅការ៕
