វិស័យអាកាសចរណ៍នៅកម្ពុជា នឹងបោះជំហានទៅមុខកាន់តែលឿនបន្ថែមទៀតនៅពេលប្រទេសកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃ«អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន» ត្រូវបានសមាជិករដ្ឋសភា អនុម័តជាឯកច្ឆន្ទ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ពាក្យស័ព្ទបច្ចេកទេស«ប្រាតិភោគ» គឺជាពាក្យ អព្យាក្រឹត្យ ដែលអាចប្រើប្រាស់បែបពហុវិស័យ ដូចជា វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពន្ធដារ គយ និងច្បាប់ជាដើម ដោយផ្អែកតាមកម្មវត្ថុនៃវិស័យនីមួយៗ ប៉ុន្តែដោយឡែក ប្រាតិភោគ ជាអន្តរជាតិ នៅក្នុងន័យនេះសំដៅដល់ការធានាលំហូរហិរញ្ញប្បទានជាអន្តរជាតិ សម្រាប់ប្រតិបត្តិការក្នុងការលក់ ការទិញ ឬការជួលឧបករណ៍អាកាសយាន ជាដើម។ល។
ថ្លែងក្នុងអង្គប្រជុំរដ្ឋសភា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការផ្តល់សច្ចាប័ននៃអនុសញ្ញានិងពិធីសារអាកាសយាន នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗចំនួន ២។
ទី១. អត្ថប្រយោជន៍ផ្នែកច្បាប់៖ ដោយអនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មានលក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួលចំពោះឧបករណ៍អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយនិងតែមួយក្នុងការគ្រប់គ្រងឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ ជាដើម ដែលហៅថាប្រាតិភោគជាអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ពីគ្រប់បណ្តារដ្ឋភាគីផ្សេងៗទៀត តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច។ ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
ចំណែកទី២ គឺអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច៖ ដោយអនុសញ្ញានិងពិធីសារអាកាសយាន នឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដោយសារតែមានប្រាតិភោគជាអន្តរជាតិលើគោលការណ៍អនុវត្តនៃសិទ្ធិកាន់កាប់ឡើងវិញ, ការលុបការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង។
លោក ហាវណ្ណាល់ បានលើកឡើងទៀតថា ចំពោះផលជះពីការចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន គឺកម្ពុជាទទួលបានមកវិញមានដូចជា ១. ចូលរួមជួយកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេសដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ២. ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីៗ ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ៣. ជួយបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាននិងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ មកកាន់កម្ពុជា, និង ៤. ជួយគាំទ្រដល់ការរីកចម្រើនប្រកបដោយភាពធន់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ អាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ។
លោកអះអាងថា៖«បន្ថែមលើសពីនេះ អនុសញ្ញានិងពិធីសារអាកាសយាន ក៏នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុងការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះ ដូចជា ក្រុមហ៊ុនប៊ូអ៊ុង (Boeing) របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនកូម៉ាក់ (COMAC) របស់ប្រទេសចិន លើលក្ខខណ្ឌអនុគ្រោះផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានកសាងទំនុកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់អាកាសយាន ដែលបាន ឬមានបំណងជួលអាកាសយានឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាផងដែរ»។
ទោះយ៉ាងណា ជាគោលការណ៍ ប្រសិនបើកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញា និងពិធីសារអាកាសយាននេះ កម្ពុជាក៏ត្រូវទទួលយកខ្លឹមសារនៃអនុសញ្ញា និងពិធីសារអាកាសយាននេះ ទាំងស្រុងដោយមិនអាចដាក់ខរក្សាសិទ្ធិ ឬធ្វើអញ្ញត្រកម្ម ណាមួយដែលផ្ទុយនឹងបទប្បញ្ញត្តិនៃអនុសញ្ញានិងពិធីសារអាកាសយាននេះឡើយ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានប្រទេសចំនួន ១២៤ បានចូលជារដ្ឋភាគីនៃអនុសញ្ញា និងចំនួន ១០៤ប្រទេសបានចូលជារដ្ឋភាគីនៃពិធីសារអាកាសយាននេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសចំនួន ៥ បានចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន រួមមាន ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០០៦, ឥណ្ឌូណេស៊ី ឆ្នាំ២០០៧, សិង្ហបុរី ឆ្នាំ២០០៩, មីយ៉ាន់ម៉ា ឆ្នាំ២០១៣ និងវៀតណាម ឆ្នាំ២០១៥។
របាយការណ៍ផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ឱ្យដឹងថា ទិន្នន័យបង្ហាញថា រយៈពេល ៥ខែដើមឆ្នាំ២០២៦ ចលនាជើងហោះហើរមានចំនួនសរុប ២៧ ៨៤៣ ជើង កើនឡើង ១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងអ្នកដំណើរមានចំនួន ២,៨៧ លាននាក់ ថយចុះ ៦%។ ដោយឡែកសម្រាប់បរិមាណទំនិញឆ្លងកាត់ គឺមាន ៣៨ ៩៥១ តោន កើនឡើង ៣៤%។
SSCA បានបញ្ជាក់ថា៖«គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ បណ្ដាញអាកាសចរណ៍អន្តរជាតិរបស់កម្ពុជាគ្របដណ្ដប់លើ ១៨ ប្រទេស និង ៤៦ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ដំណើរការជើងហោះហើរសរុប ១ ០២៤ ជើង/សប្ដាហ៍ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង ៣(លើកលែងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ)»៕
