ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ត្រូវចេញពីកម្ពុជា ក្នុងនោះ ជាង១ម៉ឺន៦ពាន់ពាក់ព័ន្ធ online scam។ នេះបើតាមលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានថ្លែងប្រាប់ទូរទស្សន៍ក្រសួងមហាផ្ទៃថ្មីៗនេះ។
យោងតាម លោក សុខ វាសនា ការបោសសម្អាតការឆបោកតាមអនឡាញយ៉ាងសកម្ម ត្រូវបានធ្វើឡើងនៅក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ ហើយសកម្មភាពនេះកំពុងបន្ត។ លោកថា ជនសង្ស័យជាច្រើនបានបែកសំបុកចេញពីមជ្ឈមណ្ឌលឆបោកធំៗ ប៉ុន្តែពួកគេមិនបានរត់ចេញពីកម្ពុជាទេ គឺបន្តលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីបន្តសកម្មភាពខុសច្បាប់នេះ។
លោកបន្តថា យោងតាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជាបានបើកចំហឲ្យអ្នកពាក់ព័ន្ធចាកចេញដោយខ្លួនឯងដោយស្ម័គ្រចិត្ត ប៉ុន្តែ ប្រសិនបើពួកគេមិនចេញដោយខ្លួនឯងទេ សមត្ថកិច្ចបានអនុវត្តតាមច្បាប់ ហើយអ្នកដែលចេញហើយ ត្រូវបានហាមមិនឲ្យចូលមកកម្ពុជាវិញនោះទេ។
លោក សុខ វាសនា ថ្លែងថា៖ «នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ដោយយើងមិនទាន់រាប់បញ្ចូលអ្នកស្ម័គ្រចិត្តចេញដោយខ្លួនឯង គ្រាន់តែអ្នកដែលយើងបណ្ដេញចេញគឺមានជាង ៤ម៉ឺន ៥ពាន់នាក់។ ប៉ុន្តែនៅក្នុងចំនួននេះ ពាក់ព័ន្ធនឹង online scam ដែលយើងបានបង្ក្រាបផ្ទាល់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពផ្សេងៗដែលចុះបង្ក្រាបនៅគ្រប់ទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយអភិបាលខេត្ត គឺមានជាង ១ម៉ឺន ៦ពាន់នាក់ ដែលពិតជាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបច្ចេកវិទ្យា»។
លោក សុខ វាសនា បន្តថា ចំនួនបណ្ដេញចេញជាង ៤ម៉ឺន៥ពាន់នាក់នេះ បើប្រៀបធៀបទៅគឺច្រើនជាងចំនួនជនបរទេសដែលត្រូវបានណ្ដេញចេញក្នុងរយៈពេល ១០ឆ្នាំ កន្លងទៅ។ ការបណ្ដេញចេញក្នុងចំនួនច្រើនបែបនេះ សមត្ថកិច្ចជួបបញ្ហាប្រឈមខ្លះដូចជា ការខ្វះឯកសាររបស់ជនដែលត្រូវបណ្ដេញចេញ។
បញ្ហាប្រឈមមួយទៀត គឺការចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់របស់ជនបរទេស តាមច្រកមិនផ្លូវការ ហើយអ្នកផ្ដល់សេវាស្នាក់នៅក៏មិនបានអនុវត្តច្បាប់ឲ្យបានជាក់លាក់ក្នុងការរាយការណ៍ទៅសមត្ថកិច្ចអំពីការចូលមកស្នាក់នៅរបស់ជនបរទេស៕
