Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»សភាប្រើភាសាបារាំងគាំទ្របូរណភាពទឹកដីកម្ពុជា អំពាវនាវដោះស្រាយបញ្ហាស្របតាមច្បាប់អន្តរជាតិ
    ព័ត៌មានជាតិ

    សភាប្រើភាសាបារាំងគាំទ្របូរណភាពទឹកដីកម្ពុជា អំពាវនាវដោះស្រាយបញ្ហាស្របតាមច្បាប់អន្តរជាតិ

    ហុង រស្មីBy ហុង រស្មីJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) បានអនុម័តសេចក្តីសម្រេចចិត្តមួយ បញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងរឹងមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

    សេចក្តីសម្រេចចិត្តនេះ ត្រូវបានអនុម័តក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ របស់ APF ដែលរៀបចំឡើងនៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់អង្គការនេះ។

    ក្នុងសេចក្តីសម្រេចចិត្ត APF បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍នៃសេចក្តីប្រកាសទីក្រុងបាម៉ាកូ និងទីក្រុងសាំង-បូនីហ្វាស ច្បាប់អន្តរជាតិ ព្រមទាំងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។ សេចក្តីសម្រេចចិត្តក៏បានលើកឡើងពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» និងតួនាទីរបស់ស្ត្រីក្នុងការបង្ការជម្លោះ និងកសាងសន្តិភាពប្រកបដោយចីរភាព។

    ដោយសំដៅទៅលើភាពតានតឹងដែលបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក APF បានសម្តែងការព្រួយបារម្ភចំពោះការបាត់បង់អាយុជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល របាយការណ៍ស្តីពីការរំលោភបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលមួយចំនួនស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

    សេចក្តីសម្រេចចិត្តក៏បានកត់សម្គាល់ជាពិសេសអំពី «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនា ព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ» ដែលត្រូវបានរាយការណ៍ថាកំពុងកើតមាននៅក្នុងតំបន់ជម្លោះ។

    យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា: “APF បានអំពាវនាវឱ្យគ្រប់ភាគីគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ជៀសវាងរាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលនាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥”។

    សភាប្រើភាសាបារាំងក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងបានរំឭកថា ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជាកេរដំណែលរួមរបស់មនុស្សជាតិ នឹងប៉ះពាល់ដល់ការកសាងសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សារវាងភាគីទាំងពីរ។

    បន្ថែមពីនេះ APF បានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនា និងការដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ជម្លោះ ព្រមទាំងបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ អង្គការនេះក៏បានគាំទ្រឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃវិលទៅរកភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន។

    ឆ្លើយតបនឹងការអនុម័តសេចក្តីសម្រេចចិត្តនេះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងតាងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូទាំងអស់នៃ APF ដែលបានគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីរបស់កម្ពុជា។

    លោកបានលើកឡើងថា: “ការអនុម័តនេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់សភាប្រើភាសាបារាំង ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពរបស់រដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី”។

    លោកបន្ថែមថា ការគាំទ្រនេះក៏ជាសារមួយផ្ញើទៅកាន់សហគមន៍អន្តរជាតិ អំពីសាមគ្គីភាព និងការទទួលខុសត្រូវរួមរបស់ប្រទេសសមាជិកហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

    នៅរសៀលថ្ងៃដដែល អង្គប្រជុំក៏បានបោះឆ្នោតជ្រើសរើស លោក អ៊ុច បូររិទ្ធ ជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់ APF សម្រាប់អាណត្តិពីរឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ដែលជាការបន្ថែមសមិទ្ធផលការទូតសភាមួយទៀតសម្រាប់កម្ពុជា នៅក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង។

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.